ប្រតិភូ​ជាង​២.០០០​នាក់​នៅជុំវិញ​ពិភពលោក​នឹង​មក​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក​២០១៩ ​នៅ​កម្ពុជា​

286
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​ប្រតិភូ​ជាង​២.០០០​នាក់​ដែល​រួមមាន​ថ្នាក់​ប្រធានាធិបតី​នាយករដ្ឋមន្ត្រី​សមាជិក​រដ្ឋសភា មកពី​ប្រទេស​ជាង​៥០ នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក​២០១៩(AsiaPacificSummit2019)​ដែល​កម្ពុជា​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​ពីថ្ងៃ​ទី​១៨​ដល់​២១​ខែវិច្ឆិកា​ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ ​សុខា​ និង​វិមាន​សន្តិ​ភាព​។​

​តាម​កម្មវិធី​ សម្តេច​តេ​ជោ​ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​អញ្ជើញ​ធ្វើជា​ប្រធាន​ដឹកនាំ​កិច្ចប្រជុំ​ដ៏​សំខាន់​នេះ​។​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​ការរៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក​២០១៩ នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៩ លោក ឯក ថា អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ថ្លែងឱ្យដឹងថា កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក​លើក​ទី​២ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នេះ នឹងមាន​ប្រតិភូ​មកពី​បណ្តា​ប្រទេស​នានា​ជុំវិញ​ពិភពលោក​ជាង ២.០០០​នាក់​ឯណោះ​។​

​កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក​២០១៩ នឹងត្រូវ​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​២១​ខែវិច្ឆិកា​ នៅ​រាជធានី​ភ្នំពេញ​។ តាម​ការគ្រោងទុក សម្តេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នឹង​អញ្ជើញ​ធ្វើជា​ប្រធាន​ដឹកនាំ​កិច្ចប្រជុំ​មួយ​នេះ​។​លោក​ឯក​ថា ​បានឱ្យដឹង​ទៀតថា​៖​ប្រតិភូ​ដែល​នឹងចូលរួម​កិច្ចប្រជុំ​កំពូល​លក្ខណៈ​សកល​មួយ​នេះ​រួមមាន​ប្រធានាធិបតី​ នាយករដ្ឋមន្ត្រី​ អតីត​ថ្នាក់ដឹកនាំ​ប្រទេស រដ្ឋសភា ព្រឹទ្ធសភា អង្គការក្រៅរដ្ឋាភិបាល ធុរកិច្ច​ជន សាកលវិទ្យាល័យ អង្គភាព​សារព័ត៌មាន អ្នកសិល្បៈ និង​ស្ថាប័ន​នានា​ជាច្រើន​ទៀត​។​

​លោក​អ៊ី​កណាត​ណា​កាល់​ អតីត​រដ្ឋមន្ត្រីក្រសួង​សន្តិភាព​និង​ការបង្កើត​ច្បាប់​ប្រទេស​នេ​ប៉ាល់​និង​នាយក UPF​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​បាន​អះអាងថា ​ប្រតិភូ​អន្តរជាតិ​ទាំងអស់​បាន​ចាប់អារម្មណ៍​ចង់​ទស្សនា​កម្សាន្ត​នៅ​តំបន់​ទេសចរណ៍​នានា​នៅក្នុង​ប្រទេស​កម្ពុជា​។​ក្នុងនោះ​ប្រាសាទអង្គរវត្ត​ដែលជា​ប្រាសាទ​ល្បីល្បាញ​លើ​ពិភពលោក​ស្ថិតនៅ​ខេត្តសៀមរាប ​គឺជា​គោលដៅ​សំខាន់​មួយ​ដែល​ប្រតិ​ទាំងនោះ​ចង់​ទៅលេង​កម្សាន្ត​បំផុត​។​

សូមបញ្ជាក់ថា ​កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក​លើក​ទី​១​ត្រូវបាន​ធ្វើឡើង​កាលពី​ឆ្នាំ​២០១៨ ​នៅ​ប្រទេស​នេ​ប៉ាល់ ក្រោម​អធិបតីភាព​លោក KP Sharma Oli នាយករដ្ឋមន្ត្រី​នេ​ប៉ាល់​។ កាលនោះ​មាន​ប្រតិភូ​ជាង ១៥០០​នាក់​មកពី​៤៥​ប្រទេស​។​

​គួរ​ជម្រាប​ផងដែរ​ថា ​UPF​គឺជា​អង្គការក្រៅរដ្ឋាភិបាល​មាន​តួនាទី​ផ្តល់​ប្រឹក្សា​ដល់​សេដ្ឋកិច្ច​និង​សង្គម​ដល់​អង្គការសហប្រជាជាតិ​។​UPF​មាន​សាខា​ជាង​១៥០​ប្រទេស​នៅ​ទូទាំង​ពិភពលោក​ដោយ​ផ្តោត​សំខាន់​លើ​ចំណុច​៦​ធំៗ​ដូចជា​៖១.​ពង្រឹង​នូវ​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្មវិធី​របស់អង្គការសហប្រជាជាតិ ។​២.​កសាង​សន្តិភាព​តាមរយៈ​អន្តរ​សាសនា​។​៣.​តាមរយៈ​សន្តិភាព​និង​ស្ថិរភាព​៤.​អំពី​អាពាហ៍ពិពាហ៍​និង​គ្រួសារ​៥.​អំពី​ការអភិវឌ្ឍ​ធនធានមនុស្ស​និង​ការអប់រំ​និង​៦.​អំពី​សេវាកម្ម និង​យុវជន​៕S/សរន/Ha

​ចំណងជើង​រូបថត​៖ សន្និសីទ​សារព័ត៌មាន​ស្តីពី​ការរៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក​២០១៩ នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៩(​រូប សុផល​)