ប្រតិភូ​ធុរកិច្ច​ដ៏​ធំ​ហុងកុង​មក​ស្វែងយល់​ការវិនិយោគ​នៅ​កម្ពុជា​

1000
ចែករម្លែក

ដោយៈ​ស៊ា ថាំង​/​ភ្នំពេញៈ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​ឲ្យ​ដឹងថា​គណៈប្រតិភូ​ពាណិជ្ជកម្ម​និង​សេដ្ឋកិច្ច​នៃ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​មួយក្រុម​ធំ​បាន​មកដល់​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃទី​១៩​មីនាឆ្នាំ​២០១៨​នេះ​ដើម្បី​ជួបពិភាក្សា​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​សិក្សា​ស្វែងយល់​ពី​ការរកស៊ី​និងការបណ្តាក់ទុន​វិនិយោគ​នៅ​កម្ពុជា​។​


មន្ត្រី​បាន​ប្រាប់ថា លោក​អ៊េ​ត​វឺ​ត យ៉ាវ លេខាធិការ​ទទួលបន្ទុក​កិច្ចការ​អភិ វឌ្ឍន៍​សេដ្ឋកិច្ច​និងពាណិជ្ជកម្ម​ហុងកុង​បាន​ដឹកនាំ​ក្រុម​អ្នកវិនិយោគ​ហុងកុង​ចំនួន​៦៩​រូប​មកពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​ហុងកុង ការិយាល័យ​សេដ្ឋកិច្ច និង ពាណិជ្ជកម្ម​ហុងកុង​ប្រចាំ​សាំង​ហ្គា​ពួរ​និង​តំណាង​ក្រុមហ៊ុន​ហុងកុង​ចំនួន​៣០​ក្រុមហ៊ុន​ទៀត​ខាង​សំណង់​វិស្វកម្ម ស្ថាបត្យកម្ម បច្ចេកវិទ្យា​និង​សេវាកម្ម​អាជីព ។​ប្រតិភូ​បាន​ជួបពិភាក្សា​ជាមួយ​លោក​សុខ​ចិន្តា​សោភា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​នៅ​ថ្ងៃទី​១៩​មីនាឆ្នាំ​២០១៨​នេះ​នៅ​ទីក្រុង​ភ្នំពេញ​ដើម្បី​ស្វែងយល់​ពី​បរិយាកាស​និង​កាលា​នុ​វត្ត​វិនិយោគ​នៅ​កម្ពុជា​។​

​លោក​សុខ​ចិន្តា​សុភា អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​ប្រាប់ ក្រុម​ធុរកិច្ច​ហុងកុងថា​រយៈពេល​ជាង​២​ទសវត្ស​នេះ​កម្ពុជា​សម្រេចបាន​នូវ​កំណើនសេដ្ឋកិច្ច​ជា​មធ្យម​៧,៧​ភាគរយ​ក្នុង​១​ឆ្នាំ​។​ការវិវត្តន៍​នេះ​បានធ្វើអោយ​វិនិយោគទុន​បរទេស​ទុកចិត្ត​ម​ឲ​និង​បាន​បណ្តាក់ទុន​លើ​គ្រប់​វិស័យ​រួមទាំង​វិស័យ​សំណង់​ផងដែរ​។​លោក​បាន​បន្ថែមថា​ខណៈ​នេះ​រដ្ឋាភិបាល​កម្ពុជា​កំពុង​ប្តេជ្ញា​អនុវត្ត​នូវ​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​ឆ្នាំ​២០១៥-២០២៥​ដែល​ក្នុងនោះ​តម្រូវ​ឲ្យ​ក្រុមប្រឹក្សា​​​អភិវឌ្ឍន៍​កម្ពុជា​ត្រូវ​ធ្វើការ​ច្រើន​ថែមទៀត​ដើម្បី​រក្សាបាន​នូវ​ឧត្តមភាព​ប្រកួតប្រជែង​របស់​កម្ពុជា​ក្នុង​តំបន់​និង​ច្បាម​យក​ឧកាស​មាស​។​លោក​បាន​បន្ថែមថា​ទន្ទឹមនេះ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​ប្រឹងប្រែង​កែលំអ​បរិស្ថាន​វិនិយោគ​ច្រើនណាស់​តាមរយៈ​ការគិតគូរ​រៀបចំ​ច្បាប់​វិនិយោគពាក់ព័ន្ធ​តំបន់​សេដ្ឋកិច្ច​ពិសេស​ដើម្បី​ទាក់ទាញ​លំហូរ​វិនិយោគ​ថ្មីៗ​។​លើសពីនេះ​កម្ពុ​ជាមាន​កម្លាំងពលកម្ម​ថ្មី​និង​សំបូរបែប​ហើយ​កម្លាំង​នេះ​នឹង​បន្ត​មាន​កំណើន​ក្នុង​រយៈពេល​២​ទៅ​៣​ទសវត្ស​ទៅមុខទៀត​។​

​លោក​អ៊េ​ត​វឺ​ត​យ៉ាវ​ប្រធាន​គណៈប្រតិភូ​ពាណិជ្ជកម្ម​និង​សេដ្ឋកិច្ច​នៃ តំបន់ រដ្ឋបាល​ពិសេស​ហុងកុង​បាន​សាទរ​ចំពោះ​ការរីកចំរើន​ខាង​ផ្នែក​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​និង​បាន​សន្យា​អំពី​ការខិតខំ​ក្នុងការ​ទាក់ទាញ​អ្នក​និ​វិយោគ​ហុងកុង​អោយមក​បណ្តាក់ទុន​នៅ​កម្ពុជា​អោយបាន​ច្រើនឡើង​បន្ថែមទៀត​ដើម្បី​បន្ត រឹតចំណង​មិត្តភាព និង​ទំនាក់ទំនង​ខាង​ផ្នែក សេដ្ឋកិច្ច​នៃ​ប្រជាជាតិ​ទាំងពីរ​។​

​យោងតាម​ការកត់ត្រារ​បស់​ក្រុម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​ឲ្យ​ដឹងថា ការវិនិយោគ​របស់​ហុងកុង​នៅ​កម្ពុជា​ពី​ឆ្នាំ​១៩៩៤ ដល់​ឆ្នាំ​២០១៧​កន្លងទៅ មាន​ចំនួន​២៥៧​គម្រោង​មាន​ទុនវិនិយោគ​សរុប​ប្រមាណ​១,៣៣​ពាន់​លាន​ដុល្លារ​អាមេរិក​ស្មើនឹង ២,១៤% នៃ​ទុន​វិ​និ យោគ​សរុប​។ ដោយឡែក​ការវិនិយោគ​របស់​ហុងកុង​ក្នុង​ឆ្នាំ​២០១៧ គឺមាន​ចំនួន ១៣​គម្រោង ក្នុង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ ស្បែកជើង កាបូប និង​ឧស្សាហកម្ម​ដទៃទៀត ក្នុង​ទឹកប្រាក់ វិនិយោគ​ប្រមាណ ៨៥​លាន​ដុល្លារ​អាមេរិក ស្មើនឹង ១.៦៤% នៃ​ទុនវិនិយោគ​សរុប​ឆ្នាំ​២០១៧៕MN

ប្រតិភូ​ធុរកិច្ច​ដ៏​ធំ​ហុងកុង​មក​ស្វែងយល់​ការវិនិយោគ​នៅ​កម្ពុជា​(រូបក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា)