ប្រទេសជាតិ​មាន​សន្តិភាព​ភាព​ការបង្កើត​ក្តីសប្បាយ​អាចធ្វើ​ឡើង​គ្រប់​ទីកន្លែង​

1086
ចែករម្លែក

​ដោយ: បូ​គក​គោ / កំពត​: កាលណា​ប្រទេសមួយ​មាន​សន្តិភាព​ពេញ​បរិបូណ៌ ការបង្កើត​ភាពសប្បាយ​រីករាយ​សម្រាប់​ប្រជាពលរដ្ឋ​អាចធ្វើ​បាន​គ្រប់ពេលវេលា​គ្រប់​ទីកន្លែង​។ ជាធម្មតា មិនដែល​ទេសចរ​ណា​ម្នាក់​ទៅលេង​កម្សាន្ត​នៅ​តំបន់​សង្គ្រាម​នោះឡើយ​។

​ថ្លែង​បើក​ការប្រណាំង​ទូក​ក្នុង​ព្រែក​កំពង់បាយ ក្រុង​កំពត​ដើម្បី​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក​ប្រពៃណីជាតិ កាលពី​កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ ២០១៨ លោក​ជាវ តា​យ អភិបាលខេត្ត​កំពត​បា​ន​មានប្រសាសន៍ថា​កាលណា​ប្រទេសមួយ​មាន​សន្តិភាព​ពេញ​បរិបូណ៌ ការបង្កើត​ភាពសប្បាយ​រីករាយ​សម្រាប់​ប្រជាពលរដ្ឋ​របស់ខ្លួន​អាច​ធ្វើបាន​គ្រប់ពេលវេលា​គ្រប់​ទីកន្លែង​។ ជាធម្មតា មិនដែល​ភ្ញៀវទេសចរ​ណា​ម្នាក់​ហ៊ាន​ប្រថុយ​ប្រ​ថា​យក​ជីវិត​ទៅ​ផ្សងព្រេង​ដើម្បី​ទស្សនា​កម្សាន្ត​នៅ​តំបន់​កំពុង​កើតមាន​សង្គ្រាម​នោះឡើយ​។

​លោក​អភិបាលខេត្ត​បាន​បន្តថា​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​ធ្វើឱ្យ​ប្រទេសជាតិ​មាន​សុខសន្តិភាព ស្ថេរភាព​នយោបាយ និង​អភិ​វ​ឌុ្ឍ​គ្រប់​ទីកន្លែង​។ ដោយសារ​កត្តា​នោះ​ហើយ ទើប​ថ្ងៃនេះ រដ្ឋបាល​ខេត្តកំពត​មានឱកាស​រៀបចំ​ការប្រណាំង​ទូក​សមុទ្រ ដើម្បី​បង្កើត​ភាពសប្បាយ​រីករាយ​ជូន​ភ្ញៀវ​ជិត​ឆ្ងាយ និង​ក្នុង​បំណង​ចូលរួម​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក​ប្រពៃណីជាតិ​ខ្មែរ​នា​ថ្ងៃទី​២១​ដល់​ថ្ងៃទី​២៣​ខែ​វិច្ឆិក​ខាងមុខ​។ លោក​ជាវ តា​យ​បានបញ្ជាក់​ទៀតថា​ការបង្កើត​ព្រឹ​ត្ត​ការណ៍​នេះ​គឺជា​ការ​រំលឹក និង​បង្ហាញ​ដល់​ភ្ញៀវ​ជិត​ឆ្ងាយ​នូវ​ប្រពៃណី​វប្បធម៌​ជាតិ​ដែលមាន​ជា​យូរលង់ ហើយ​ដូនតា​ខ្មែរ​បាន​បន្ត​ថែរក្សា​យ៉ាង​ខ្ជាប់ខ្ជួន​រៀងមក​៕ ល​

#