ប្រទេសមួយមាន​សណ្តាប់ធ្នាប់​ល្អ​និង​រីកចម្រើន​​អាស្រ័យ​លើ​ពលរដ្ឋ​មានចំណេះដឹង​

539
ចែករម្លែក

ដោយៈ​បូកគោ​/​កំ​ពតៈ​”​ត្រឹមតែ​ថ្នាក់ដឹកនាំ​មិនអាច​ធ្វើឱ្យ​ប្រទេស​ពោរពេញ​ដោយ​សណ្តាប់ធ្នាប់​ល្អ និង​សង្គមជាតិ​រីកចម្រើន​បានទេ​។​គឺ​ផ្អែកលើ​ពលរដ្ឋ​ចូលរួម​ទាំងអស់គ្នា​ដោយ​ប្រើប្រាស់​ចំណេះដឹង​ដែល​បានមក​ការសិក្សា​”​។​ថ្លែង​ក្នុង​ពិធី​បើក​ការប្រឡង​កម្រិត​អន្តរជាតិ​នៃ​កម្មវិធី​យូ​ស៊ី​ម៉ាស់​កម្ពុជា​នៅ​សាលសន្និសីទ​ខេត្តកំពត​កាលពី​ព្រឹក​ថ្ងៃទី​៣១​ខែសីហា​ឆ្នាំ​២០១៩​។​

​លោក​ភូ​លិ​អភិបាលរង​ខេត្តកំពត​បាន​មានប្រសាសន៍ថា​ប្រទេសមួយ​អាច​រីកចម្រើន​បាន​អាស្រ័យ​លើ​ការចូលរួម​របស់​ប្រជាពលរដ្ឋ​ចាប់ពី​ថ្នាក់​តូចតាច​ដែលមាន​ចំណេះដឹង​បានមក​ពី​ការសិក្សា​ពិតប្រាកដ​។​មិនមែន​ត្រឹម​រដ្ឋមន្ត្រី​ឧបនាយករដ្ឋមន្ត្រី​ឬ​នាយករដ្ឋមន្ត្រី​តែមួយ​ចំណែក​ដឹកនាំ​ធ្វើឱ្យ​សង្គមជាតិ​ទាំងមូល​ពោរពេញ​ទៅដោយ​សណ្តាប់ធ្នាប់​ល្អ និង​អភិវឌ្ឍ​ឆាប់រ​ហ័យ​បានឡើយ​។

​លោក​អភិបាលរង​ខេត្ត​បាន​បញ្ជាក់ថា​នៅ​បណ្តា​ប្រទេស​ជឿនលឿន​បើ​និយាយ​តែមួយ​ផ្នែក​លើ​បញ្ហា​អនាម័យ បរិស្ថាន គឺ​គេ​អប់រំ​បណ្តុះ​គំនិត​ចាប់ពី​ក្នុង​ស្រទាប់​កុមារភាព​ឱ្យ​យល់ដឹង​លើ​ការ​ទុកដាក់​សំរាម ឬ​កាកសំណល់​ដោយ​មិន​បោះចោល​ពាសវាល​ពាសកាល​ប៉ះពាល់​ដល់​សោភ័ណភាព​និង​សុខភាព​ប្រជាពលរដ្ឋ​ទូទៅ​នោះ​។​ម្ល៉ោះហើយ​ទាំង​សម្លៀកបំពាក់​ទាំង​ទ្រនាប់ជើង​បើ​ត្រឹមតែ​ប្រើប្រាស់​រយៈពេល​មួយ​សប្តាហ៍​ក៏​មិនអាច​ធុំក្លិន​ឬ​ប្រឡាក់​ធូរ​លី​បានដែរ​។​

​លោក​ភូ​លិ​បាន​បន្តថា​ចំពោះ​ការបណ្តុះបណ្តាល​កម្មវិធី​យូ​ស៊ី​ម៉ាស់​ដែល​ផ្តោតលើ​ការ​គណនា​លេខ​បាន​ឆាប់រហ័ស​នោះ​ជា​រឿង​ប្រពៃ​បំផុត​ព្រោះ​ប្រទេស​ជឿនលឿន​ពិសេស​កូរ៉េខាងត្បូង​គេ​បាន​អនុវត្ត​កម្មវិធី​នេះ​តាមរយៈ​ការ​បង្វឹក​ដល់​អ្នកសិក្សា​ឱ្យ​ចេះ​ប្រើ​ខួរក្បាល​ទាំងសងខាង​ក្នុងពេល​តែមួយ​។​កម្ពុជា​ប្រៀបបាន​នឹង​កូនក្រមុំ​ដែលជា​គោលដៅ​នៃ​ការ​ញាំញី​ដោយ​ប្រទេស​មហាអំណាច​ខណៈពេល​ប្រាជ្ញា​ស្មារតី​របស់​ប្រជាពលរដ្ឋ​ហាក់​នៅ​ដើរ​មិនទាន់បាន​លឿន​។​

​ដូច្នេះ​សំណូមពរ​ដល់​គណៈ​គ្រប់គ្រង​យូ​ស៊ី​ម៉ាស់​កម្ពុជា​បង្កើន​កម្មវិធី​កម្រិត​អន្តរជាតិ​នេះ​ឱ្យបាន​ដល់​លំដាប់​យុវជន​បន្ថែម​ពីលើ​ថ្នាក់​កុមារ​ក្នុង​សាលា​ឯកជន​របស់ខ្លួន​ដែលមាន​ដូច​សព្វថ្ងៃ​ស្របតាម​ការគិតគូរ​ពី​ក្រសួង​លើ​កិច្ចការ​អប់រំ​បែប​ទំនើប​។​

កញ្ញា​ហេង​រចនា​នាយិកា​គ្រប់គ្រង​យូ​ស៊ី​ម៉ាស់​កម្ពុជា​បាន​បញ្ជាក់ថា​ការប្រឡង​កម្រិត​អន្តរជាតិ​ឆ្នាំ​២០១៩​នឹង​ផ្តល់ឱកាស​ដល់​សិស្ស​នៃ​កម្មវិធី​យូ​ស៊ី​ម៉ាស់​ប្រកួត​សមត្ថភាព​លើ​វិញ្ញាសា​គំនិត​ប្រាជ្ញា​។​ការគិត​លេខ​ចំនួន​១១​កម្រិត​ខុសៗ​គ្នា​ដើម្បី​ទទួល​វិញ្ញាបនបត្រ​នៅ​ប្រទេស​ម៉ាឡេស៊ី​ក្រោម​កិច្ច​ទទួលស្គាល់​ពី​៨០​ប្រទេស​ក្នុង​ពិភពលោក​។​

​នេះ​ក៏​ជា​កត្តា​ជំរុញ​ឱ្យ​ការរៀនសូត្រ​រឹតតែ​ខ្លាំង​ឡើង​ព្រមទាំង​ពង្រឹងគុណភាព​ឱ្យ​កាន់តែ​ល្អប្រសើរ​ដើម្បី​បង្កើន​ក្តី​ជឿជាក់ និង​ភាពក្លាហាន​របស់​កុមារ​កម្ពុជា​គ្រប់ៗ​រូប​៕S/​