ប្រទេស​កម្ពុជា មាន​សក្ដានុពល​ច្រើន​ក្នុងការ​ទាក់ទាញ​អ្នកវិនិយោគ​

761
ចែករម្លែក

ដោយ​: ពៅ និមល / ភ្នំពេញ​: មន្ត្រីជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​មានប្រសាសន៍ថា កម្ពុជា​ជា​ប្រទេសមួយ​ក្នុង​តំបន់​ទន្លេមេគង្គ ដែលមាន​សក្ដានុពល និង​កាលា​នុ​វត្ដ​ភាពជា​ច្រើន ក្នុងការ​ទាក់ទាញ​អ្នកវិនិយោគ ដោយ​ភាព​អំណោយផល នៃ​ស្ថិរភាព​នយោបាយ និង​មាន​សន្ដិសុខ​ពេញលេញ​នៅក្នុង​ប្រទេស​។​

​នៅក្រោយ​ពិធី​សម្ពោធ​សាលា​មធ្យមសិក្សា​បច្ចេកទេស​និង​វិជ្ជាជីវៈ ផ្លូវ​សូត្រ​កម្ពុជា វ៉េ​ន​ចូ​វ យ៉ា​ឡុង នៅ​វិទ្យាស្ថាន​ជាតិ​បណ្ដុះបណ្ដាល​បច្ចេកទេស (NTTI) កាលពី​ព្រឹក​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៨ លោក​បណ្ឌិត ពេ​ជ សោភ័ន រដ្ឋលេខាធិការ​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បានបញ្ជាក់​ប្រាប់​អ្នក​សារ​ព័ត​មាន​ថា បច្ចុប្បន្ន​កម្ពុជា​ជា​ប្រទេសមួយ​ក្នុង​តំបន់​ទន្លេមេគង្គ ដែលមាន​សក្ដានុពល​និង​កាលា​នុ​វត្ដ​ភាពជា​ច្រើន ក្នុងការ​ទាក់ទាញ​អ្នកវិនិយោគ​ដោយ​ភាពអំណោយ​ផល​នៃ​ស្ថិរភាព​នយោបាយ សន្ដិសុខ​ពេញលេញ​នៅក្នុង​ប្រទេស បានធ្វើ​ឲ្យ​កម្ពុជា​ស្ថិត​លើ​គន្លង នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​តាមរយៈ​កំណើនសេដ្ឋកិច្ច​គួរ​ឲ្យ​ស្ញប់ស្ញែង និង​កំណែទម្រង់​មួយចំនួន​។​

​លោក​បណ្ឌិត​លើកឡើង​បន្តថា ប្រព័ន្ធ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស​និង​វិជ្ជាជីវៈ កំពុង​ស្ថិតនៅលើ​បន្ទាត់​នៃ​គោលនយោបាយ​អភិវឌ្ឍ​ឧស្សាហកម្ម (IDP) ដែល​ទាមទា​ឲ្យ​មានការ​ទទួលខុសត្រូវ​ខ្ពស់ ក្នុងការ​ផ្ដល់​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស ដើម្បី​ឆ្លើយតប​ទៅនឹង​ទីផ្សារ​ឧស្សាហកម្ម​ដែល​បានរួម​ចំណែក​ដ៏​សំខាន់​ក្នុង​ការជំរុញ​និង​បង្កើន​សេដ្ឋកិច្ចជាតិ តាមរយៈ​ផ្ដល់​ជំនាញ​ជាក់លាក់​ទៅដល់​យុវជន​ដែលជា​កម្លាំង​ស្នូល​។​លោក​បាន​បន្ថែមថា ដូច្នេះ​ក្រសួង​ការងារ​សង្ឃឹមថា តាមរយៈ​ការបង្កើត​សាលា​មធ្យមសិក្សា​ខាងលើ គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​និង​ទាន់ពេលវេលា ដើម្បី​ចូលរួមចំណែក​ក្នុង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​។​

​តាម​ការបញ្ជាក់​របស់​លោក យ៉ោ​ក សុ​ទ្ធី នាយក​វិទ្យាស្ថាន​ជាតិ​បណ្ដុះបណ្ដាល​បច្ចេកទេស បាន​ឲ្យ​ដឹងថា សាលា​មធ្យមសិក្សា​បច្ចេក​ទេស​និង​វិជ្ជាជីវៈ ផ្លូវ​សូត្រ​កម្ពុជា វ៉េ​ន​ចូ​វ យ៉ា​ឡុង​នេះ ត្រូវបាន​បំពាក់​ដោយ​សម្ភារ បិ​រ​ក្ខា​រ ទំនើបៗ ដែលមាន​តម្លៃ​ជាង​១០​ម៉ឺន​ដុល្លារ​អាម៉េរិក សម្រាប់​បណ្ដុះបណ្ដាល​លើ​ជំនាញ​អគ្គិសនី និង​អេ​ឡិច​ត្រូ​និ​ច ដែលជា​អំណោយ​ផ្ទាល់​ពី​ក្រុមហ៊ុន Yalong Intelligent Equipment Group Co.,LTD នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ សាលា​នេះ ក៏​នឹង​ដើរតួនាទី​ដ៏​សំខាន់​ក្នុង​វិស័យ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស​និង​វិជ្ជាជីវៈ និង​ការផ្ទេរ​នូវ​បច្ចេកវិទ្យា​ទំនើប​ឈានមុខ​គេ​ដល់​យុវជន​កម្ពុជា ដែល​នឹងចូលរួម​បង្កើត នូវ​ផលិតភាព​ការងារ និង​សមត្ថភាព​រកប្រាក់​ចំណូល​របស់​ពួកគេ ព្រមទាំង​ចូលរួម​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​កម្ពុជា​ផងដែរ​។​

​សាលា​មធ្យមសិក្សា​បច្ចេក​ទេស​និង​វិជ្ជាជីវៈ ផ្លូវ​សូត្រ​កម្ពុជា វ៉េ​ន​ចូ​វ យ៉ា​ឡុង ដែល​សម្ពោធ​នាពេលនេះ​គឺជា​មជ្ឈមណ្ឌល​មួយ​ដែល​កើតឡើង​ដោយ​កិច្ចសហប្រតិបត្តិការ​រ​វាង​បី​ភាគី រួមមាន​៖ វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស NTTI WZVCTC និង​ក្រុមហ៊ុន​យ៉ា​ឡុង ដោយ​ផ្តួចផ្តើម​គំនិត​បង្កើត​ឲ្យ​មាន​លើកដំបូង​នៅ​ប្រទេស​កម្ពុជា ស្របតាម​គោលនយោបាយ​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ របស់​ប្រធានាធិបតី​ចិន ហើយក៏​ជា​កិច្ច​រឹតចំណង​មិត្តភាព​ឲ្យ​កាន់តែ​រឹងមាំ រវាង​ប្រទេស​ទាំងពីរ​ដែលមាន​ប្រ​វិត្ត​ដ៏​យូរលង់​មកហើយ​៕