ប្រទេស​កូរ៉េ នឹង​បន្ត​ជួយ​កម្ពុជា​ពី​គម្រោង​អភិវឌ្ឍ​ប្រព័ន្ធ​សេវា​ការងារ​សាធារណៈ

521
ចែករម្លែក

ដោយ​: ដេប៉ូ​
​ភ្នំពេញ​:
ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ជាមួយនឹង​ក្រសួង​ការងារ និង​មុខរបរ​នៃ​សាធារណរដ្ឋ​កូរ៉េ បាន​ចុះ​កិច្ចព្រមព្រៀង​គ្នា​មួយ​លើ​ការដាក់ឱ្យ​ដំណើរការ​អនុវត្ត​គម្រោង «​ការអភិវឌ្ឍ​ប្រព័ន្ធ​ផ្តល់​សេវា​ការងារ​សាធារណៈ ឬ​ហៅថា PES System» ក្រោម​គម្រោង Korea-Cambodia WorkNet ដំណាក់កាល​ទី​២ (២០១៩-២០២០)​។​

​កិច្ចព្រមព្រៀង​នេះ​ត្រូវបាន​ចុះហត្ថលេខា​ដោយ​លោក ហៃ ហ៊ុន​ឡេង ប្រធាន​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ​(NEA) ជាមួយ​លោក យ៉ាង ស៊ុ​ង​ជុន (Yang Seung-jun) ប្រធាន​នាយកដ្ឋាន​សហប្រតិបត្តិ ការអភិវឌ្ឍ នៃ​ក្រសួង​ការងារ និង​មុខរបរ នៃ​សាធារណរដ្ឋ​កូរ៉េ​កាលពី​រសៀល​ថ្ងៃទី​២៤​ខែមិថុនា​ឆ្នាំ​២០១៩​។

​មុន​ពិធី​ចុះហត្ថលេខា​នេះ លោក​អ៊ិត សំហេង បាន​ជួបពិភាក្សា​ជាមួយ​លោក យ៉ាន ស៊ុ​ង​ជុន ដោយ​ផ្ដោតលើ​កិច្ចសហប្រតិបត្តិកា​រវិ​ស័​យ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​រវាង​កម្ពុជា និង​សាធារណរដ្ឋ​កូរ៉េ​។

នាឱកាស​នោះ លោក​អ៊ិត​សំហេង បាន​លើកឡើងថា នាពេល​កន្លងមក កម្ពុជា​-​កូរ៉េ​មាន​ទំនាក់ទំនង​ល្អ​ជាមួយគ្នា និង​ជា​ដៃគូ​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ្ធ ដោយ​ភាគី​កូរ៉េ​បានទទួល​ពលករ​កម្ពុ​ជា​ទៅ​ធ្វើការ​នៅ​ទីនោះ​ជា​បន្តបន្ទាប់ រហូតដល់់​ពេលបច្ចុប្បន្ន​ចំនួន​ពលករ​កម្ពុជា ដែល​ទៅធ្វើ​ការ​នៅ​ប្រទេស​សាធារណរដ្ឋ​កូរ៉េ បាន​កើន​ដល់​ប្រមាណ​ជិត ៦​ម៉ឺន​នាក់​។

ពាក់ព័ន្ធ​នឹង​គម្រោង «​ការអភិវឌ្ឍ​ប្រព័ន្ធ​ផ្តល់​សេវា​ការងារ​សាធារណៈ ឬ​ហៅថា PES System» នេះ ត្រូវបាន​លោក​អ៊ិត សំហេង គាំទ្រ និង​លើកទឹកចិត្ត​យ៉ាង​ពេញទំហឹង និង​បាន​ស្នើឱ្យ​ក្រុមការងារ​បច្ចេកទេស​ទាំង​ពីរ​ភាគី ខិតខំ​ធ្វើ​ការងារ​ឱ្យបាន​ជិតស្និទ្ធ ដើម្បី​សម្រេចបាន​ជោគជ័យ​សម្រាប់​ប្រទេសជាតិ​ទាំងពីរ កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េ​។​

​លោក យ៉ាង ស៊ុ​ង​ជុន ក៏បាន​កោតសរសើរ​ស​ម​ត្ថ​ភាព​ការងារ​របស់​ពលករ​កម្ពុជា ដែល​តែងតែមាន​ភាព​ឧស្សាហ៍​ព្យាយាម ចេះ​អត់ធ្មត់​នឹង​ការងារ ព្រមទាំង​មាន​អត្ត​ចរិតល្អ​ចំពោះ​អ្នក​រួម​ការងារ​ថែមទៀត​។ នេះ​ជា​មូលហេតុ​ដែល​កូរ៉េ​នៅតែ​បន្ត​ទទួល​ពលករ​កម្ពុជា​ឱ្យទៅ​ធ្វើការ​នៅ​សាធារណរដ្ឋ​កូរ៉េ​៕ ល​

#