ប្រទេស​ចិន​ប្រកាស​របាយការណ៍​សេដ្ឋកិច្ច​ឆមាស​ទី ១ ឆ្នាំ ២០១៩ ៖ ប្រទេស​ចិន សម្រេច​កំណើនសេដ្ឋកិច្ច ៦,៣%

671
ចែករម្លែក

តាម​ស្ថិតិ​ពី​អាជ្ញាធរ​ជាតិ​ស្ថិតិ​ចិន ដែល​ប្រកាស​នៅ​ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០១៩ នៅ​ឆមាស​ទី ១ នៃ​ឆ្នាំ ២០១៩ ទំហំ GDP របស់​ប្រទេស​ចិន​មាន​ចំនួន ៤៥.០៩៣.៣០០ លាន​យាន់ កើនឡើង ៦,៣% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ ២០១៨ ។ លោក ម៉ៅ ស៊ឺង​យ៉ុង អ្នកនាំពាក្យ​ព័ត៌មាន​នៃ​អាជ្ញាធរ​ជាតិ​ស្ថិតិ​ចិន បាន​បញ្ជាក់ថា និយាយ​ជាទូទៅ ប្រទេស​ចិន​បាន​រក្សា​កំណើនសេដ្ឋកិច្ច​ដែលមាន​លក្ខណៈ​សម​ហេតុ ផល​នៅ​ឆមាស​ទី ១ នៃ​ឆ្នាំ ២០១៩ ដែល​បាន​រក្សា​នូវ​និន្នាការ​អភិវឌ្ឍន៍​ដែល​ប្រកប ដោយ​ស្ថិរភាព ។​

-​កំណើន GDP ៖ ៦,៣%
​នៅ​ឆមាស​ទី ១ នៃ​ឆ្នាំ ២០១៩ ប្រទេស​ចិន​បានសម្រេច​កំណើន GDP ៦,៣% ។ បើ​គួបផ្សំ​នឹង​សូចនាករ​អំពី​ការផ្តល់​ឱកាស​ការងារ និង​តម្លៃ​ទំនិញ​ជាដើម​ប្រទេស​ចិន បាន​រក្សា​កំណើនសេដ្ឋកិច្ច ដែលមាន​លក្ខណៈ​សម​ហេតុផល និង​បាន​ជាប់​លំដាប់ ថ្នាក់​ឈានមុខ​ក្នុងចំណោម​សេដ្ឋកិច្ច​សំខាន់​ផ្សេងៗ​លើ​ពិភពលោក ។​

-​ការវិនិយោគ ៖ កើនឡើង ៥,៨%
​នៅ​ឆមាស​ទី ១ នៃ​ឆ្នាំ ២០១៩ ទំហំ​វិនិយោគ​លើ​អចលនទ្រព្យ​ទូទាំងប្រទេស​ចិន​បាន កើនឡើង ៥,៨% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ ២០១៨ ។ នៅ​ខែមិថុនា ទំហំ​វិនិយោគ​លើ​អចលនទ្រព្យ​បាន​កើនឡើង ០,៤៤% ។ ការវិនិយោគ​លើ​វិស័យ ឧស្សាហកម្ម​ផលិតកម្ម​បច្ចេកទេស​កម្រិត​ខ្ពស់​បាន​កើនឡើង ១០,៤%​ដែលមាន​កំណើន ខ្ពស់ជាង​កំណើន​នៃ​ការវិនិយោគ​ទូទៅ ៤,៦% ។ ការវិនិយោគ​លើ​វិស័យ​សេវាកម្ម បច្ចេកទេស​កម្រិត​ខ្ពស់​បាន​កើនឡើង ១៣,៥%​ដែលមាន​កំណើន​ខ្ពស់ជាង​កំណើន​នៃ ការវិនិយោគ​ទូទៅ ៧,៧% ។​

-​ការចំណាយ ៖ ពាណិជ្ជកម្ម​លក់រាយ​ប្រដាប់​ប្រើប្រាស់​ប្រចាំថ្ងៃ​មាន​ទំហំ​សរុប​ជិត ២០ ទ្រី​លាន​យាន់

​នៅ​ឆមាស​ទី ១ ឆ្នាំ ២០១៩​ពាណិជ្ជកម្ម​លក់រាយ​ប្រដាប់​ប្រើប្រាស់​ប្រចាំថ្ងៃ​ក្នុងសង្គម ចិន​មាន​ទំហំ​សរុប ១៩.៥២១.០០០ លាន​យាន់ កើនឡើង ៨,៤% ។ ក្នុងចំណោម​ការ ចំណាយ​លើ​វិស័យ​ផ្សេងៗ​របស់​ប្រជាពលរដ្ឋ​ចិន​ការចំណាយ​លើ​វិស័យ​សេវាកម្ម​មាន ចំនួន ៤៩,៤% កើនឡើង ០,៦% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ ២០១៨ ។ ទំហំ​នៃ​ការលក់​រាយ​តាម​បណ្តាញ​អ៊ី​ន​ធើ​ណេ​ត​មាន​ចំនួន ៤.៨១៦.១០០ លាន​យាន់ កើនឡើង ១៧,៨% ។​

-​ពាណិជ្ជកម្ម​អន្តរជាតិ ៖ ទំហំ​នាំចេញ​នាំចូល​កើនឡើង ៣,៩%
​ក្រោម​បរិការណ៍​ដែល​ប្រទេស​ចិន និង​អាមេរិក​មានការ​ប៉ះទង្គិច​គ្នា​លើ​វិស័យ ពាណិជ្ជកម្ម ប្រទេស​ចិន​បានសម្រេច​ទំហំ​ពាណិជ្ជកម្ម​នាំចេញ​នាំចូល ១៤,៦៧ ទ្រី​លាន​យាន់​នៅ​ឆមាស​ទី ១ នៃ​ឆ្នាំ ២០១៩ កើនឡើង ៣,៩% ។ ក្នុងនោះ​ការនាំចេញ មាន​ទំហំ ៧៩៥ ទ្រី​លាន​យាន់ កើនឡើង ៦,១% ចំណែក​ការនាំ​ចូល​មាន​ទំហំ ៦,៧២ ទ្រី​លាន​យាន់ កើនឡើង ១,៤% ។​

-​ទុនវិនិយោគ​បរទេស ៖ ក្រុមហ៊ុន​ទុនវិនិយោគ​បរទេស​ដែល​ទើប​បង្កើត​ជាថ្មី​មាន​ចំនួន​ជាង ២ ម៉ឺន​ក្រុមហ៊ុន​
​តាម​ទិន្នន័យ​ពី​ក្រសួងពាណិជ្ជកម្ម​ចិន​បានឱ្យដឹងថា ក្នុងអំឡុងពេល​ពី​ខែមករា​ដល់ ខែមិថុនា​ឆ្នាំនេះ ក្រុមហ៊ុន​ទុនវិនិយោគ​បរទេស​ដែល​ទើប​បង្កើត​ជាថ្មី​នៅ​ប្រទេស​ចិន មាន​ចំនួន ២០១៣១ ក្រុមហ៊ុន ដែល​ប្រើ​ទុនវិនិយោគ​បរទេស ៤៧៨.៣៣០ លាន​យាន់​ប្រាក់​ចិន កើនឡើង ៧,២% ។​

-​ចំណូល ៖ កើនឡើង ៨,៨%
​នៅ​ឆមាស​ទី ១ នៃ​ឆ្នាំ ២០១៩ ចំណូល​ជា​មធ្យម​របស់​ប្រជាជន​ទូទាំងប្រទេស​ចិន មាន​ចំនួន ១៥២៩៤ យាន់ កើនឡើង ៦,៥%(​គិត​បញ្ចូល​នូវ​កត្តា​តម្លៃ​ទំនិញ​)​ខ្ពស់ជាង កំណើន GDP ០,២% ។ អត្រា​ប្រៀបធៀប​រវាង​ចំណូល​ប្រជាជន​ក្នុង​ទីក្រុង​និង​នៅ តំបន់​ជនបទ​គឺ ២,៧៤ ។ អត្រាកំណើន​ចំណូល​ប្រជាជន​នៅ​តំបន់​ជនបទ​មាន​កម្រិត ខ្ពស់ជាង ប្រជាជន​ក្នុង​ទីក្រុង ។​

-​ការផ្តល់​ឱកាស​ការងា​រ ៖ ផ្តល់ឱកាស​ការងារ​ថ្មី​ដល់​ប្រជាជន ៧,៣៧ លាន​នាក់
​នៅ​ឆមាស​ទី ១ នៃ​ឆ្នាំ ២០១៩ ប្រទេស​ចិន​បានផ្តល់​ឱកាស​ការងារ​ថ្មី​ដល់​ប្រជាជន ៧,៣៧ លាន​នាក់ សម្រេច​គោលដៅ​ប្រចាំឆ្នាំ ៦៧% ។ នៅ​ខែមិថុនា​អត្រា​អត់​ការងារ ធ្វើ​ក្នុង​ទីក្រុង​ទូទាំងប្រទេស​ចិន​គឺ ៥,១% ក្នុងនោះ​អត្រា​អត់​ការងារ​ធ្វើ​របស់​ប្រជាជន ដែលមាន​អាយុ​ពី ២៥ ឆ្នាំ​ដល់ ៥៩ ឆ្នាំ​គឺ ៤,៦% ។ នៅ​ឆមាស​ទី ១ វិស័យ​សេវាកម្ម​នៃ ប្រទេស​ចិន​បាន​រក្សា​និន្នាការ​កើនឡើង​យ៉ាង​ល្អប្រសើរ ។ វិស័យ​សេវាកម្ម​អំពី​ការ បញ្ជូន​ព័ត៌មាន សូ​ហ្វ​វែ​ល និង​ព័ត៌មានវិទ្យា​បាន​កើនឡើង ២០,៦% ចំណែក​សូចនាករ នៃ​សេវាកម្ម​ចិន​បាន​កើនឡើង ៧,៣% ។​

-​តម្លៃ​ទំនិញ ៖ សូចនាករ CPI កើនឡើង ២,២%
​នៅ​ឆមាស​ទី ១ នៃ​ឆ្នាំ ២០១៩ សូចនាករ CPI របស់​ប្រទេស​ចិន​បាន​កើនឡើង ២,២% ។ លោក លីវ សៀ​ជឺ អ្នកសិក្សា​ស្រាវជ្រាវ​ជាន់ខ្ពស់​មកពី​មជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវ ហិរញ្ញវត្ថុ​នៃ​ធនាគារ​គមនាគមន៍​ចិន បាន​លើកឡើងថា កត្តា​ដែល​អាចធ្វើឱ្យ​សូចនាករ CPI កើនឡើង​ខ្ពស់​សុទ្ធ​តែមាន​ភាព​អន់​ខ្សោយ ។ នៅ​ឆមាស​ទី ២ នៃ​ឆ្នាំ ២០១៩ CPI មិនអាច​កើនឡើង​ខ្ពស់​ទេ ហើយ​គ្មាន​សម្ពាធ​ជាក់ច្បាស់​អំពី​អតិផរណា​ទេ ។​

-​ឧស្សាហកម្ម​ផលិតកម្ម ៖ តម្លៃបន្ថែម​នៃ​ផលិតកម្ម​បច្ចេកទេស​កម្រិត​ខ្ពស់​កើនឡើង ៩%

​នៅ​ឆមាស​ទី ១ នៃ​ឆ្នាំ ២០១៩ តម្លៃបន្ថែម​នៃ​ផលិតកម្ម​បច្ចេកទេស​កម្រិត​ខ្ពស់​កើនឡើង ៩% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ ២០១៨ ដែលមាន​ល្បឿន​កំណើន​ខ្ពស់ ជាង​ឧស្សាហកម្ម​ដែលមាន​ទ្រង់ទ្រាយ​ធំ ៣% ។ ផលិតកម្ម​រថយន្ត​អាគុយ និង​អាគុយ ថាមពល​ពន្លឺព្រះអាទិត្យ​បាន​កើនឡើង ៣៤,៦% និង ២០,១% រៀងខ្លួន ។ ការវិនិយោគ លើ​វិស័យ​ផលិតកម្ម​បច្ចេកទេស​កម្រិត​ខ្ពស់​របស់​ប្រទេស​ចិន​បាន​កើនឡើង ១០,៤% ចំណែក​ការវិនិយោគ​លើ​វិស័យ​សេវាកម្ម​បច្ចេកទេស​បាន​កើនឡើង ១៣,៥% ។​

​គោលដៅ​ប្រចាំឆ្នាំ​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​គឺ រក្សា​កំណើនសេដ្ឋកិច្ច ៦-៦,៥% ។ កំណើន ៦,៣% នៅ​ឆមាស​ទី​១ នេះ​បាន​កសាង​មូលដ្ឋានគ្រឹះ​យ៉ាងរឹងមាំ សម្រាប់ ការសម្រេច​គោលដៅ​ប្រចាំឆ្នាំ ៕