ប្រទេស​ចំនួន​បួន នឹង​ជួយ​ជួសជុល តំបន់​រមណីយដ្ឋាន ប្រាសាទព្រះវិហារ និង​កោះ​កេរ​

1243
ចែករម្លែក

​ដោយៈ​អង្គរតូច​/
​សៀមរាប​៖ ប្រទេស​ចំនួន​៤ ដែលជា​សមាជិក​អាយ​ស៊ី​ស៊ី (ICC) ព្រះវិហារ រូ​ម​មាន ប្រទេស ចិន ឥណ្ឌា បែ​ល​ហ្សិ​ក និង​ប្រទេស​ថៃ នឹង​ត្រៀម​ជួយ​ជួសជុល រមណីយដ្ឋាន ប្រាសាទព្រះវិហារ និង​ប្រាសាទ​មួយចំនួនទៀត នៅក្នុង​តំបន់​រមណីយដ្ឋាន កោះ​កេរ​។​

​ក្រោយ​បញ្ចប់​នៃ​កិច្ចប្រជុំពេញអង្គ លើក​ទី​៤ គណៈកម្មាធិការ សម្របសម្រួល អន្ដរជាតិ សម្រាប់​អភិរក្ស និង​លើក​តម្លៃ ប្រាសាទព្រះវិហារ ហៅ​កាត់ អាយ​ស៊ី​ស៊ី ព្រះវិហារ នៅ​មជ្ឍមណ្ឌល អាជ្ញាធរ​ជាតិ​អប្សរា កាលពី​រសៀល​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៨ លោក​គឹម សេ​តារា អគ្គនាយក អាជ្ញាធរ​ជាតិ​ព្រះវិហារ បានផ្តល់​បទសម្ភាសន៍​ថា តំបន់​ប្រាសាទព្រះវិហារ ដែលមាន​តួ​ប្រាសាទ ចំនួន ៥ ហើយ​មាន​ភាព​ទ្រុឌទ្រោម ប្រទេស​ចិន ជា​អ្នកធ្វើ​ការជួសជុល ដោយ​តួ​ប្រាសាទ​ទី​១ ទី​២ និង​ទី​៣​។ ប៉ុន្ដែ​សម្រាប់​តួ​ប្រាសាទ ទី​៤ និង​ទី​៥ ព្រមទាំង​ជណ្ដើរ​ខាងជើង ប្រទេស​ឥណ្ឌា ជា​អ្នក​ជួសជុល​។ ​ជាមួយគ្នា​នោះ ប្រទេស​បែ​ល​ហ្សិ​ក ជួយ​បង្កើត​បណ្តុំ​ទិន្ន័យ (Data base) សម្រាប់​ជួយ​សម្រួល ដល់​ការជួសជុល បណ្តា​ប្រាសាទ​។ ចំណែកឯ​ប្រទេស​ថៃ និង​ធ្វើការ​ជួសជុល ប្រាសាទ​មួយចំនួនទៀត ក្នុង​តំបន់​រមណីយដ្ឋាន ប្រាសាទ​កោះ​កេរ​។​

​លោក​បាន​បន្ដថា បើសិន​ដៃគូ នៃ​ប្រទេស​ទាំង បួន​នេះ មានការ​លះបង់ ជួយ​ជួសជុល និង​អភិរក្ស ប្រាសាទព្រះវិហារ នោះ​នឹង​ធ្វើឱ្យ​ប្រាសាទបុរាណ ទាំងនោះ កាន់តែ​ប្រសើរឡើង ។​

​លោក​អ​គ្ក​នាយក បាន​បន្ថែមថា រាជរដ្ឋាភិបាល បាន​ខិតខំ​ប្រឹងប្រែង ស្វែងរក​ជំនួយ ទាំង​ថវិកា និង​អ្នកជំនាញ ដើម្បីឱ្យ​វប្បធម៌ របស់​កម្ពុជា កាន់តែ​មាន​ភាព ល្អប្រសើរ​ឡើង មួយកំរិត​ទៀត ក្នុងខណៈដែល ប្រាសាទ​ទាំងនោះ មាន​វ័យ​ចំណាស់​។ ជាមួយគ្នា​នោះ លោក​ក៍មាន​ការព្រួយបារម្ភ ពី​ប្រាសាទព្រះវិហារ ដែល​កំពុង​ជួប​កង្វះ​ទឹក​ក្រោម​ដី ដែល​ធ្វើឱ្យប៉ះពាល់ ដល់​គ្រឹះ​ប្រាសាទ និង​មាន​ផលប៉ះពាល់ ពី​ភ្លើង​ឆេះ​ព្រៃ នៅ​រដូវប្រាំង យ៉ាងខ្លាំង​៕V

លោក​គឹម សេ​តារា អគ្គនាយក អាជ្ញាធរ​ជាតិ​ព្រះវិហារ បានផ្តល់
បទសម្ភាសន៍
ទិដ្ឋភាព​នៃ​កិច្ចប្រជុំ