ប្រទេស​ចំនួន ៣៧ ចេញមុខ​ការពារ​ចិន​ជុំវិញ​បញ្ហា​ជនជាតិ​វី​ហ្គ័​រ​នៅ​ខេត្ត​ស៊ីន​ជាំ​ង​នៅក្នុង​លិខិត​មួយ​ផ្ញើ​ទៅ​អ​.​ស​.​ប​

123
ចែករម្លែក

​ឯកអគ្គរដ្ឋទូត​រប​ស់​អង្គការសហប្រជាជាតិ​មកពី ៣៧ ប្រទេស​បានចេញ​លិខិត​មួយ​កាលពី​ថ្ងៃ​សុក្រ​ទី​១២​កក្កដា​ដើម្បី​ការពារ​ការប្រព្រឹត្ត​រប​ស់​ចិន​លើ​ជនជាតិភាគតិច វី​ហ្គ័​រ (Uighur) និង​ជនជាតិភាគតិច​ដទៃទៀត​នៅក្នុង​តំបន់​ស៊ីន​ជាំ​ង នៅក្នុង​ការឆ្លើយតប​ដោយផ្ទាល់​ចំពោះ​ការរិះគន់​របស់លោក​ខាងលិច​កាលពីដើម​សប្តាហ៍​នេះ​។​

​បេសកជន​មកពី​ទូទាំង​សហភាព​អឺរ៉ុប​រួមជាមួយ​អូស្ត្រាលី​កាណាដា​ជប៉ុន​និង​នូ​វែ​ល​ហ្សេ​ឡង់​បាន​ចុះហត្ថលេខា​រួមគ្នា​លើ​ឯកសារ​មួយ​ដែល​ថ្កោលទោស​ការ​ប្រ​ព្រឹ​ត្ដរបស់​ចិន​នៅ​តំបន់​ស៊ីន​ជាំ​ង កន្លែង​ដែល​ប្រជាជន​មួយ​លាន​នាក់ ភាគច្រើន​ជា​ជនជាតិ​វី​ហ្គ័​រ​តាម​ដឹង​ត្រូវបាន​ចាប់​ដាក់​ក្នុង​ជំរំ​ឃុំឃាំង​។​

​កាលពី​ថ្ងៃ​សុក្រ​ក្រុមចម្រុះ​នៃ​រដ្ឋ​នានា​រួមទាំង​រុស្ស៊ី​អា​រ៉ា​ប៊ី​សា​អូឌីត​នី​ហ្សេ​រី​យ៉ា​អាល់​ហ្សេ​រី​និង​កូរ៉េខាងជើង​បានធ្វើការ​ឆ្លើយតប​ជំនួសមុខ​ឱ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​។​

​លិខិត​ដែល​ចុះហត្ថលេខា​ផងដែរ​ដោយ​មី​យ៉ាន់​ម៉ា​ហ្វីលីពីន​ស៊ីម​បា​វ៉េ​និង​ប្រទេស​ដទៃទៀត​បានសរសេរថា “​យើង​សូម​សម្តែង​ការកោតសរសើរ​ចំពោះ​សមិទ្ធិផល​ដ៏​គួរឱ្យកត់សម្គាល់​របស់​ចិន​នៅក្នុង​វិស័យ​សិ​ទិ្ធ​មនុស្ស​”​។​

​លិខិត​នោះបាន​ឱ្យដឹងទៀតថា “​យើង​បាន​កត់សម្គាល់ថា​អំពើ​ភេរវកម្ម​ការ​បំបែក​ខ្លួន​និង​ភាពជ្រុលនិយម​ផ្នែក​សាសនា​បាន​បង្កឱ្យមាន​ការខូចខាត​យ៉ាង​ធំ​សម្បើម​ដល់​មនុស្ស​គ្រប់​ជនជាតិ​នៅក្នុង​ខេត្ត​ស៊ីន​ជាំ​ង​”​។​

​ក្រុម​សិ​ទិ្ធ​មនុស្ស​និង​អតីត​អ្នកទោស​បាន​ពិពណ៌នា​ទីតាំង​ឃុំឃាំង​នៅ​ស៊ីន​ជាំ​ង​ថា​ជា​ជំរំ​ប្រមូលផ្តុំ កន្លែង​ដែល​ជនជាតិ​មូស្លីម​វី​ហ្គ័​រ​ភាគច្រើន​និង​ជនជាតិភាគតិច​ដទៃទៀត​កំពុង​ត្រូវបាន​ដាក់បញ្ចូល​គ្នា​ដោយ​បង្ខំ​ទៅក្នុង​សង្គម​ជនជាតិ​ហាន​ភាគច្រើន​របស់​ចិន​។​

​ដោយ​បន្ទរ​តាម​ការការពារ​របស់​ចិន​លើ​ជំរំ​ទាំងនោះ លិខិត​កាលពី​ថ្ងៃ​សុក្រ​បាន​ពណ៌នា​ថា ជំរំ​ទាំងនោះ​គឺជា “​មជ្ឈមណ្ឌល​អប់រំ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​”​។​

​លិខិត​នោះបាន​សរសេរថា “​ឥឡូវនេះ សុវត្ថិភាព​និង​សន្តិសុខ​បាន​វិលត្រឡប់​ទៅកាន់​តំបន់​ស៊ីន​ជាំ​ង​វិញ​ហើយ​”​។​

​ក្រុម​ឯកអគ្គរដ្ឋទូត​ទាំងនោះ​បានស្នើ​សុំឱ្យ​លិខិត​នេះ​ត្រូវបាន​កត់ត្រា​ជា​ឯកសារ​ផ្លូវការ​របស់​ក្រុមប្រឹក្សាសន្តិសុខ ដែល​បានបញ្ចប់​សម័យប្រជុំ​លើក​ទី ៤១ របស់ខ្លួន​នៅ​ទីក្រុង​ហ្សឺ​ណែវ​កាលពី​ថ្ងៃ​សុក្រ​។​

​ក្រុម​អ្នកការទូត​លោកខាងលិច​បានធ្វើ​សំណើ​ដូចគ្នានេះដែរ​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ច្រានចោល​លិខិត​របស់លោក​ខាងលិច​ថា​ជា “​ការ​បង្កាច់បង្ខូច​”​។​

​លិខិត​ចំហ​ធ្វើឡើង​ដាក់គ្នា​ទៅវិញទៅមក​នេះ គឺជា​រឿង​កម្រ​ណាស់​នៅ​ស្ថាប័ន​សិទ្ធិមនុស្ស​កំពូល​របស់​អង្គការសហប្រជាជាតិ កន្លែង​ដែល​រដ្ឋ​នានា​ជាទូទៅ​ព្យាយាម​ស្វែងរក​ដំណោះស្រាយ​ជា​ផ្លូវការ​ក្នុងអំឡុង​ការចរចា​បិទទ្វារ​។​

​បន្ទាប់ពី​បាន​បដិសេធ​ជាដំបូង​នូវ​វត្តមាន​មណ្ឌល​ឃុំឃាំង​នេះ ប៉េកាំង​បាន​បន្ត​កិច្ចប្រឹងប្រែង​ខាង​ទំនាក់ទំនង​សាធារណៈ​ក្នុង​គោលបំណង​ទប់​ទល់នឹង​សំឡេង​តវ៉ា​ជាស​កល​ប្រឆាំងនឹង​អ្វីដែល​គេ​ហៅថា​មជ្ឈមណ្ឌល​អប់រំ​វិជ្ជាជីវៈ​នៅ​ស៊ីន​ជាំ​ង​។​

​ចាប់តាំងពី​ខែតុលា​ឆ្នាំមុន អាជ្ញាធរ​ក្នុង​តំបន់​ក៏បាន​រៀបចំ​ផងដែរ​នូវ​ដំណើរ​ទស្សនា​ជំរំ​ទាំងនេះ​សម្រាប់​អ្នកការទូត​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​។​

​ប្រមុខ​សិទ្ធិមនុស្ស​អ​.​ស​.​ប​លោកស្រី​មី​ឆែ​ល បា​ឆេ​ឡេ​ត បានស្នើ​ឱ្យមាន​បេសកកម្ម​ស្វែងរក​ការពិត​ទៅកាន់​តំបន់​ស៊ីន​ជាំ​ង​។​

​ប៉េកាំង​និយាយថា លោកស្រី​នឹងត្រូវ​ស្វាគមន៍ ប៉ុន្តែ​ការិយាល័យ​សិទ្ធិមនុស្ស​បាន​សង្កត់ធ្ងន់​ថា​ដំណើរ​ទស្សនកិច្ច​មួយ​នឹង​អាចធ្វើ​ទៅបាន​ទាល់តែ​ផ្អែកលើ​លក្ខខណ្ឌ​ច្បាស់លាស់​មួយចំនួន រួមទាំង​ការចូល​ទៅកាន់​ទីតាំង​សំខាន់ៗ​ដោយ​គ្មាន​ការរារាំង​៕ ដោយ៖ កញ្ញាដាលីស

ស្ត្រី​វី​ហ្គ័​រ​កំពុង​រុញ​ម៉ូតូ​អគ្គិសនី​ឆ្លងកាត់​ហ្វូងមនុស្ស​នៅ​ទីក្រុង​កាស​ហ្គា​នៃ​ខេត្ត​ស៊ីន​ជាំ​ង​កាលពី​ថ្ងៃទី ៤ មិថុនា ២០១៩