ប្រទេស​បង់​ក្លា​ដេ​ស ព្រមព្រៀង​ទិញ​អង្ករ​ពី​កម្ពុជា​ចំនួន ២៥​ម៉ឺន​តោន​

1087
ចែករម្លែក

(​ភ្នំពេញ​)៖​កាលពី​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៧ គណៈប្រតិភូ​ក្រសួងពាណិជ្ជកម្ម ដែលមាន​ក្រុមហ៊ុន​ហ្គ្រី​ន​ត្រេ​ដ ជា​សេនាធិការ សហការ​ជាមួយ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​អញ្ជើញ​ទៅ​ប្រទេស​បង់​ក្លា​ដេ​ស ដើម្បី​ធ្វើការ​ពិភាក្សា​លម្អិត​ស្តីពី​ពាណិជ្ជកម្ម​អង្ករ​ជាមួយ​គណៈប្រតិភូ​អន្តរ​​ក្រសួង​នៃ​សាធារណរដ្ឋ​ប្រជាមានិត​បង់​ក្លា​ដេ​ស​។​

​ក្រោយពី​កិច្ចពិភាក្សា​បានបញ្ចប់ ប្រទេស​បង់​ក្លា​ដេ​ស បាន​យល់ព្រម​ទទួល​ទិញ​អង្ក​រស បាក់បែក​ចំនួន​១០% ក្នុង​បរិមាណ​ចំនួន ២៥០.០០០​តោន ចាប់​ពីថ្ងៃ​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ទិញដូរ នៅក្រោម​ទិដ្ឋភាព​រវាង​រដ្ឋាភិបាល និង​រដ្ឋាភិបាល​ដើម្បី​ពង្រីក​ការនាំចេញ​​អង្ករ​ទៅ​បរទេស ក៏ដូចជា​អនុវត្ត​នូវ​គោលនយោបាយ​នាំចេញ​អង្ករ​របស់​រាជរដ្ឋាភិបាល​អោយបាន ១​លាន​តោន​។​

​គួរ​រំលឹក​ដែរ​ថា កាលពី​ថ្ងៃទី​០២ ខែសីហា ឆ្នាំ​២០១៧ កន្លងទៅនេះ រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួងពាណិជ្ជកម្ម ដែលជា​សេនាធិការ បាន​ចុះ​អនុស្សរណៈ​យោគយល់ ជាមួយ​រដ្ឋាភិបាល​បង់​ក្លា​ដេ​ស លើ​ការលក់​អង្ករ​ចំនួន ១​លាន​តោន នៅក្នុង​រយៈពេល ៥​ឆ្នាំ (២០១៧-២០២២) ក្នុង​គោលបំណង​ធ្វើ​ពិពិធ​កម្ម​ទំហំ​ពាណិជ្ជកម្ម និង​ជំរុញ​កំណើនសេដ្ឋកិច្ច ពិសេស​ធានាបាន​នូវ​ស្ថិរភាព​វិស័យ​ស្រូវ​-​អង្ករ​ក៏ដូចជា​​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​គោលនយោបាយ​នាំចេញ​អង្ករ​ឲ្យ​បាន ១​លាន​តោន​ក្នុង​មួយឆ្នាំ របស់​រាជរដ្ឋាភិបាល​៕​ដោយ​៖​វាសនា​/​ប្រភព​៖​ក្រសួងពាណិជ្ជកម្ម​

គណៈប្រតិភូ​ក្រសួងពាណិជ្ជកម្មសហការ​ជាមួយ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​អញ្ជើញ​ទៅ​ប្រទេស​បង់​ក្លា​ដេ​ស ដើម្បី​ធ្វើការ​ពិភាក្សា​លម្អិត​ស្តីពី​ពាណិជ្ជកម្ម​អង្ករ​ជាមួយ​បង់​ក្លា​ដេ​ស