ប្រទេស​បុ​ត​ស្វា​ណា បើក​ដេញថ្លៃ​អាជ្ញាប័ណ្ណ​បរបាញ់​ប្រមាញ់​ដំរី​

203
ចែករម្លែក

មន្ត្រី​មួយរូប​នៃ​អាជ្ញាធរ​សត្វព្រៃ​បានឱ្យដឹងថា កាលពី​ថ្ងៃ​សុក្រ ទី​៧ ខែកុម្ភៈ ប្រទេស​បុ​ត​ស្វា​ណា បានរៀបចំ​ការដេញថ្លៃ​ទ្រង់ទ្រាយ​ធំ​លើកដំបូង​របស់ខ្លួន​លើ​ការផ្ដល់​អាជ្ញាប័ណ្ណ​បរបាញ់​ដំរី ចាប់តាំងពី​ប្រទេស​នេះ​បាន​លុបចោល​បម្រាម​បរបាញ់​កាលពី​ឆ្នាំមុន​។​

​រដ្ឋាភិបាល​របស់​ប្រធានាធិបតី ម៉ុក​គ្វី​ត​ស៊ី ម៉ា​ស៊ី​ស៊ី (Mokgweetsi Masisi) កាលពី​ខែឧសភា ឆ្នាំមុន​បាន​លុបចោល​បម្រាម​បរបាញ់ មួយឆ្នាំ​ក្រោយពី​លោក​ឡើងកាន់តំណែង​បន្ត​ពី​លោក អៀន ខា​ម៉ា (Ian Khama) ជា​អ្នក​ស្រឡាញ់​បរិស្ថាន​ដែល​បាន​ដាក់ចេញ​នូវ​បម្រាម​នោះ ក្នុង​ឆ្នាំ​២០១៤ ដើម្បី​ទប់​ការធ្លាក់ចុះ​ចំនួន​សត្វព្រៃ​។

​លោក ម៉ា​ស៊ី​ស៊ី បាន​ការពារ​សេចក្ដីសម្រេច​របស់​រដ្ឋាភិបាល​លោក​តប​ទៅនឹង​ការរិះគន់ ដោយ​លើកឡើងថា ចំណាត់ការ​នេះ​នឹងមិន​គំរាមកំហែង​ដល់​ចំនួន​សត្វ​ដំរី​ឡើយ​។​

​អ្នកស្រី អា​លី​ស អឹម​ម៉ូ​ឡា​វ៉ា (Alice Mmolawa) អ្នកនាំពាក្យ​អាជ្ញាធរ​សត្វព្រៃ​បាន​ប្រាប់​ទី ភ្នាក់ងារ​ព័ត៌មាន AFP កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា រដ្ឋាភិបាល​នឹង​ចេញ “​កញ្ចប់​បរបាញ់​ចំនួន ៧” ដោយ​កំណត់​តំបន់​គ្រប់គ្រង​សម្រាប់​ការ​បរបាញ់​។​

​អ្នកនាំពាក្យ​ដដែល​និយាយថា ការ​បរបាញ់​នឹង​ជួយ​ដល់​តំបន់​ដែល​រង​ផលប៉ះពាល់​បំផុត ដោយសារ “​ជម្លោះ​រវាង​មនុស្ស និង​សត្វព្រៃ​” ព្រោះ​ដំរី​ឧស្សាហ៍​ដើរចេញ​ពី​ឧទ្យាន​ជាតិ ហើយ​ចូល​អុកឡុក​ក្នុង​សហគមន៍​ប្រជាជន​រស់នៅ​។ តាម​ការរំពឹងទុករ​ដូ​វ​បរបាញ់​សម្រាប់​ឆ្នាំ ២០២០ នឹង​បើក​នៅ​ខែមេសា​។​

​អ្នកនាំពាក្យ​រូបនេះ​បាន​បន្ថែមថា​ការដេញថ្លៃ​បើកចំហ​សម្រាប់​ក្រុមហ៊ុន​ដែល​គ្រប់គ្រង​ដោយ ពលរដ្ឋ​បុ​ត​ស្វា​ណា​ឬ​ក្រុមហ៊ុន​ដែល​ចុះបញ្ជី​នៅ​ប្រទេស​បុ​ត​ស្វា​ណា​។​

​សូមបញ្ជាក់ថា អ្នកដេញថ្លៃ​ត្រូវដាក់​ប្រាក់​តម្កល់​ដែល​អាច​ដក​វិញ​បាន​ចំនួន ១៨.៣០០ ដុល្លារ​ដើម្បី​ចូលរួម​ក្នុង​ដំណើរការ​ដេញថ្លៃ​នេះ​៕ ប្រែ​សម្រួលៈ​ខុម​