ប្រទេស​ប៉ាពួ​អាស៊ី​នូវែល​ហ្គី​ណេ បញ្ជូន​កងទ័ព​ទៅ​សង្គ្រោះ​បន្ទាន់​ដោយ​សារ​ភ្នំភ្លើង​ផ្ទុះ​

453
ចែករម្លែក

​នាយករដ្ឋមន្ត្រី​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​ទី​២៨​ខែ​មិថុនា​ថា​ទាហាន​ច្រើន​នាក់​ត្រូវបាន​បញ្ជូន​ទៅ​ជួយ​មនុស្ស​រាប់ពាន់​នាក់​ដែល​ត្រូវ​ផ្លាស់​ទីលំនៅ​ដោយសារ​ការផ្ទុះ​ភ្នំភ្លើង​​នៅ​ប្រជុំ​កោះ​ដាច់ស្រយាល​មួយ​នៅ​ប្រទេស​ប៉ាពួ​អាស៊ី​នូវែល​ហ្គី​ណេ ខណៈ​ដែល​ភ្នំភ្លើង​ទី​២ បាន​ផ្ទុះឡើង​។​

​កម្អែរ​ភ្នំភ្លើង​និង​ផេះ បាន​ចេញ​ពី​ភ្នំភ្លើង​Ulawun ដែល​ជា​ភ្នំភ្លើង​មួយ​ក្នុងចំណោម​ភ្នំភ្លើង​ដ៏​គ្រោះថ្នាក់​បំផុត​នៅលើ​ពិភពលោក ។​វា​បាន​ថមថយ​កម្លាំង​ផ្ទុះ​ប៉ុន្តែ​មនុស្ស​រវាង​ពី​៧.០០០​ទៅ​១៣.០០០​នាក់​ត្រូវបាន​គេ​ជឿ​ថា​បាន​ផ្លាស់​ទីលំនៅ ហើយ​ស្ថានភាព​អាសន្ន ត្រូវបាន​ប្រកាស​។​

​នាយករដ្ឋមន្ត្រី​លោក James Marape​បាន​និយាយថា​”​យើង​នឹង​ប្រមូល​កងទ័ព​ដើម្បី​ទៅ​ជួយ​និង​វាយតម្លៃ​ស្ថានភាព​នៅ​ទីនោះ​”​។​

​លោក Joseph Lelang សមាជិកសភា បាន​និយាយាថា មនុស្ស​១៣.០០០​នាក់ បាន​ផ្លាស់​ទីលំនៅ​ហើយ​មនុស្ស​១.០០០ បាន​បាត់បង់​ផ្ទះ​របស់​ពួកគេ ។​

​លោក បាន​និយាយថា ” នៅពេលនេះ ការ​ផ្តោត​ជា​សំខាន់​នោះ​គឺ​ការផ្តល់​ស​ជំនួយ​ដល់​ប្រជាជន​ដែល​បាន​ទទួលរង​ផល​ប៉ះពាល់​ដោយ​ការផ្ទុះ​ភ្នំភ្លើង​នេះ​”​។​

​ក្រុម​អ្នកស្រាវជ្រាវ​ភ្នំភ្លើង Rabaul Volcano Observatory បាន​និយាយថា មាន​ការផ្ទុះ​មិន​ខ្លាំង​ចេញពី​ភ្នំភ្លើង​នេះ កាលពី​ប៉ុន្មាន​ម៉ោង​មុន​នេះ​ប៉ុន្តែ​វា​បាន​បាត់​ទៅ​វិញ ហើយ​​សកម្មភាព​របស់​វា បាន​ថមថយ​កម្លាំង​។​

​ជា​ការឆ្លើយតប​ក្នុងស្ថានភាព​អាសន្ន​នេះ អាកាសយានដ្ឋាន​ដ៏​ធំ​នៃ​តំបន់​នេះ​ត្រូវ​បិទ ដោយសារ​ផេះ​កម្រាស់​៣​សង់ទីម៉ែត្រ បាន​គ្រប់​ដណ្តប់​លើ​អាកាសយានដ្ឋាន​នេះ​។​

​ក្នុងពេល​ជាមួយគ្នា​នេះ​ដែរ ក្រុម​អ្នកស្រាវជ្រាវ​ភ្នំភ្លើង បាន​និយាយថា ភ្នំភ្លើង​Manam ដែល​នៅ​ជិត​កោះ​នោះ បានចាប់ផ្តើម​ផ្ទុះ​។ តាម​រូបភាព​ពី​ផ្កាយរណប​របស់​អូស្ត្រាលី​​បានបង្ហាញ ការផ្ទុះ​ភ្នំភ្លើង​នៅ​មាន​បន្ត ។ ភ្នំភ្លើង​Manam ជា​ភ្នំភ្លើង​ដ៏​សកម្ម​មួយ​ក្នុងចំណោម​ភ្នំភ្លើង​ដ៏​សកម្ម​បំផុត​នៃ​ប្រទេស​ប៉ាពួ​អាស៊ី​នូវែល​ហ្គី​ណេ ហើយ​បាន​ផ្ទុះ​ចុង​​ក្រោយ កាលពី​ខែ​មករា​៕​ដោយ​៖​សុខា/sn

ផេះភ្នំភ្លើង​និង​ផេះ បាន​ចេញ​ពី​ភ្នំភ្លើង​Ulawun