ប្រទេស​មហាអំណាច​បែកបាក់​គ្នា​ជុំវិញ​ការអំពាវនាវ​របស់​អ​.​ស​.​ប​ឱ្យមាន​បទ​ឈប់​បាញ់​នៅ​លី​ប៊ី​

489
ចែករម្លែក
  • 16
    Shares

​កាលពី​ថ្ងៃ​ពុធ​ទី​១៧​មេសា​ក្រុមប្រឹក្សាសន្តិសុខ​អ​.​ស​.​ប​បាន​បែកបាក់​គ្នា​អំពី​របៀប​ដោះស្រាយ​វិបត្តិ​នៅក្នុង​ប្រទេស​លី​ប៊ី បន្ទាប់ពី​ការចរចា​ថ្មីៗ​លើ​សេចក្តីព្រាង​នៃ​សេចក្តីសម្រេចចិត្ត​មួយ ដែល​ទាមទារ​ឱ្យមាន​បទ​ឈប់​បាញ់​នៅ​ក្រុង​ទ្រី​ប៉ូ​លី មិនបាន​ឈានដល់​ការព្រមព្រៀង​។​

​អាល្លឺម៉ង់​ដែល​កាន់តំណែង​ប្រធាន​ក្រុមប្រឹក្សាសន្តិសុខ​បាន​អំពាវនាវ​ឱ្យមាន​ការប្រជុំ​បន្ទាន់​មួយ​បន្ទាប់ពី​ក្រុង​ទ្រី​ប៉ូ​លី​បានឃើញ​ការប្រយុទ្ធ​គ្នា​យ៉ាងខ្លាំង​ក្លា​បំផុត ចាប់តាំងពី​មេបញ្ជាការ ខា​លី​ហ្វា ហា​ហ្វ​តា បានចាប់ផ្តើម​ការវាយលុក​ដើម្បី​ដណ្ដើមយក​រដ្ឋធានី​នេះ​រយៈពេល​ពីរ​សប្តាហ៍​ម​ក​ហើយ​។​

​យោងតាម​លិខិត​មួយ ដែល​បញ្ជូន​ដោយ​អ្នកការទូត​អាល្លឺម៉ង់​និង​បានឃើញ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន AFP ក្រុមប្រឹក្សា​នេះ​នឹង​ជួបប្រជុំ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៨​មេសា​ដើម្បី​ស្តាប់​បទឧទ្ទេសនាម​ស្តីពី​ស្ថានការណ៍​ជាក់ស្តែង និង “​ពិគ្រោះ​យោបល់​អំពី​មធ្យោបាយ​ឆ្ពោះទៅមុខ​”​។​

​ការបែកបាក់​គ្នា​ក្នុងចំណោម​មហាអំណាច​ពិភពលោក​គឺ​កាន់តែ​ជ្រាលជ្រៅ ខណៈដែល​ក្រុង​ទ្រី​ប៉ូ​លី​បាន​ព្យាយាម​ងើបឡើង​វិញ​ពី​ការប្រយុទ្ធ​គ្នា​ដ៏​ខ្លាំងក្លា ចាប់តាំងពី​ការវាយលុក​បានចាប់ផ្ដើម​ពីរ​សប្តាហ៍​មកនេះ​។​

​យ៉ាងហោចណាស់​មនុស្ស ១៧៤ នាក់​ត្រូវបាន​សម្លាប់​និង​ច្រើនជាង ២៥.០០០ នាក់​បាន​ផ្លាស់​ទីលំនៅ ចាប់តាំងពី​លោក​ហា​ហ្វ​តា​បាន​បញ្ជា​ឱ្យ​កងកម្លាំង​របស់លោក​ដ​ង្ហែ​ក្បួន​ចូលទៅក្នុង​ក្រុង​ទ្រី​ប៉ូ​លី​កាលពី​ថ្ងៃទី ៤ ខែមេសា​។ នេះ​បើ​យោងតាម​តួលេខ​របស់​អង្គការសហប្រជាជាតិ​។​

​អ្នកនាំពាក្យ​អង្គការសហប្រជាជាតិ​លោក​ស្តេ​ហ្វា​ន ឌួ​ចា​រីក បាន​និយាយថា “​ក្រុង​ទ្រី​ប៉ូ​លី​បានឃើញ​ការប្រយុទ្ធ​គ្នា​យ៉ាងធ្ងន់ធ្ងរ​ចាប់តាំងពី​ការប៉ះទង្គិច​គ្នា​បាន​ផ្ទុះឡើង ជាមួយ​ការបាញ់​គ្រាប់​រ៉ុក្កែត​មិន​រើសមុខ​ទៅលើ​សង្កាត់​ដែលមាន​មនុស្ស​រស់នៅ​ច្រើន​នៅក្នុង​រដ្ឋធានី​របស់​លី​ប៊ី​”​។​

​លោក​ឌួ​ចារី​កបាន​បន្ថែមថា “​ក្នុង​រយៈពេល ២៤ ម៉ោង​ចុង​ក្រោយនេះ យើង​បានឃើញ​ការកើនឡើង​ខ្ពស់បំផុត​ក្នុង​មួយថ្ងៃ​ក្នុងការ​ផ្លាស់​ទីលំនៅ ជាមួយ​មនុស្ស​ជាង ៤.៥០០ នាក់​បាន​ផ្លាស់​ទីលំនៅ​”​។​

​ចក្រភព​អង់គ្លេស​បានដាក់​ចេញ​នូវ​សេចក្ដីព្រាង​នៃ​សេចក្តីសម្រេចចិត្ត​មួយ​ដែល​អំពាវនាវ​ឱ្យមាន​បទ​ឈប់​បាញ់​គ្នា​ជាបន្ទាន់​និង​ការបន្ថយ​ភាព​តានតឹង ប៉ុន្តែ​រុស្ស៊ី​បានបង្ហាញ​ការព្រួយបារម្ភ​ចំពោះ​ភាសា​ដែល​រិះគន់​ការវាយលុក​របស់លោក​ហា​ហ្វ​តា​ថា​ជាការ​គំរាមកំហែង​ដល់​ស្ថិរភាព​របស់​លី​ប៊ី​។​

​សេចក្តីព្រាង​ដែល​កែតម្រូវ​បន្តិចបន្តួច​ត្រូវបាន​ដាក់​ដោយ​អង់គ្លេស​កាលពី​ថ្ងៃ​ពុធ ប៉ុន្តែ​ប្រទេស​អាហ្វ្រិក​ទាំងបី​នៅក្នុង​ក្រុមប្រឹក្សាសន្តិសុខ​គឺ ហ្គី​ណេ​អេក្វាទ័រ កូត​ឌី​វ័រ និង អាហ្វ្រិក​ខាងត្បូង បាន​រារាំង​វា​។​

​យោងតាម​កំណត់សម្គាល់​មួយ​របស់​បេសកកម្ម​រុស្ស៊ី​ដែល​មើលឃើញ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន AFP បានឱ្យដឹងថា រុស្ស៊ី​ក៏បាន​និយាយ​ផងដែរ​ថា​វិធាន​ការដែល​បានស្នើ​ឡើង​នេះ​ទោះបីជា​វា​ត្រូវបានធ្វើ​វិសោធនកម្ម​ក៏ដោយ​ក៏​វា​នៅ​មិនទាន់​បំបាត់​ការព្រួយបារម្ភ​របស់​រុស្ស៊ី​ឡើយ​៕ ដោយ៖ កញ្ញាដាលីស

ការវាយប្រហារ​ពេញ​មួយ​យប់​ដោយ​គ្រាប់​រ៉ុក្កែត​នៅ​ទីក្រុង​ទ្រី​ប៉ូ​លី​បាន​បណ្តាល​ឱ្យស្លាប់ ៦ នាក់