ប្រទេស​មួយចំនួន​ចាប់ផ្តើម​រឹតត្បិត​ការធ្វើដំណើរ​ពី​អ៊ីរ៉ង់ នៅ​ពេល​អ្នក​ឆ្លង​ឡើងដល់​៤៣​នាក់​និង​៨​នាក់​ស្លាប់​ដោយ​កូរ៉ូណា​វីរុស​

107
ចែករម្លែក

​ក្រសួង​សុខាភិបាល​អ៊ីរ៉ង់​កាលពី​ថ្ងៃអាទិត្យ​ទី​២៣​កុម្ភៈ​បាន​បង្កើន​ចំនួន​ស្លាប់​និង​ឆ្លង​កូរ៉ូណា​វីរុស ដោយ​អ្នក​ឆ្លង​បាន​កើន​ដល់​៤៣​នាក់​និង​ស្លាប់​ឡើងដល់​៨​នាក់​។​

​អ្នកនាំពាក្យ​ក្រសួង​បាន​និយាយថា តួលេខ​នេះ​កើន​ពី​ចំនួន​ឆ្លង​២៨​នាក់​និង​ស្លាប់​៦​នាក់​កាលពី​ថ្ងៃ​សៅរ៍​។​

​ការផ្ទុះ​ជម្ងឺឆ្លង​នេះ កើតឡើង​ភាគច្រើន​នៅ​ក្រុង​កូម តែ​នៅ​ពីរ​បី​ថ្ងៃ​មកនេះ​វា​បាន​រាលដាល់​យ៉ាង​លឿន​ទៅ​កាន់​ទីក្រុង​៤​ផ្សេងទៀត រួម​មាន​រដ្ឋធានី​តេ​អេ​រ៉ង់​។​

​ក្នុងពេល​ជាមួយគ្នា​អាជ្ញាធរ​បិទ​សាលារៀន​នៅក្នុង​១០​ខេត្ត​នៅ​ទូទាំង​ប្រទេស​សំរាប់​ពេល​យ៉ាង​តិច​២​ថ្ងៃ​ដោយ​ចាប់ផ្តើម​នៅ​ថ្ងៃអាទិត្យ​ហើយ​សកល​វិទ្យាល័យ​នៅ​​ក្រុងតេអេ​រ៉ង់​ក៏ផ្អាក​ការសិក្សា​។​

​អ៊ីរ៉ង់​បាន​រាយការណ៍​ករណី​រក​ឃើញ​អ្នក​ឆ្លង​កូរ៉ូណា​វីរុស​ថ្មី​កាលពី​ថ្ងៃ​ពុធ នៅ​ថ្ងៃ​តែ​មួយ​ដែល​មនុស្ស​២​នាក់​ត្រូវបាន​ប្រកាសថា​ស្លាប់​ដោយ​វីរុស​នេះ​នៅ​ក្រុង​កូម​។​

​រដ្ឋ​មន្ត្រី​សុខាភិបាល​អ៊ីរ៉ង់​បាន​និយាយថា វីរុស​ចម្លង​មនុស្ស​នៅ​អ៊ីរ៉ង់​បច្ចុប្បន្ន​មាន​ប្រភព​ពី​ចិន​មក​កាន់​ក្រុង​កូម​នៅ​អ៊ីរ៉ង់​កណ្តាល​។​លោក​ក៏​បាន​និយាយថា ក្នុង​​ចំណោម​អ្នក​ស្លាប់មាន​អ្នកជំនួញ​ម្នាក់​ដែល​ធ្វើដំណើរ​ទៅមក​រវាង​ប្រទេស​ទាំង​ពីរ​។​

​ក្នុងពេល​ជាមួយគ្នា អ៊ីរ៉ាក់​និង​ប៉ា​គី​ស្ថាន ដែល​មាន​ព្រំដែន​ជាប់​អ៊ីរ៉ង់ បាន​ចាត់​វិធានការ​បង្ការ​ដើម្បី​កំហិត​ការ​រាលដាល​វីរុស​ពី​អ្នកដំណើរ​អ៊ីរ៉ង់​។​អ៊ីរ៉ាក់​បាន​ហាម​​មិន​អោយ​ប្រជាជន​អ៊ីរ៉ង់​ចូល​ក្នុងប្រទេស ដោយ​ប៉ះពាល់​អ្នកធ្វើ​ធម្ម​យាត្រា​សាសនា​និង​អ្នកជំនួញ​រាប់ពាន់នាក់​។​

​មន្ត្រី​ក្នុង​ខេត្ត​បា​លូ​ជី​ស្ថាន​របស់​ប៉ា​គី​ស្ថាន ដែល​មាន​ព្រំប្រទល់​ជាប់​អ៊ីរ៉ង់ បានប្រកាស​ស្ថានភាព​គ្រាអាសន្ន​នៅពេល​ពួកគេ​ព្យាយាម​រារាំង​ការឆ្លង​រាលដាល​វីរុស​។​ពួកគេ​ផ្អាក​ចរាចរណ៍​ស្ទើរ​ទាំងអស់​កាត់​ព្រំដែន​ជាមួយ​អ៊ីរ៉ង់​។​

​តួ​ក​គី​ក៏​បិទ​ព្រំដែន​គោក​បណ្តោះអាសន្ន​របស់​ខ្លួន​ជាមួយ​អ៊ីរ៉ង់ ដោយសារ​តែ​វីរុស​ចំណែក​ហ្សកដានី​ចាប់ផ្តើម​ហាម​មិនអោយ​អ្នក​មក​ពី​អ៊ីរ៉ង់​និង​កូរ៉េខាងត្បូង​ចូល​។​

​អា​រ៉ាប៊ីសាអូឌីតនិ​ងគុយ​វែតក៏​រឹតត្បិត​ការធ្វើ​ដំណើរ​ពី​អ៊ីរ៉ង់​ចូល​ក្នុង​ប្រទេស​របស់​គេ​ដែរ​៕​ប្រែ​សម្រួល​៖​វាសនា​

ប្រជាជន​អ៊ីរ៉ង់​ពាក់​ម៉ាស់​មុខ ក្នុងពេល​អ្នក​ឆ្លង​កូរ៉ូណា​វីរុស​កើនឡើង​យ៉ាង​ឆាប់រហ័ស​