ប្រទេស​ស្តេច​ប្រេងកាត អា​រ៉ា​ប៊ី​សា​អូឌីត នឹង​សាងសង់​រោងចក្រ​ថាមពលព្រះអាទិត្យ​ធំ​បំផុត​លើ​ពិភពលោក​

903
ចែករម្លែក

​ទោះបីជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ដែលមាន​ពន្លឺ​ថ្ងៃ​ច្រើន​បំផុត​នៅលើ​ពិភពលោក​ក៏ដោយ ក៏​អារ៉ាប៊ីសាអ៊ូឌីត​នៅតែ​បង្កើត​ថាមពល​អគ្គិសនី​ភាគច្រើន​របស់ខ្លួន​ចេញពី​រោងចក្រ​ថាមពល​ដើរ​ដោយ​ប្រេងឥន្ធនៈ​។​

​វេ​ប​សាយ Deutsche Welle បាន​រាយការណ៍​ថា អា​រ៉ា​ប៊ី​សា​អូឌីត​និង​ក្រុមហ៊ុន SoftBank របស់​ជប៉ុន​បាន​យល់ព្រម​សាងសង់​រួមគ្នា​លើ​គម្រោង​ថាមពល​ពន្លឺព្រះអាទិត្យ​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​នៅក្នុង​ប្រទេស​ឈូង​សមុទ្រ​ពែ​ក្ស​ពោរពេញ​ទៅដោយ​ពន្លឺព្រះអាទិត្យ​មួយ​នេះ​ដើម្បី​បំពេញ​នូវ​គោលដៅ​មហិច្ឆតា​របស់​រដ្ឋាភិបាល​ក្រុង​រី​យ៉ា​ត ក្នុងការ​កាត់បន្ថយ​ការពឹង​ផ្អែកលើ​ប្រេង​នៅត្រឹម​ឆ្នាំ ២០៣០​។​

​កិច្ចព្រមព្រៀង​សាងសង់​រោងចក្រ​ថាមពល​ពន្លឺព្រះអាទិត្យ​កម្លាំង ២០០ ជី​ហ្គា​វ៉ា​ត់ (GW) ត្រូវបាន​ចុះហត្ថលេខា​ដោយ​ព្រះអង្គម្ចាស់​ស្នងរាជ្យ ព្រះនាម ម៉ូ​ហា​ម៉េ​ត ប៊ី​ន សាល់​ម៉ាន់ (Mohammed bin Salman) និង​លោក ម៉ាស​សា​យ៉ូ​ស៊ី សុន (Massayoshi Son) អគ្គនាយក​ក្រុមហ៊ុន SoftBank នៅក្រៅ​ដំណើរ​ទស្សនកិច្ច​របស់​ព្រះអង្គម្ចាស់​អា​រ៉ា​ប៊ី​សា​អូឌីត​អង្គ​នេះ​ទៅកាន់​សហរដ្ឋអាមេរិក​។​

​រោងចក្រ​តម្លៃ ២០០ ពាន់​លាន​ដុល្លារ​នេះ​នឹងត្រូវ​បាន​កសាង​ឡើងជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​នាពេល​បច្ចុប្បន្ន​របស់រ​ដ្ឋា​ភិ​បាល​ក្រុង​រី​យ៉ា​ត ដើម្បី​ធ្វើ​ទំនើបកម្ម​សេដ្ឋកិច្ច​និង​សង្គម​របស់​ប្រទេស​នេះ​។​

​ព្រះអង្គម្ចាស់​សាល់​ម៉ាន់​បាន​មានបន្ទូលថា “​វា​គឺជា​ជំហាន​ដ៏​ធំ​មួយ​នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​មនុស្ស​។ វា​ជាការ​ប្រថុយប្រថាន មាន​គ្រោះថ្នាក់ ហើយ​យើង​សង្ឃឹមថា​យើង​នឹង​ទទួលបាន​ជោគជ័យ​ក្នុងការ​សាងសង់​វា​ឡើង​”៕ ដោយ៖ កញ្ញាដាលីស

រោងចក្រ​ថាមពល​ពន្លឺព្រះអាទិត្យ​កម្លាំង ២០០ ជី​ហ្គា​វ៉ា​ត់ តម្លៃ ២០០ ពាន់​លាន​ដុល្លារ នឹងត្រូវ​សាងសង់​រួម​គ្នា​ដោយ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត និង ក្រុមហ៊ុន SoftBank របស់​ជប៉ុន