ប្រទេស​អូស្ត្រាលី​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​សម្រាប់​កិច្ចប្រជុំ​វេទិការ​សភា​អាស៊ី​-​ប៉ាស៊ីហ្វិក លើក​ទី​២៨

434
ចែករម្លែក

ដោយ:​គូលែន​/​សៀមរាប ៖ វេទិកាសភា​អាស៊ី​- ប៉ាស៊ីហ្វិក (APPF) លើក​ទី​២៧ ដែល​មាន​រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៩ នៅ​ក្រុង​សៀមរាប បាន​បិទ​បញ្ចប់​ហើយ កាលពី​ល្ងាច​ថ្ងៃទី​១៦ មករា ឆ្នាំ ២០១៩ ហើយ​វេទិកា​លើក​ទី​២៨ នឹង​ផ្ដើមធ្វើ​នៅ​ប្រទេស​អូស្ត្រាលី នា​ឆ្នាំ​២០២០ ។

សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានប្រគល់​ទង់ APPF ឲ្យ​ទៅ​សភា​អូស្ត្រាលី ដើម្បី​ជាស​ញ្ញា​ប្រកាសថា សភា​កម្ពុជា បាន​ចប់​អាណត្តិ​ធ្វើជា​ប្រធាន​ដឹកនាំ នៃ​វេទិកាសភា​ថ្នាក់​តំបន់​លើក​ទី​២៧ នេះហើយ​។​

លោក ស្កុ​ត រី​យេន ប្រធានព្រឹទ្ធសភា​ប្រទេស​អូស្ត្រាលី បានបង្ហាញ​ជំហរ​បន្ត​លើក​កម្ពស់​យន្តការ​សភា ក្នុងការ​បង្កើន​កិច្ចសហប្រតិបត្តិការ​ជាមួយ​បណ្តា​ប្រទេស​នានា​នៅក្នុង​តំបន់ និង​ពិភពលោក ដើម្បី​នាំមក​នូវ​សុខសន្តិភាព និង​ការអភិវឌ្ឍ​ដោយ​និរន្តរភាព​។

គួរ​បញ្ជាក់ថា វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក លើក​ទី​២៧ ដែល​ទើប​បញ្ចប់​នេះ មាន​តំណាង​ប្រទេស​ចូលរួម​ចំនួន​២១ ក្នុងចំណោម​ប្រទេស​ចំនួន​២៧ ដែលជា​សមាជិក​ពេញ​សិទ្ធ ហើយ​ប្រទេស​កម្ពុជា​បាន​ចូល​ជា​សមាជិក​នៃ​វេទិកា​នេះ កាលពី​ឆ្នាំ​១៩៩៥៕B/​