ប្រទេស​អ៊ឺរ៉ុប​៥ ឈប់​នាំ​ចេញ​អាវុធ​ទៅ​តួ​ក​គី ដោយសារ​ការវាយប្រហា​រ​នៅ​ស៊ី​រី​

874
ចែករម្លែក

​បារាំង​និង​អាឡឺម៉ង់​កាលពី​ថ្ងៃ​សៅរ៍​ទី​១២​តុលា បាន​ផ្អាក​ការនាំ​ចេញ​អាវុធ​ទៅកាន់​តួ​ក​គី ដោយសារតែ​ការវាយប្រហារ​របស់​ក​ង​កម្លាំង​តួ​ក​គី​រួម​ជាមួយ​សម្ពន្ធមិត្ត​ជា​កងកម្លាំង​​ប្រឆាំង​ស៊ី​រី ប្រឆាំង​យុទ្ធជន​ឃឺត នៅពេល​រដ្ឋាភិបាល​ប្រទេស​អឺរ៉ុប​ជាច្រើន​ថ្កោលទោស​រដ្ឋាភិបាល​ក្រុង​អង់កា​រ៉ា​។​

​ប្រទេស​មួយចំនួន​បាន​ថ្កោលទោស​ការវាយប្រហា​ររ​បស់​តួ​ក​គី ហើយ​ហ្វាំង​ឡ​ង់ ន័រ​វេស្ស និង​ហូ​ឡង់ ក៏​បាន​ប្រកាស​ថា​ពួកគេ​ឈប់​នាំ​អាវុធ​ទៅ​កាន់​ប្រទេស​តួ​ក​គី​។​

​ទាហាន​តួ​ក​គី​កាលពី​ថ្ងៃ​ពុធ​បានចាប់ផ្តើម​ការវាយប្រហា​រកាត់​ព្រំដែន​ប្រឆាំងពួក​យុទ្ធជន​ឃឺត ដែល​តួ​ក​គី​យល់ឃើញថា​ជា​ភេរ​វករ​ដោយ​ផ្គើន​នឹង​ការរិះគន់​អន្តរជាតិ​និង​ការ​​គំរាម​ដាក់ទណ្ឌកម្ម​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​រួម​មួយ​ពី​រដ្ឋមន្ត្រី​ការពារជាតិ​និង​ការបរទេស បារាំង​បាន​និយាយថា ខ្លួន​បាន​ផ្អាក​រាល់​ការនាំចេញ​ទាំងអស់​«​សម្ភារ​សង្គ្រាម​»​ទៅកាន់​តួ​ក​គី​ដែល​អាច​​ប្រើ​នៅ​ក្នុង​ការវាយប្រហារ​ចូល​ស៊ី​រី​។​

ពួក​យុទ្ធជន​ស៊ី​រី​គាំទ្រ​ដោយ​តួ​ក​គី ចូល​ទីប្រជុំជន​ស៊ី​រី តាល់ អាប់​យ៉ាត ជាប់​ព្រំដែន​តួ​ក​គី​កាលពី​ថ្ងៃ​១២​តុលា នៅ​ពេល​ពួកគេ​ត្រៀម​ចូលរួម​ការវាយប្រហារ​ដឹកនាំ​ដោយ​តួ​ក​គី​នៅ​​ស៊ី​រី​ភាគ​ឦសាន​

​សេចក្តីថ្លែងការណ៍​ក្រុងប៉ារីស​កើត​ឡើង​តែ​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​អាឡឺម៉ង់ ដែលជា​អ្នក​ផ្គត់ផ្គង់​អាវុធ​ដ៏​ធំ​សំរាប់​តួ​ក​គី ក៏​បាន​និយាយថា​ខ្លួន​ផ្អាក​នាំ​ការនាំចេញ​។​

​ជំនួប​មួយ​នៅ​លុច​ហ្សំ​បួរនា​ថ្ងៃ​ចន្ទទី​១៤​តុលា​របស់​គណៈកម្មាធិកា​រការ​បរទេស​សហភាព​អឺរ៉ុប នឹង​សំរេច​អំពី​មធ្យោបាយ​រួម​របស់​អឺរ៉ុប​ចំពោះ​បញ្ហា​នេះ ។​

​សេចក្តីថ្លែងការណ៍​របស់​បារាំង​និង​អាឡឺម៉ង់​កាលពី​ថ្ងៃ​សៅរ៍ ព្រមាន​ថា​ការវាយប្រហារ​អាច​បង្ក​ផលវិបាក​មនុស្សធម៌​ធ្ងន់ធ្ងរ​។​

​ឆ្លើយតប​នឹង​ការប្រកាស​របស់​អាឡឺម៉ង់ រដ្ឋមន្ត្រីការបរទេស​តួ​ក​គី បាន​ប្រាប់​វិទ្យុ​អាឡឺម៉ង់​មួយ​ថា «​វា​ជា​បញ្ហា​សន្តិសុខ​ជាតិ បញ្ហា​រស់រានមានជីវិត​មួយ​។​ទណ្ឌកម្ម​អាវុធ​ណា​មួយ​វា​​គ្រាន់តែ​ពង្រឹង​របៀប​ដោះស្រាយ​របស់​យើង​តែប៉ុណ្ណោះ​»​។​

​លោក​បាន​និយាយទៀតថា «​ទោះជា​សម្ពន្ធមិត្ត​របស់​យើង​គាំទ្រ​អង្គការ​ភេរវកម្ម ទោះជា​យើង​នៅ​តែ​ឯង រង​ទណ្ឌកម្ម ការតស៊ូ​របស់​យើង​ផ្តោត​លើ​អង្គការ​ភេរវកម្ម​»​។​លោក​ចង់​និ​​យាយ​សំដៅ កងការពារ​ប្រជាជន​ឃឺត​(YPG)​។​

YPG ជា​ឆ្អឹងខ្នង​ដ៏​សំខាន់​របស់​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី​ដែល​ដឹកនាំ​ដោយ​ពួក​ឃឺត ដែល​ក៏​ជា​ដៃគូ​សំខាន់​ក្នុង​យុទ្ធនាការ​ដឹកនាំ​ដោយ​អាម៉េរិក​ដើម្បី​កំចាត់​ក្រុម​រដ្ឋ​អ៊ីស្លាម​​នៅ​ស៊ី​រី​និង​អ៊ីរ៉ាក់​។​តែ​រដ្ឋាភិបាល​ក្រុង​អង់កា​រ៉ា យល់ឃើញ​ថា​ក្រុម​YPG​នេះ​ជា​មែកធាង​មួយ​របស់​ពួក​ឧទ្ទាម​ឃឺ​តដែល​បាននិងកំពុង​វាយ​ប្រយុទ្ធ​ប្រឆាំង​កងកម្លាំង​តួ​ក​គី​អស់​ពេល​​រាប់​ទសវត្សរ៍​ដើម្បី​មាតុភូមិ​របស់​គេ​៕​ដោយ​៖​វាសនា​