ប្រទេស​៩​ព្យាយាម​ឈ្នះ​ចិន​ដើម្បី​លើកឡើង​អំពី​បញ្ហា​មី​យ៉ាន់​ម៉ា​

500
ចែករម្លែក
  • 55
    Shares

​ក្រុម​អ្នកការទូត​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​២០​កុម្ភៈ​ថា​សហរដ្ឋអាមេរិក បារាំង អង់គ្លេស​និង ប្រទេស​៦​ទៀត​នៅ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បាន​អំពាវនាវ​​ឱ្យ​មាន​កិច្ចប្រជុំ​មួយ​ស្តីពី​បញ្ហា​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា ដែល​ត្រូវបាន​រំពឹងថា​នឹង​ប្រឈម​មុខ​នឹង​ការជំទាស់​ប្រឆាំង​ពី​ចិន​។​

​កិច្ចប្រជុំ​ដែល​ស្នើ​ឡើង​សម្រាប់​សប្តាហ៍​ក្រោយ​នេះ​គឺ​ដើម្បី​ស្តាប់​របាយការណ៍​របស់ លោកស្រី Christine Schraner Burgener បេសកជន​អង្គការសហប្រជាជាតិ​ដែល​បាន​ធ្វើ​​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​១២​ថ្ងៃ​ទៅ​ប្រទេស​មី​យ៉ាន់​ម៉ា ដើម្បី​ពិភាក្សា​អំពី​ស្ថានភាព​អាក្រក់​របស់​ជន​ភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​។​

​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ប្រហែល​៧៤០.០០០​នាក់​កំពុង​រស់នៅ​ក្នុង​ជំរំ​នៅ​ប្រទេស​បង់​ក្លា​ដែស​បន្ទាប់ពី​ពួកគេ​ត្រូវ​បាន​ភៀសខ្លួន​ចេញ​ពី​រដ្ឋ​រ៉ា​ឃី​ន ភាគ​ខាងជើង​នៃ​ប្រទេស​​មី​យ៉ាន់​ម៉ា​ក្នុងអំឡុងពេល​យុទ្ធនា​បង្ក្រាប​ដោយ​យោធា​កាលពី​ឆ្នាំ​២០១៧​ដែល​អង្គការសហប្រជាជាតិ​បាន​ពណ៌នា​ថា​ជាការ​បោសសម្អាត​ជនជាតិភាគតិច​។​

​ប្រទេស​មី​យ៉ាន់​ម៉ា​បាន​ព្រមព្រៀង​ទទួលយក​ជនភៀសខ្លួន​មួយចំនួន​ត្រឡប់មកវិញ​តាម​កិច្ចព្រមព្រៀង​ដែល​សម្រេច​បាន​ជាមួយ​ប្រទេស​បង់​ក្លា​ដែស ប៉ុន្តែ​អង្គការ​សហ​​ប្រជាជាតិ​ទទូចថា​សុវត្ថិភាព​របស់​ក្រុម​ជន​រ៉ូ​ហ៊ីង​យ៉ា​គឺជា​លក្ខខណ្ឌ​មួយ​សម្រាប់​ការវិលត្រឡប់​របស់​ពួកគេ​។​

​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក​Antonio Guterres បាន​រិះគន់​”​កិច្ច​ខំ​ប្រឹងប្រែង​របស់​ប្រទេស​មី​យ៉ាន់​ម៉ា​ថា​មាន​ការយឺតយ៉ាវ​ក្នុងការ​ដោះស្រាយ​វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា​​ហើយ​បាន​ពណ៌នា​អំពី​កង្វះ​វឌ្ឍនភាព​នោះ​ថា​ជា​ប្រភព​នៃ “​ការខកចិត្ត​យ៉ាង​ខ្លាំង​” ។​

​លោកស្រី Christine Schraner Burgener ជា​អ្នកការទូត​ស្វីស​នេះ បាន​ធ្វើ​ទស្សនកិច្ច​៤​លើក​ទៅ កាន់​ប្រទេស​មី​យ៉ាន់​ម៉ា​ចាប់តាំងពី​លោកស្រី​ត្រូវបាន​តែងតាំង​កាលពី​ខែ​មេសា​​ប៉ុន្តែ ហាក់ដូចជា​បាន​វិលត្រឡប់​មក​វិញ ដោយ​ដៃទទេ​រាល់​លើក ។​

​ប្រទេស​បែលហ្ស៊ិក អាល្លឺម៉ង់ ប៉ូឡូញ គុយ​វ៉ែត ប៉េ​រូនិង សាធារណៈរ​ដ្ឋ​ដូ​មីនី​ក បាន​ចូលរួម​ជាមួយ​ជាមួយ​ប្រទេស​មហាអំណាច​៣​ដែល​មាន​សិទ្ធិ​បោះឆ្នោត​វ៉េតូ​ដើម្បី​ជំរុញ​​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​ឱ្យ​បង្វែរ​ការយកចិត្តទុកដាក់​របស់​ខ្លួន​ទៅ​មី​យ៉ាន់​ម៉ា​។​

​ក្រុម​អ្នកការទូត​បាន​និយាយ​ថា​ចិន​ត្រូវបាន​រំពឹងថា​នឹង​លើកឡើង​ការជំទាស់​ប្រឆាំង​ប៉ុន្តែ​វា​នៅតែ​មិន​ច្បាស់​ថា​តើ​ចិន​នឹង​ព្យាយាម​រារាំង​កិច្ចប្រជុំ​នេះ​ដោយ​ការបោះឆ្នោត​​គាំទ្រ​តាម​នីតិវិធី​ឬ​យ៉ាងណា​នោះទេ ៕​ដោយ​៖​សុខា​/sn

លោកស្រី Christine Schraner Burgener (​រូប​ស្តាំទី​២) មកដល់​អាកាសយានដ្ឋាន​ក្រុង​ស៊ីត​វ៉េ​(Sittwe) ប្រទេស​មី​យ៉ាន់​ម៉ា​កាលពី​ថ្ងៃទី​២២​ខែ​មករា​ឆ្នាំ​២០១៩