ប្រទេស រុស្ស៊ី ធ្វើបុណ្យ​ណូអែល​នៅ​ថ្ងៃ ៧ មករា តើ​មកពី​ហេតុអ្វី ?

370

(​ភ្នំពេញ)​៖ អ្នកខ្លះ​បាន​បំភ្លេច​ថ្ងៃបុណ្យ​ណូអែល​បាត់ទៅហើយ ដោយ​គិតថា បុណ្យ​គ្រិស្តសាសនា ដ៏​សំខាន់​នេះ ត្រូវបាន​បញ្ចប់​តាំ​ពី​ចុងខែ ធ្នូ ( ២៥) ឆ្នាំ ចាស់ មកម្ល៉េះ ហើយ​ត្រូវ​រង់ចាំ​រហូតដល់ ចុងឆ្នាំ​ក្រោយ​ទើប​រំលឹក​ឡើងវិញ​ទៀត ។ ប៉ុន្តែ​នៅ​ប្រទេស​រុស្ស៊ី​ឯណោះ​នៅ​ដើមខែ មករា នេះ មនុស្សម្នា​ទើបតែ​នាំគ្នា​ត្រៀម​រៀ​បំ​បុណ្យ​ណូអែល​នៅឡើយ​ទេ គឺ​ពួកគេ​ធ្វើ​នៅ​ថ្ងៃទី ៧ ខែ មករា ( ត្រូវ​នឹង​ថ្ងៃ​ដែល​កម្ពុជា ប្រារព្ធ​ទិវា ជ័យជម្នះ​លើ​របប ប្រល័យពូជសាសន៍ ) តើ​ហេតុអ្វី​បានជា ប្រទេសមួយ​នេះ​ធ្វើ​នៅ​ខុសគេ​បែបនេះ ?

​តាមពិត​មិន​ខុសពី​គេ​ពេក​ទេ ព្រោះ​នៅ​បណ្តា​ប្រទេស​គ្រិស្តសាសនា​និកាយ​បុរាណ​គេ​ធ្វើ​នៅ​ថ្ងៃទី ៦ ខែ មករា ដែរ គឺ​មកពី​មនុស្ស​នៅ​កម្ពុជា​ទេ ដែល​សម្គាល់ថា បុណ្យ​ណូអែល ធ្វើ​តែ​នៅ​ថ្ងៃទី ២៥ ខែ ធ្នូ , តើ​មកពី​ហេតុអ្វី​ដែរ ?

​ជិត​ពីរពាន់​ឆ្នាំ​ហើយ ដែល​ពួក​គ្រិស្ត​សាសនិក បានធ្វើ​បុណ្យ Christmas ឬ បុណ្យ​ណូអែល នៅ​ថ្ងៃទី ២៥ ខែ ធ្នូ ដើម្បី​រំលឹក​ដល់​ថ្ងៃកំណើត​របស់​ព្រះ​យេស៊ូ គ្រិស្ត ( ដូចដែល​ពុទ្ធសាសនិក ធ្វើបុណ្យ ពិសាខបូជា ដែរ ) និង ដើម្បី ពង្រីក​ប្រជាប្រិយភាព​មនោគមវិជ្ជា​សាសនា​មួយ​នេះ ។

​ប៉ុន្តែ​នៅ​ប្រទេស​រុស្ស៊ី​ឯណោះ ពួក​គ្រិស្តបរិស័ទ​បាន​រក្សា​នូវ​ប្រពៃណី​ធ្វើបុណ្យ​ណូអែល​នៅ​ថ្ងៃទី ០៧ ខែ មករា ទៅវិញ ហើយ​ធ្វើឡើង​ក្នុង​បំណង​ដូច​អ្វីដែល​គ្រិស្តបរិស័ទ​លើ​ពិភពលោក​ធ្វើ​នៅ​ថ្ងៃ ២៥ ខែ ធ្នូ ដែរ ដែល​អ្នកខ្លះ​អះអាងថា​មកពី​ប្រទេស​រុស្ស៊ី​កាន់សាសនា​គ្រិស្ត​បុរាណ (Orthodox) ប៉ុន្តែ​បើ​ពិនិត្យ មើល​មែនទែន​ទៅនោះ​មិនមែនជា​មូលហេតុ​ចម្បង​ទេ ។​

​ជាដំបូង​គេ​ត្រូវតែ​ដឹងថា ដោយសារ​តែមាន​កំហុស​ឆ្គង​ជាច្រើន​អន្លើ​នៅក្នុង​លទ្ធិ​របស់ខ្លួន ទើប​គម្ពីរ នៃ គ្រិស្តសាសនា​បាន​ស្គាល់​បទពិសោធន៍​គឺ​កា​កែតម្រូវ និង ការធ្វើ​បដិវត្តន៍​ជាច្រើនលើក​ច្រើនសា នាំឱ្យ គម្ពីរ BIBLE ដែលជា “ គម្ពីរ​គោល​របស់​គ្រិស្តសាសនា “ ត្រូវបាន​កែប្រែ​យ៉ាងហោច ៤០ ដង ហើយ​ប្រើ ពេលវេលា​យ៉ាងហោចណាស់​១៦០០ ឆ្នាំ ជាហេតុ​នាំឱ្យមាន កំណែ​ចាស់ គម្ពីរ BIBLE និង គម្ពីរ BIBLE កំណែ​ថ្មី​ហើយក៏​នាំឱ្យមាន​គ្រិស្ត​បុរាណ និង គ្រិស្តសាសនា​សម័យ​(​ប៉ុន្តែ​មិនមែន​ដូច​ពុទ្ធសាសនា​ថេរវាទ និង មហាយាន​ទេ ) ។

​ជាការ​ពិត​ដែលថា ប្រទេស​រុស្ស៊ី​ជា​ប្រទេស​កាន់សាសនា​គ្រិស្ត​តាមបែប​បុ​រា ឬ Orthodox​ប៉ុន្តែ​អ្វី ដែល​គេ​ត្រូវ​ចងចាំ​នោះ​គឺថា ដើមឡើយ ពួក​គ្រិស្ត សាស និក​នៅ​បូព៌ា​ប្រទេស​បាន​ប្រា​ព្ធ​បុណ្យ​មួយ ឈ្មោះថា Epiphany នៅ​ថ្ងៃ ទី ០៦ ខែ មករា ដើម្បី​រំលឹក​ដល់​ថ្ងៃកំណើត​របស់​ព្រះ​យេស៊ូ គ្រិស្ត ហើយ​ពួក​គ្រិស្ត សាសនិក​នៅឯ​ប​ច្ចឹ​ម​លោក ក៏បាន​ធ្វើ​ដូចគ្នានេះដែរ​យ៉ាងហោចណាស់​រហូត ដល់​ឆ្នាំ ៣៨០ នៃ គ​.​ស ពោលគឺ​ពួកគេ​ធ្វើ​ក្នុង​បំណង​ដូចគ្នា​នឹង​អ្វី​ដែលជា​បុណ្យ ណូអែល​សព្វថ្ងៃ ដែល​ធ្វើ​នៅ ថ្ងៃ ទី ២៥ ខែ ធ្នូ នេះដែរ ។​

​មូលហេតុ​ដែល​ពួក​គ្រិស្តបរិស័ទ​ជ្រើសរើស​ធ្វើបុណ្យ​រំលឹក​ថ្ងៃកំណើត​របស់​ព្រះ​យេស៊ូ គ្រិស្ត នៅ​ថ្ងៃ ទៅ ០៦ ខែ មករា នោះ ដ្បិតថា ថ្ងៃ និង ខែ កំណើត ពិតប្រាកដ​របស់​ព្រះ​គ្រិស្ត គ្មាន​អ្នកណាម្នាក់​ដឹង​ឡើយ គេ​គ្រាន់តែ​ស្មានថា ប្រហែលជា​ពី​ចន្លោះ​ថ្ងៃទី​៧-២ ខែ មករា មុន​គ្រិស្តសករាជ ។​

​ងាក​ទៅ​មើល​ឯ​ទីក្រុង រ៉ូម នៃ អាណាចក្រ​រ៉ូ​ម៉ាំង​ដ៏​មហិមា​ឯណោះ នៅក្នុង​រជ្ជកាល​ព្រះ​ចៅ​អ​ធិ​រាជ្យ Aurelian មាន​ពិធីបុណ្យ​មួយ​ដែល​គេ​ធ្វើ​នៅ​ថ្ងៃទី​២៥ ខែ ធ្នូ (២៧០-២៧៥ នៃ គ​.​ស ) ឈ្មោះថា​បុណ្យ Dies Natalis Solis Invicti ដែលមាន​ន័​ថា “ ព្រះអាទិត្យ​ដ៏​គ្មាន​អ្នកណា​អាច​បង្ក្រាបបាន “ ជា​ពិធីបុណ្យ​របស់​ពួក​អ្នក​មិន​ជឿ​គ្រិស្តសាសនា ហើយ​ជា​អ្នក​គោរព​ព្រះអាទិត្យ​ថា​ជា ព្រះអាទិទេព របស់​ពួកគេ​។ ចូរ​កត់ចំណាំ​ថា ខណៈនោះ ពួក​គ្រិស្តបរិស័ទ​នៅ​ប្រារព្ធ​ធ្វើបុណ្យ​រំលឹក​កំណើត​ព្រះ​យេស៊ូ គ្រិស្ត នៅ​ថ្ងៃ ទៅ ០៦ ខែ មករា នៅឡើយ ។​

​លុះដល់​គ្រិស្តសករាជ​ឆ្នាំ ៣០៦ ( ដល់​៣៣៧ ) ពេលដែល​ស្តេច Constantine ដែលជា​អ្នក​ជឿ​គ្រិស្ត សាសនា ឡើង​គ្រង​អំណាច​នៅ​ទីក្រុង​រ៉ូម ក៏ បាន​បញ្ជា​គេ​ឱ្យ​បំបាត់ចោល​នូវ​បុណ្យ Dies Natalis Solis Invicti របស់​ពួក សាសនិក ព្រះអាទិត្យ​និយម ហើយ​បញ្ជា​ឱ្យគេ​រៀបចំ​ថ្ងៃបុណ្យ​រំលឹក​ដល់​កំណើត ព្រះ​គ្រិស្ត នៅ​ថ្ងៃទី ២៥ ខែ ធ្នូ ជា​ជំនួស​បុណ្យ Dies Natalis Solis Invicti វិញ គឺ​ក្នុង​គោលបំណង អូសទាញ​ពួក​សាសនិក នៃ បុណ្យ Dies Natalis Solis Invicti ឱ្យ​ងាក​ទៅ​ជឿ គ្រិស្តសាសនា ឬ និយាយ​ម្យ៉ាង​ទៀតថា ជាការ​បង្ខិតបង្ខំ​ពួក​សាសនា​ព្រះអាទិត្យ​ឱ្យ​លប់បំបាត់​សាសនា របស់​ពួកគេ​ចោល ហើយ​ឱ្យ​ពួកគេ​ធ្វើបុណ្យ​របស់​សាសនា​ពួកគេ​ដើម្បី​រម្លឹក​ដល់​ព្រះ​គ្រិស្ត​ទៅវិញ ដែល​តាមពិតទៅ ព្រះ​គ្រិស្ត មែន​ប្រសូត​នៅ​ថ្ងៃទី ២៥ ខែ ធ្នូ ផង ។

​ដោយសារ​អំណាច​ស្តេច Constantine នេះ​ជាដើម ពួក​អ្នកណា​មិន​ជឿ​គ្រិស្តសាសនា ក៏​ត្រូវតែ​ប្រតិបត្តិ តាម​គ្រិស្តសាសនា​ដែរ ហើយ​បុណ្យ Dies Natalis Solis Invicti ក៏​លែងមាន​វត្តមាន​ក្នុង លោក​តាំងពី​ពេលនោះ ហើយ​បុណ្យ​រំលឹក​ថ្ងៃកំណើត​ព្រះ​គ្រិស្ត ឬ បុណ្យ​ណូអែល ក៏ត្រូវ​បាន​គេ​ធ្វើ​នៅ​ថ្ងៃ ទី ២៥ ខែ ធ្នូ ជាដំបូង​នៅ​ឆ្នាំ ៣០៦ នោះឯង ហើយ​ត្រូវបានធ្វើ មិនមែន​គ្រាន់តែ​រម្លឹក​ដល់​ថ្ងៃកំណើត របស់​ព្រះ​គ្រិស្ត (​ព្រោះ​ព្រះ​គ្រិស្ត មិនមែន​ប្រសូត ថ្ងៃ ទី ២៥ ធ្នូ ) ប៉ុន្តែ​គឺ​ធ្វើ​ដើម្បី​ពង្រីក មនោគមវិជ្ជា ឬ លទ្ធិ​គ្រិស្តសាសនា ។​

​នៅក្នុង​សម័យ​ទំនើប ការបង្ខិតបង្ខំ​បែប​នោះ លែង​សូវ​មាន​ឥទ្ធិពល ទើប​បុណ្យ​ណូអែល ប្រែ​រូបរាង​បន្តិច គឺ​ទៅជា​ធ្វើឡើង តាមរយៈ​ការបង្កើតឱ្យមាន​កម្មវិធី​សប្បាយ​នានា​ដើម្បី​អូសទាញ​ចំណាប់អារម្មណ៍​មនុស្ស និង បង្កើត​អនុស្សាវរីយ៍ ដូចជា​ជាការ​ចែក​ការដូ​ជាដើម ។​

​ដោយសារ​អំណាច​របស់​ស្តេច Constantine នេះ ពួក​អ្នក​គោរព​ព្រះអាទិត្យ​ក៏ត្រូវ​តែ​ងា​កមក​ឱនលំទោន គ្រិស្តសាសនា​ដែរ ។ ប្រហែលជា​ឆ្នាំ ៣៣៨ ក្នុង​រជ្ជកាល​ស្តេច Alexandria ពិធីបុណ្យ​រំលឹក ថ្ងៃកំណើត​ព្រះ​គ្រិស្ត នៅ​ថ្ងៃទី ២៥ ខែ ធ្នូ នេះ​ត្រូវបាន​នាំយកទៅ​សាប​ព្រួស​នៅ​បូព៌ា​ប្រទេស​ផងដែរ ។​
​ ​
​ហាក់​ពុំមាន​អំណះអំណាង​ជាក់លាក់​ថា ហេតុអ្វី​បានជា​ប្រទេស​រុស្ស៊ី​ធ្វើបុណ្យ​ណូអែល​នៅ​ថ្ងៃទី ០៧ ខែ មករា ទេ ខណៈដែល​ប្រទេស​ដទៃ​ពី​បុរាណ​ធ្វើ​នៅ​ថ្ងៃទី ០៦ ខែ មករា ហើយ​គេ​ក៏​មិនបាន​ដឹងថា រុស្ស៊ី​ចាប់ផ្តើម​ធ្វើបុណ្យ​នេះ​ពី​ឆ្នាំ​ណា​ដែរ ។ ទោះយ៉ាងណា​គេ​អាច​សន្និដ្ឋានបានថា ដោយហេតុតែ​គ្មាន អ្នកណា​ដឹងថា​ព្រះ​យេស៊ូ កើត​នៅ​ថ្ងៃ​ណា​ពិតប្រាកដ ហើយ​គេ​គ្រាន់តែ​សង្ស័យថា​ពី​ចន្លោះ​ថ្ងៃទី ៧-២ ខែ មករា មុន​គ​.​ស នោះឯង​ហើយ ទើប​ប្រទេស​រុស្ស៊ី​ប្រារព្ធ​ពិធីបុណ្យ​រំលឹក​ខួបកំណើត​ព្រះ​គ្រិស្ត​នៅ​ថ្ងៃទី ០៧ ខែ មករា ហើយក៏​ដោយសារតែ​ប្រទេស​រុស្ស៊ី​កាន់សាសនា​គ្រិស្ត​បុរាណ​ទើប​មិន​ព្រម​កែប្រែ ទៅធ្វើ​នៅ​ថ្ងៃទី ២៥ ខែ ធ្នូ ដូច​ប្រទេស​ដទៃ ។

​ក៏មាន​មេដឹកនាំ​សាសនា​គ្រិស្ត​នៅ​រុស្ស៊ី​ខ្លះ​យល់ថា មូលហេតុ​ដែល​ពួកគេ​មិន​ធ្វើបុណ្យ​ណូអែល នៅ ថ្ងៃ ២៥ ខែ ធ្នូ ពុំមែន​ជា​ថ្ងៃកំណើត​របស់​ព្រះ​គ្រិស្ត​ទេ គឺ​គ្រាន់តែ​ជា​ថ្ងៃ​ដែល​ស្តេច Constantine ដណ្តើម យក​ពី​ពួក​គោរព​ព្រះអាទិត្យ​ប៉ុណ្ណោះ ឬ និយាយ​ម្យ៉ាង​ទៀតថា អ្នកដឹកនាំ​សាសនា​គ្រិស្ត​នៅ​រុស្ស៊ី យល់ថា ថ្ងៃ ២៥ ខែ ធ្នូ គឺជា​ថ្ងៃបុណ្យ​ដើម្បី​រំលឹក​អាទិទេព​របស់​ពួក​អ្នក​គោរព​ព្រះអាទិត្យ​ហើយ​មិនមែន ជា​បុណ្យ​សម្រាប់​រំលឹក​ថ្ងៃកំណើត​របស់​ព្រះ​គ្រិស្ត​ទេ ។

​ទោះយ៉ាងណា អំណះអំណាង​នេះ ពុំមាន​អ្នកមាន​ឥទ្ធិពល​ណា​ចេញមក​ប្រកាស​ជា​ផ្លូវការ​ឡើយ ក៏​ប្រហែលជា​ខ្លាច​ប៉ះពាល់​ដល់​កិត្តិនាម នៃ ថ្ងៃបុណ្យ​ណូអែល​នៅ​ថ្ងៃទី ២៥ ខែ ធ្នូ ទេ​ដឹង ? ។​

​ជា​ចំណុច​ដ៏​សំខាន់បំផុត​មួយ​ដែល​គួរកត់សម្គាល់​នោះ​គឺ បដិវត្តន៍ ខែ តុលា ឆ្នាំ ១៩១៧ ( នៃ ប្រតិទិន ជូ​លាន ដែល​ត្រូវជា​ថ្ងៃទី ៧ ខែ វិច្ឆិកា នៃ ប្រតិទិន​ហ្ក្រ​ហ្គោ​រាន ដែលជា​ប្រតិទិន​សកល​នាពេល​បច្ចុប្បន្ន ) ពោលគឺ​ក្នុងអំឡុង​សម័យកាល​សហភាពសូវៀត បុណ្យ​ណូអែល ក៏ដូចជា​ពិធី​នានា​ក្នុង​សាសនា គ្រិស្ត​ត្រូវបាន​ហាមឃាត់ រហូតដល់​ឆ្នាំ ១៩៣៥ ដែល​ឥទ្ធិពល​កុ​ម្មុយ​និ​ស្ត​នៅ​សូ​វៀត​មានការ​ប្រែប្រួល ទើប​ពិធី​ក្នុង​សាសនា​គ្រិស្ត រួមទាំង​ថ្ងៃបុណ្យ​ណូអែល​ផង​ត្រូវបាន​ប្រារព្ធ​ធ្វើ និង បាន​ក្លាយជា ថ្ងៃ​សម្រាក​ជាតិ​ឡើងវិញ​នៅក្នុង​ប្រទេស​មហាអំណាច​មួយ​នេះ ហើយ​ធ្វើ​នៅ​ថ្ងៃទី ០៧ ខែមករា ដដែល ពោលគឺ​មិន​កែប្រែ​ទៅធ្វើ​នៅ​ថ្ងៃទី ២៥ ខែធ្នូ តាម​បណ្តា​ប្រទេស​នានា​ក្នុង​លោក​ឡើយ ។ ហើយក៏​មាន ការជំទាស់​ជាច្រើន​ចំពោះ​ការកំណត់​យក​ថ្ងៃបុណ្យ​ណូអែល​ដាក់​ជា​ថ្ងៃ​សម្រាក​ជាតិ ។​
​ ​
​បុណ្យ​ណូអែល​នៅ​ប្រទេស​រុស្ស៊ី​មាន​លក្ខណៈ​ប្លែក​ជាង​បុណ្យ​ណូអែល នៃ បណ្តា​ប្រទេស​ដទៃ ដោយ​គ្រិស្តបរិស័ទ​រៀបចំ​អាហារ​១២​មុខ​សម្រាប់​បរិភោគ​ជុំគ្នា​ក្នុង​គ្រួសារ ដោយ​គេ​ចាត់ទុកថា អាហារ​មួយ​មុខ​តំណាងឱ្យ​សាវ័ក​មួយរូប​របស់​ព្រះ​គ្រិស្ត ។​

​ពាក្យ​ថា Christmas (Christmas Day , Xmas) មកពី​ពាក្យ​ថា Christ’s Mass (​បង្កើត​នៅ​ឆ្នាំ ១១៣១ នៃ គ​.​ស ) ជា​ពាក្យ​ក្លាយ​មកពី​ភាសា​អង់គ្លេស​សម័យ​កណ្តាល​ថា Cristemasse (​បង្កើត​នៅ​ឆ្នាំ​១០៣៨ នៃ គ​.​ស ) មានន័យ​ជា​ខេមរភាសា​ថា “ បណ្តុំ នៃ អ្នក​គ្រិស្ត​និយម “ ឬ “ ប្រជុំ នៃ ពួក​ជន​អ្នក​កាន់​គ្រិស្តសាសនា “ ដោយហេតុថា បុណ្យ Christmas ឬ បុណ្យ​ណូអែល គឺជា​បុណ្យ​របស់​ពួក​គ្រិស្ត​សាសនិក​សុទ្ធសាធ ឬ និយាយ​ឱ្យ​ច្បាស់​ជាង​នេះ​ថា គេ​ធ្វើបុណ្យ ណូអែល ដើម្បី​លើកតម្កើង ផ្សព្វផ្សាយ បញ្ជ្រាប និង ពង្រីក​ឥទ្ធិពល​គ្រិស្តសាសនា ។​

​ពិធីបុណ្យ Christmas បាន​កើនឡើង​ឥទ្ធិពល​និង​ប្រជាប្រិយ​កាន់តែ​ខ្ទរខ្ទា​ខ្លាំង​ថែមទៀត បន្ទាប់ពី​ស្តេច Charlemagne នៃ អ៊ីតាលី បាន​ឡើង​គ្រង​អំណាច​ជា​ព្រះ​ចៅ​អ​ធិ​រាជ្យ នៅ​ថ្ងៃបុណ្យ Christmas នា ឆ្នាំ ៨០០ នៃ គ​.​ស ។ ស្តេច Edmund the Martyr ត្រូវបានធ្វើ​ពិធី​ជ្រមុជ​ទឹក នៅ​ថ្ងៃ Christmas នា ឆ្នាំ ៨៥៥ ហើយ​ស្តេច William I នៃ ចក្រភព​អង់គ្លេស​បាន​ឡើង​គ្រង​រាជ​នៅ​ថ្ងៃបុណ្យ Christmas នា ឆ្នាំ ១០៦៦ ។ ស្តេច Richard II នៃ ចក្រភព​អង់គ្លេស បាន​ស្វាគមន៍​ថ្ងៃបុណ្យ Christmas នា ឆ្នាំ ១៣៧៧ ដោយ​ការយក​គោ​ឡើង ក ចំនួន​២៨ ក្បាល និង ជៀម ៣០០​ក្បាល​ធ្វើជា​ម្ហូប​ជប់លៀង ថ្ងៃបុណ្យ​នេះ ។​

​មិន​ថា​បុណ្យ​ណូអែល​ធ្វើ​នៅ​ថ្ងៃទី ០៦ ឬ ទី ០៧ ខែ មករា ឬ ថ្ងៃទី ២៥ ខែ ធ្នូ ឡើយ ក៏​វា​នៅតែ​ក្នុង​បំណង ដូចគ្នា​គឺ​ដើម្បី​រំលឹក​ថ្ងៃកំណើត​របស់​ព្រះ​គ្រិស្ត ដើម្បី​លើកតម្កើង ផ្សព្វផ្សាយ​បញ្ជ្រាប និង​ពង្រីក​ឥទ្ធិពល គ្រិស្តសាសនា ប៉ុន្តែ​ប្រការ​ដែល​អ្នកវិភាគ​មួយចំនួន​សើចចំអក​លែបខាយ និង បារម្ភ នោះ គឺ​ប្រជាជន​កម្ពុជា​ដែលជា​អ្នក​កាន់​ពុទ្ធសាសនា ភាគច្រើន​នៅ​ទីប្រជុំជន​ធំៗ មាន​រា​ជធ​នី​ភ្នំពេញ​ជាដើម ដោយ​រួមទាំង​សាលា​ឯកជន​ផង បាន​ជ្រុល​ជ្រើម​សាទរ​បុណ្យ​ណូអែល​យ៉ាង​ឥត​អៀនខ្មាស ៕ ដោយ​: មេសា​

អាហារ​ក្នុង​ថ្ងៃបុណ្យ​ណូអែល នៅ​ប្រទេស​រុស្ស៊ី (x-mas 1)
ការតាំង​ដើម​សា​ប៉ាំង​ក្នុងឱកាស​បុណ្យ​ណូអែល​នៅ​រុស្ស៊ី (x-mas 2)