ប្រទះឃើញ​កំណប់​មហាសាល​បន្សល់​ពី​យុគសម័យ​សំរឹទ្ធិ​ដែល​គេ​ជឿថា​អាចជា​ការប្រទាន​ពី​ព្រះ​ជា​ម្ចាស់​

226
ចែករម្លែក

​អាវុធ​បុរាណ​រាប់​រាយ​ដើម​ដែល​បន្សល់​តាំងពី​យុគសម័យ​សំរឹទ្ធិ ឬ Bronze Age ត្រូវបាន​កម្មករ ប្រទះឃើញ​ដោយ​ចៃដន្យ​នៅ​ការដ្ឋាន​សំណង់​មួយកន្លែង​ក្បែរ​ច្រាំងទន្លេ​ស៊ែម​ស៍ (River Thames) ប្រទេស​អង់គ្លេស ដែល​គេ​ជឿថា​អាចជា​ការប្រទាន​ពី​ព្រះ​ជា​ម្ចាស់​នេះ​បើ​យោងតាម​ក្រុម​អ្នក ជំនាញ​។

កំណប់​មហាសាល​រួមមាន​សព្វាវុធ​បុរាណ​ចំនួន ៤៥៣ ដែលមាន​អាយុកាល​ជិត ៣.០០០​ឆ្នាំនេះ ត្រូវបាន​ប្រទះឃើញ​នៅ​សង្កាត់​ហា​វើ​រីង (Havering) ភាគ​ខាងកើត​នៃ​ទីក្រុង​ឡុង​ដ៍​កាលពី​ខែកញ្ញា កន្លងទៅ​។​​ផ្លែ​ពូថៅ ដាវ លំពែង កាំបិត​ស្នៀត និង​ដុំ​ស្មិត​ស្ពាន់​ដែលមាន​អាយុកាល​ចន្លោះ​ពី​ឆ្នាំ​៨០០ ទៅ​ឆ្នាំ ៩០០ មុន​គ្រិស្តសករាជ​។​

​អាវុធ​ទាំងនេះ​ត្រូវបានធ្វើ​កំណាយ​ដោយ​ក្រុម​បុរាណវត្ថុវិទ្យា​។ ក្រុម​អ្នកជំនាញ​ជឿថា ទីតាំង កំណាយ​នេះ​អាចជា​កន្លែង​ផលិត​អាវុធ ឬ​ជាងដែក​សម័យបុរាណ​ទើបបានជា​វត្ថុ​ទាំងនេះ​នៅ​ផ្តុំគ្នា យ៉ាង​ល្អ​បែបនេះ​។ ពួកគេ​ក៏​មិនបាន​ច្រានចោល​ជំនឿ​អ​រូបិយ​ដែល​លើកឡើងថា​កំណប់​នេះ​ជាការ​ប្រទាន​ពី​ព្រះ​ជា​ម្ចាស់ នោះដែរ​។

សូមបញ្ជាក់ថា ការរកឃើញ​កំណប់​នេះ​ត្រូវ​បានប្រកាស​ជា​ផ្លូវការ​កាលពីដើម​ឆ្នាំនេះ ហើយ​វា​ជា ការរកឃើញ​កំណប់​យុគសម័យ​សំរឹទ្ធិ​ធំ​បំផុត​ទី​៣ នៅ​ចក្រភព​អង់គ្លេស​៕ ប្រែ​សម្រួលៈ​ខុម​