ប្រទះឃើញ​គ្រាប់មីន​ធុន​M១៤​នៅ​ជើងភ្នំ​បាណន់​

318

(​បាត់ដំបង​)៖ កាលពី​រសៀល​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៧ មាន​ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​គ្រាប់មីន​ធុន​M១៤ ចំនួន​១​គ្រាប់ នៅ​ចំណុច​ជើងភ្នំ​បាណន់ ស្ថិតក្នុង​ភូមិ​បាណន់ ឃុំ​ក​ន្ទឺ​២ ស្រុក​បាណន់ ហើយ​រាយការណ៍​ប្រាប់​កម្លាំង​នគរបាល​ស្រុក​។ បន្ទាប់មក​អធិការ​ស្រុក បាន​រាយការណ៍​ទៅ​ក្រុម​កម្ចាត់មីន HaloTrust ដើម្បី​យកទៅ​រក្សាទុក ឬក៏​ធ្វើការ​កម្ទេចចោល​នៅ​កន្លែង​។​

​លោក ប៉ាន់ វ៉ាន់​នី អធិការនគរបាល​ស្រុក​បាណន់ បាន​ឲ្យ​ដឹងថា កម្លាំង​នគរបាល​ស្រុក​បាណន់​បានទទួល​គ្រាប់មីន​ធុន​M១៤ ផលិត​នៅ​ប្រទេស​អាមេរិក​ចំនួន​១​គ្រាប់ ដែលជា​គ្រាប់​សល់​ពី​សម័យ​សង្គ្រាម ដែល​ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​នៅ​ចំណុច​ជើងភ្នំ​បាណន់ ស្ថិតក្នុង​ភូមិ​បាណន់​ឃុំ​ក​ន្ទឺ​២ ស្រុក​បាណន់​។

លោក​អធិការនគរបាល​ស្រុក​បាណន់ បាន​បញ្ជាក់ថា បើតាម​ការបំភ្លឺ​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​នោះ​សន្និដ្ឋានថា យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ដែល​រកឃើញ​នេះ អាចជា​សំណល់​ដែល​ភាគី​ជម្លោះ​កាលពី​សម័យ​សង្គ្រាម​លាក់ទុក​នៅ​ទីនោះ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ធុច រ៉ា ស្នងការរង​ទទួលបន្ទុក​ការងារ​អាវុធជាតិផ្ទុះ បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន សូមមេត្តា​រាយការណ៍​មក​សមត្ថកិច្ច ឬ​អាជ្ញាធរ​ដែនដី​ដែល​នៅ​ជិត​បំផុត ក្នុងករណី​ដែល​បាន​ប្រទះឃើញ​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ ឬ​មានការ​សង្ស័យថា ជា​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​សូមកុំ​ប៉ះពាល់​ឲ្យ​សោះ ព្រោះ​វត្ថុ​ទាំងនោះ នឹង​បង្ក​នូវ​គ្រោះមហន្តរាយ​ដល់​អាយុជីវិត និង​ក្រុមគ្រួសារ​យើង​ជាក់​ជាមិនខាន​៕L ដោយៈ គ្រញូង​