ប្រទះឃើញ​បុរស​ម្នាក់​ដេកស្លាប់​ឡើង​ហើម​ស្អុយ​តែ​មិនទាន់​ដឹង​ពី​មូលហេតុ​

497
ចែករម្លែក

​ដោយ:​គ្រញូង​/​បាត់ដំបង ៖ ​កាលពី​រសៀល​ថ្ងៃទី​២៩​ ខែវិច្ឆិកា ​ឆ្នាំ​២០១៨​ នៅ​ចំណុច​ភូមិ​ពោធិ​ជ្រៃ​ឃុំ​សិរី​មានជ័យ​ស្រុក​សំពៅ​លូន​មានការ​ភ្ញាក់ផ្អើល​ដោយ​​មាន​គេ​ប្រទះឃើញ​សាកសព​បុរស​ម្នាក់​ដេកស្លាប់​មាន​សភាព​ហើម​ស្អុយរលួយ​ទៅហើយ​។

លោក​វរសេនីយ៍ឯក ពេជ្រ សា​រ៉ែ​ន ​អធិការនគរបាល​ស្រុក​សំពៅ​លូន​បានឲ្យដឹងថា​ សាក​​សព​ដែល​ហើម​ស្អុយ​នេះ​ត្រូវបាន​គេ​ស្គាល់​​ឈ្មោះ​ ណាក់ វ៉ាន់​នី ​ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ មុខរប​ជា​កម្មករ​រស់នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ​។​

លោក​អធិការ​ស្រុក​បាន​បញ្ជាក់ថា ​ចំពោះ​មូលហេតុ​នៃ​ការស្លាប់​របស់​បុរស​នេះ​នៅ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​។

​បច្ចុប្បន្ន​សមត្ថកិច្ច​យើង​កំពុង​ស្រាវជ្រាវ​និង​សាក​​សួរ​អំពី​ស្ថានភាព​ក្រុមគ្រួសារ​ជនរងគ្រោះ ​និង​សាក្សី​ ដែល​បាន​ដឹងឮ ​ព្រោះ​ជនរងគ្រោះ​ដេកស្លាប់​លើផ្ទះ​ម្នាក់ឯង​។ ហើយក៏​មិនទាន់​ហ៊ាន​សន្និដ្ឋាន​អំពី​ការស្លាប់​របស់​ជនរងគ្រោះ​នេះ​ថា ជា​ករណី​បែបណា​នៅឡើយ​ទេ ។​

សាកសព​ក្រោយ​ធ្វើ​កោសល្យវិច្ច័យ​រួច​បាន​​កប់​នៅក្នុង​ដី​របស់​ជនរងគ្រោះ​ជាប​ណ្តោះ​​អាសន្ន​សិន ​រង់ចាំ​ក្រុមគ្រួសារ​មក​សួរនាំ​៕B/