ប្រទះឃើញ​រថយន្ត​កុងតឺន័រ​៥​ថ្ងៃ​ហើយ តែ​រក​ម្ចាស់​មិនឃើញ

827
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: រថយន្ត​កុង​តៃ​ន័​រ​មួយគ្រឿង ម៉ាក DAEWOO ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 3B-2775 ត្រូវបាន​គេ​ប្រទះឃើញ​ចំនួន​៥​ថ្ងៃ​កន្លងមកហើយ ដែល​គេ​យកមក​ប្លុង​ចោល នៅតាម​ចិញ្ចើម​ផ្លូវជាតិ​លេខ​៤ មុខ​ក្រុមហ៊ុន​លក់​គ្រឿងចក្រ ភូមិ​ព្រៃ​ព្រីង​ជើង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ រក​ម្ចាស់​មិនឃើញ នៅ​ល្ងាច​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៨​នេះ ខាង​សន្តិសុខ​ក្រុមហ៊ុន លក់​គ្រឿងចក្រ រាយការណ៍​ប្រាប់​សមត្ថកិច្ច​ឲ្យ​ជួយ​ស្រាវជ្រាវ​រក​ម្ចាស់​។​

​តាម​សន្តិសុខ​យាម​ប្រចាំ​នៅ​ក្រុមហ៊ុន​លក់​គ្រឿងចក្រ បាន​ប្រាប់​រស្មី​កម្ពុជា​ថា រថយន្ត​មួយគ្រឿង​ខាងលើ ឃើញ​បើក​យកមក ចត​ទុកចោល​លើផ្លូវ​បេតុង​ជាប់​សួន ចិញ្ចើម​ផ្លូវជាតិ​លេខ​៤ កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៨​មក​ម្លេះ អ្នកបើកបរ​ក្រោយពី​ឈប់​រថយន្ត​ហើយ សូម្បីតែ​កញ្ចក់ទ្វារ​មិន​បិទ​ផង ហើយ​ដើរ​ចាក​ចេញទៅ​បាត់ រង់ចាំ​ម្ចាស់​មក​យក​វិញ មួយថ្ងៃ​បាត់ ២​ថ្ងៃ​បាត់ រហូតមកដល់​ល្ងាច​ថ្ងៃនេះ​ទៅហើយ នៅតែ​មិនឃើញ​ម្ចាស់​មក​យក​រថយន្ត​ចេញ​ទៀត ទើប​រាយការណ៍​ប្រាប់​សមត្ថកិច្ច ចុះទៅពិនិត្យ​ជាក់ស្តែង ដើម្បី​ស្រាវជ្រាវ​រក​ម្ចាស់​៕ ល​