ប្រទះឃើញ​ល្អាង​និង​ថ្ម​៨​ជ្រុង​ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា​

169
ចែករម្លែក

ដោយ​: សាត​ចាន់​បុត្រ / មណ្ឌលគិរី​: នៅក្នុង​សប្តាហ៍​ទី​២ នៃ​ខែឧសភា​ឆ្នាំ​២០២០​នេះ មានការ​ភ្ញាក់ផ្អើល​មួយ ស្រប​ពេលដែល​ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​ល្អាង ឬក៏​រន្ធ​ថ្ម ព្រមទាំង​សសរ​ប្រាំបី​ជ្រុង ក្នុង​ទីតាំង​មួយ នៃ​ដែនជម្រកសត្វព្រៃ​កែវ​សីមា ខេត្តមណ្ឌលគិរី​។​

​បុរស​ឈ្មោះ ងួន ជា​ជនជាតិដើម​ភាគតិច​ព្នង មាន​ទីលំនៅ ក្នុង​ទឹកដី​នៃ​ឃុំ​ស្រែ​ព្រះ លោក​បាន​រាយការណ៍​មក​ថា ដោយ​ឮ​តៗ​គ្នា​ពី​បងប្អូន​ជនជាតិដើម​ដូចគ្នា​ដែល​រស់នៅ​ក្នុងភូមិ​ចក់​ចារ​ឃុំ​ស្រែ​ឈូក​ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ថា​មាន​សសរថ្ម​ប្រាំបី​ជ្រុង មាន​ចម្ងាយ​ប្រហែល ១០​គីឡូម៉ែត្រ​ពី​ភូមិ​ចក់​ចារ លោក​បាន​ទៅលេង​ទីនោះ​ដែរ​។ ហើយក៏​ប្រទះឃើញ​ថ្ម ដែលមាន​ទំហំ​ធំៗ មាន​ជ្រុង​ដល់​ទៅ​ប្រាំបី​ជ្រុង មាន​សណ្ឋាន​ដូចជា សសរថ្ម លាតសន្ធឹង​លើ​ផ្ទៃដី​ប្រហែល​កន្លះ​ហិកតា នៅឯ​ដែនជម្រកសត្វព្រៃ​ភ្នំ​ណា​ម​លៀ​។​

​លោក ងួន បន្ត​រៀបរាប់ថា ក្រៅពី​សសរ​តម្រៀប​គ្នា​យ៉ាង​ស្អាត លោក​ឃើញ​មាន​រន្ធ​ធំ មាន​លក្ខ​ណះ​ដូចជា​ល្អាង​ឬ​ទីកន្លែង​ស្នាក់អាស្រ័យ​របស់​មនុស្ស មាន​រុក្ខជាតិ​ដុះ​ព័ទ្ធជុំវិញ ប៉ុន្តែ​ដូចជា​គ្មាន​ប្រភពទឹក​នៅក្បែរ​ទេ​។ លោក​បញ្ជាក់ទៀតថា ទីតាំង​ថ្ម​តំរាប​នេះ មិនសូវមាន​មនុស្សម្នា​ដឹង​ទេ ទើបតែ​គិតពី​ថ្ងៃទី​១១​ឧសភា​មក មាន​អ្នកភូមិ​យក​ផ្លែឈើ​ទៅ​សែនព្រេន ឯ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី បាន​សួរនាំ​លោក​រឿង​នេះដែរ​។​

​មិនទាន់មាន​ការបញ្ជា​ក់​ពី​មន្ទីរ​បរិស្ថាន​ទេ​នៅ​ថ្ងៃទី​១៦​ឧសភា ប៉ុន្តែ​ថ្ម​ប្រភេទ​នេះ​មាន​រូបរាង​ដូចគ្នា​ទៅ​និង​សសរថ្ម​ដែល​ដុះ​នៅ​ដែនជម្រកសត្វព្រៃ​ភ្នំ​ណា​ម​លៀរ​ដែរ​។​សសរថ្ម​នោះ​ត្រូវគេ​អះអាងថា ជា​ថ្ម​បា​សាល់ មាន​អាយុកាល​រាប់ម៉ឺន​លាន​ឆ្នាំ ហើយ​ក្រសួងបរិស្ថាន បាន​ចុះ​សិក្សា​ស្រាវជ្រាវ និង​ប្រមូល​ទិន្នន័យ​ពី​សក្តានុពល នៃ​ទីតាំង​តំបន់​ដែល​ត្រូវ​រៀបចំ​កំណត់​ស្នើសុំ​ជា​តំបន់​បេតិកភណ្ឌ​ពិភពលោក របស់​អង្គការ UNESCO នៅក្នុង​ខេត្តមណ្ឌលគិរី​។ ការពិនិត្យ​ទីតាំង​ចំនួន​២​កន្លែង​នោះ រួមមាន​: ទីតាំង​ទី​១ សសរថ្ម​បា​សាល់ ស្ថិតនៅ​ក្នុងភូមិ​លេខ​៥(​ឡាំ​មេះ​) ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា និង​ទី​តាំងទី​២ ភ្នំ​ណា​ម​លៀរ ស្ថិតនៅ​ក្នុងភូមិ​ពូ​តឺ​ត ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី​។​

​ការប្រទះឃើញ​ថ្ម​ធម្មជាតិ​មាន​រូបរាង​ចម្លែក​នៅ​ទឹកដី​ឃុំ​ស្រែ​ឈូក​នេះ ពលរដ្ឋ​សង្ឃឹមថា នឹងមាន​ការរៀបចំ​ដូចជា​គ្នា និង​ថ្ម​នៅឯ​ដែនជម្រកសត្វព្រៃ​ភ្នំ​ណា​ម​លៀរ​ដែរ​៕ ល​