ប្រទះឃើញ​សព​បុរស​ចំណាស់​ម្នាក់​ឡើង​ហើម​ស្អុយ​ពេល​កំពុង​ច្រូតស្រូវ​

535
ចែករម្លែក

ដោយ​: គ្រញូង / បាត់ដំបង​: កាលពី​ព្រឹក​ថ្ងៃទី​២៩​ខែធ្នូ​ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​គោក​ក្ដួច ឃុំ​តាពូង​ស្រុក​ថ្មគោល ខេត្តបាត់ដំបង មានការ​ភ្ញាក់ផ្អើល ដោយ​ប្រជាកសិករ​បាន​ប្រទះឃើញ​សព​បុរស​ចំណាស់​ម្នាក់ ពេល​កំពុង​ច្រូតស្រូវ​ទុំ​នៅ​កណ្ដាល​វាលស្រែ​។​

​លោក​វរសេនីយ៍ត្រី ហៀ​ង ប៊ុន​ថា អធិការរង​នគរបាល​ស្រុក​ថ្មគោល​ទទួលបន្ទុក​ផ្នែក​ព្រហ្មទណ្ឌ​បានឱ្យដឹងថា សព​ដេកស្លាប់​កណ្តាលវាល​ស្រែ​ស្រូវ​ទុំ ត្រូវបាន​គេ​ស្គាល់ឈ្មោះ គង់ ស៊យ អាយុ​៥៤​ឆ្នាំ រស់នៅ​ភូមិ​គោក​ក្ដួច ឃុំ​តាពូង ស្រុក​ថ្មគោល​។​

​លោក​អធិការរង​ស្រុក​បា​បញ្ជាក់ថា អ្នកភូមិ​ទៅ​ច្រូតស្រូវ ហើយ​បាន​ប្រទះឃើញ​សាកសព​បុរស​វ័យ​ចំណាស់​នេះ ដេកស្លាប់​នៅ​កណ្ដាល​ស្រែ​ដែលមាន​ស្រូវ​ទុំ​ហើយ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​បច្ចេកទេស​វិទ្យាសាស្ត្រ​ចុះទៅពិនិត្យ​មើល​។ សមត្ថកិច្ច​បាន​ប្រាប់ថា សាកសព​នេះ អាច​ស្លាប់​ពី​៥​ទៅ​៦​ថ្ងៃ ទើប​មាន​សភាព​ហើម​ស្អុយ​បែបនេះ​។​

​ពាក់ព័ន្ធ​ករណី​បុរស​ចំណាស់​ដេកស្លាប់​ក្នុង​ស្រូវ​ទុំ​នេះ អ្នកភូមិ​បាន​ប្រាប់ថា គាត់​ជា​មនុស្ស​មាន​សតិ​មិន​ប្រក្រតី ហើយ​តែងតែ​ផឹកស្រា​ស្រវឹង​រាល់ថ្ងៃ ហើយ​គ្មាន​ទិសដៅ​ច្បាស់លាស់​ទេ​។

ដោយឡែក​សមត្ថកិច្ច​ជំនាញ​សន្និដ្ឋានថា បុរស​នេះ​អាច​ស្លាប់​ដោយ​ដាច់បាយ ហើយ​ដួល​ស្លាប់​កណ្តាល​វាលស្រូវ​ទុំ ដោយ​គ្មាន​អ្នកណា​ដឹង​។ ក្រោយ​ពិនិត្យ​សាកសព​រួច សមត្ថកិច្ច​ប្រគល់​សព​ឱ្យ​អាជ្ញាធរ​ដែនដី​យកទៅ​បូជា​នៅ​វត្ត​ជិត​នោះ​៕ ល​

#