ប្រទះឃើញ​សព​បុរស​ម្នាក់​អាក្រាតកាយ​រលួយ​សល់​តែ​គ្រោងឆ្អឹង​

889
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: សព​បុរស​មិន​ស្គាល់​អត្តសញ្ញាណ្ណ​ម្នាក់​មាន​សភាព​ស្អុយរលួយ​សល់​តែ​គ្រោងឆ្អឹង មើល​លែង​ស្គាល់​ទៅហើយ ត្រូវបាន​អ្នក​ច្រូតស្មៅ​គោ​ប្រទះឃើញ​នៅក្នុង​គុម្ព​ត្រែង​ដីឡូត៍​មួយកន្លែង ដោយ​គេ​សង្ស័យថា ជា​ករណី​វាយ​សម្លាប់​ប្លន់​យក​ម៉ូតូ ឬ​ទ្រព្យសម្បត្តិ បង្ក​ឲ្យ​មាន​ការណ៍​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃទី​២៨​ខែកញ្ញា​ឆ្នាំ​២០១៨ នៅ​ចំណុច​ក្នុង​គុម្ព​ត្រែង​ដី​ឡូ​មួយកន្លែង តាម​បណ្តោយ​ផ្លូវ​កែវ​ចិន្តា ក្រុម​២​ភូមិ​១ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា​។​

​សាកសព​បុរស​ខាងលើ​អាក្រាតកាយ មាន​សភាព​ស្អុយរលួយ​សល់​តែ​គ្រោងឆ្អឹង មើល​លែង​ស្គាល់​ដោយ​គេ​សង្ស័យថា សព​ជនរងគ្រោះ​អាច​ស្លាប់​រយៈពេល​ជាង​មួយខែ​ទៅហើយ ដោយ​នៅក្បែរ​សព​ប្រហែល​៣​ម៉ែត្រ​មាន​គេ​ឃើញ​ខោ​ក្រណាត់​ជើងវែង​ពណ៌​ប្រផេះ​មួយ និង​អាវយឺត​ដៃខ្លី​ពណ៌​ផ្ទៃមេឃ​មួយ ខោ​លី​អូ​ពណ៌​ខ្មៅ ស្បែក​ប៊ូ​ពណ៌​ខ្មៅ​មួយគូ មាន​សំបក​ស្រោមអនាម័យ​មួយ​។​

​ប្រភព​មួយចំនួន​សង្ស័យថា ករណី​ខាងលើនេះ អាច​ជនរងគ្រោះ​ជិះ​ម៉ូតូ​ដឹក​ស្រី​ស្នេហ៍​មក​រួមរ័ក​នៅ​ទីនោះ ព្រោះ​កន្លែង​នោះ​ស្ងាត់ ខណៈពេល​កំពុង​រួមរ័ក​ត្រូវ​ក្រុម​ជនសង្ស័យ​វាយ​សម្លាប់​ប្លន់​យក​ម៉ូតូ ឬ​ទ្រព្យសម្បត្តិ ហើយ​គេចខ្លួន​បាត់អស់​ទៅ​។​

​ប្រភព​បន្តទៀតថា ក្រោយពី​ឃើញ​សភាព​បែបនេះ ពួកគាត់​បាននាំគ្នា​រត់​ទៅ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ប៉ុស្តិ៍​ជ្រោយចង្វា ដើម្បី​ឲ្យ​ចុះមក​ពិនិត្យ​នៅ​កន្លែងកើតហេតុ​។ សមត្ថកិច្ច​ជំនាញ​កំពុង​ធ្វើ​កោសល្យ​ពិច័យ ពុំទាន់​ដឹង​លទ្ធផល​យ៉ាងណា​នៅឡើយ​ទេ​៕ ល​