ប្រទះឃើញ​សព​យុវតី​ម្នាក់ អណ្ដែត​ក្នុង​ស្រះ​ទឹក ទាំង​អាក្រាតកាយ

234
ចែករម្លែក

ដោយ​៖ ទេព មង្គល​
ភ្នំពេញ ៖
ប្រជាពលរដ្ឋ បាន​ប្រទះឃើញ​សព​យុវតី​ម្នាក់ អណ្តែត​ក្នុង​ស្រះ​ទឹក ទាំង​អាក្រាតកាយ ហើយ​សមត្ថកិច្ច បានដាក់​ការសង្ស័យថា ជា​ករណី​ឃាតកម្ម​រំលោភ​សម្លាប់​។ ហេតុការណ៍​នេះ បាន​បង្កឱ្យមាន​ការភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង ១១​និង​១០​នាទី យប់ ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០១៩ នៅតាម​ផ្លូវជាតិ​លេខ​៥ ក្នុង​បរិវេណ​មន្ទីរពេទ្យបង្អែក​សម្តេច​ឪ ស្ថិតក្នុង​សង្កាត់​គីឡូ​ម៉ែត​លេខ​៦ ខណ្ឌឫស្សីកែវ ។​

យុវតី​រងគ្រោះ ឈ្មោះ ពេជ្រ លី​ហេង អាយុ​១៧​ឆ្នាំ

​មន្ត្រីនគរបាល​ខណ្ឌឫស្សីកែវ បានឱ្យដឹងថា យុវតី​រងគ្រោះ ឈ្មោះ ពេជ្រ លី​ហេង អាយុ​១៧​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ ១៤៣ ផ្លូវលំ ភូមិ​ក្រោលគោ សង្កាត់​គីឡូ​ម៉ែត​លេខ​៦ ខណ្ឌឫស្សីកែវ​។ ចំណែក​សង្សារ​របស់​យុវតី​រងគ្រោះ ឈ្មោះ ពេជ្រ អាយុ​២២​ឆ្នាំ ស្នាក់នៅ​កន្លែងធ្វើការ ក្នុង​ទីតាំង​ចិញ្ចឹម​ត្រី ស្ថិតក្នុង​សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ ។ យុវជន ឈ្មោះ ពេជ្រ នេះ បាន​គេចខ្លួនបាត់​។​

​សមត្ថកិច្ច បាន​បញ្ជាក់ថា ក្រោយពេល​កើតហេតុ​ភ្លាម សមត្ថកិច្ច បានមក​ដល់ទី​តាំង​កើតហេតុ ត្រួតពិនិត្យ​ទាំងយប់ និង​បាន​ទាក់ទង រក​សាច់ញាតិ យុវតី​រងគ្រោះ​ភ្លាមៗ​ផងដែរ​។

​ស្ត្រីឈ្មោះ សួន ផល្លី យំសោកសង្រេង ចំពោះការស្លាប់របស់កូនស្រី

​តាម​ការរៀបរាប់​ពី​ម្តាយ​របស់​យុវតី​រងគ្រោះ ឈ្មោះ សួន ផល្លី អាយុ​៥៥​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​១៤៣ ផ្លូវលំ ភូមិ​ក្រោលគោ សង្កាត់​គីឡូ​ម៉ែត​លេខ​៦ ខណ្ឌឫស្សីកែវ បាន​ឲ្យ​ដឹងថា កូនស្រី​របស់គាត់ បាន​រត់​ចេញពីផ្ទះ រយៈពេល ២ ខែ​មកហើយ ដោយ​បានមក​រស់នៅ ជាមួយ​សង្សារ ។ គាត់​បានទទួល​ដំណឹង ពី​បងប្អូន នៅឯ​ខេត្តព្រៃវែង​ថា កូនស្រី​របស់គាត់ បាន​ស្លាប់ ទាំង​អាក្រាតកាយ ហើយ​សព ត្រូវបាន​ដឹក​តាម​រថយន្ត​ដឹក​ត្រី មកដល់​មន្ទីរពេទ្យបង្អែក​សម្តេចឪ​។

ទិដ្ឋភាពនៅមន្ទីរពេទ្យបង្អែក​សម្តេចឪ

បន្ទាប់ពី​បានធ្វើ​កោសល្យវិច័យ​រួច សមត្ថកិច្ច​ជំនាញ បាន​សន្និដ្ឋាន និង​ដាក់​ការសង្ស័យថា យុវតី​រងគ្រោះ អាច​ស្លាប់ ដោយសារ​ករណី​ឃាតកម្ម រំលោភ​សម្លាប់​។ ពាក់ព័ន្ធ​នឹង​ករណី​ខាងលើនេះ សមត្ថកិច្ច​ជំនាញ កំពុង​បន្ត​ស៊ើបអង្កេត និង​ស្រាវជ្រាវ​រក​បុរស​ជា​សង្សារ​របស់​យុវតី​រងគ្រោះ ដើម្បី​បំភ្លឺ​ករណីនេះ ៕​v

យុវតី​រងគ្រោះ ឈ្មោះ ពេជ្រ លី​ហេង អាយុ​១៧​ឆ្នាំ