ប្រទះឃើញ​សាកសព​អណ្តែត​ទឹក​ក្បែរ​គល់ស្ពាន​ហាយវ៉េ ផ្លូវជាតិ​លេខ​១

155
ចែករម្លែក

ដោយ​: វ៉ៃ​កូ / ស្វាយរៀង​: មានការ​ភ្ញាក់ផ្អើល​ដល់​ពលរដ្ឋ​ដែល​ធ្វើដំណើរ​តាម​ដងផ្លូវ​ជាតិ​លេខ​១ នាំគ្នា​មក​ចោមរោម​មើល ខណៈ​ប្រទះឃើញ​សាកសព​អណ្តែត​ទឹក​ក្បែរ​គល់ស្ពាន​ហាយវ៉េ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ស្ថិតក្នុង​ភូមិ​បាក់​រនាស់ សង្កាត់​សង្ឃ័រ ក្រុង​ស្វាយរៀង​។ ករណីនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​៣​និង​០០​នាទី​រសៀល​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៩​។​

​បន្ទាប់ពី​មាន​បុរស់​ម្នាក់​បាន​អះអាងថា សព​នេះ​មាន​គេ​ស្គាល់​ថា ឈ្មោះ សំ មករា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ នៅ​ភូមិ​តា​កុ​ត ឃុំ​ត្រពាំង​ស្តៅ ស្រុក​រមាសហែក មុខរបរ​សន្តិសុខ​ឯកជន​ក្រុង​បាវិត បាន​បាត់​ខ្លួន​ពី​កន្លែង​ស្នាក់នៅ​ក្រុង​បាវិត ស្រាប់តែ​ប្រទះឃើញ​សាកសព​អណ្តែត​ទឹក​ហើមស្ពីង​នៅ​ចំណុច​គល់ស្ពាន​ហាយវ៉េ ស្ថិតនៅ​ភូម​បាក់​រនាស់ សង្កាត់​សង្ឃ័រ ក្រុង​ស្វាយរៀង ធ្វើ​ឲ្យ​មានកា​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដល់​សមត្ថកិច្ច និង​មហាជន​មកឈ​មើល​អ៊ូអរ​ពេញ​លើ​ស្ពាន​ផ្លូវជាតិ​លេខ​១​តែម្តង​។​

​បើតាម​ការអះអាង​ឪពុកម្តាយ​សព​ប្រាប់ថា ជនរងគ្រោះ​ឈ្មោះ សំ មករា អាយុ​២៣​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​២ ជា​សិស្ស​រៀន​ពូកែ​គ្រប់​មុខវិជ្ជា ហើយ​បាន​ប្រឡង​ជាប់​មធ្យមសិក្សា​ទុតិយភូមិ ហើយ​បានមក​រៀន​នៅ​សកល​វិទ្យាល័យ​ស្វាយរៀង ហើយ​មក​ស្នាក់​នៅក្នុង​វត្ត​ព្រៃ​ឆ្លាក់​ក្រុង​ស្វាយរៀង​។ ដោយ​ជីវភាព​គ្រួសារ​មានការ​ខ្វះខាត គ្មាន​លទ្ធភាព​ឲ្យ​កូន​សិក្សា​បន្ត កូនប្រុស​គាត់​បានសម្រេច​ចិត្ត​ផ្អាក​ការសិក្សា នៅ​សកល​វិទ្យាល័យ ហើយ​ទៅធ្វើ​ការ​ជា​សន្តិសុខ​ឯកជន​នៅ​ក្រុង​បាវិត​ជាមួយ​ឪពុក​។​

​ប្រភព​បាន​បន្តទៀតថា ស្រាប់តែ​បាន​បាត់​ខ្លួន​កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃទី​៧​វិច្ឆិកា​២០១៩ នៅ​ក្រុង​បាវិត មិនដឹងថា ទៅណា​នោះទេ​លុះដល់​ថ្ងៃទី​១២​វិច្ឆិកា​មិនឃើញ​កូន​ត្រឡប់​ទៅធ្វើ​ការ​វិញ​ហើយ​ទូរស័ព្ទ​ក៏​មិន​ចូល ពេល​កូន​គាត់​បាត់​ខ្លួន​នោះ​មានតែ​សម្លៀក​ក​បំពាក់​មួយ​ចង្កេះ និង​លុយកាក់​បន្តិចបន្តួច​ប៉ុណ្ណោះ ទើប​រូបគាត់​ជា​ឪពុកម្តាយ​មានការ​ព្រួយបារម្ភ​បាន​ថតរូប​កូនប្រុស​របស់គាត់​ប្តឹង​សមត្ថកិច្ច ឲ្យ​ជួយ​រក និង​មករក​កន្លែង​កូន​ធ្លាប់​មក​ស្នាក់នៅ​ក្នុង​វត្ត​ព្រៃ​ឆ្លាក់ តែ​គ្មាន​ដំណឹង​សោះ​។​

​រហូតដល់​វេលា​ម៉ោង​២​និង​០៥​នាទី​រសៀល​ថ្ងៃទី​១៣​វិច្ឆិកា ស្រាប់តែ​សមត្ថកិច្ច​ប្រាប់ថា​៖ ប្រជាពលរដ្ឋ​អ្នកនេសាទ​ត្រី​ប្រទះឃើញ​សព​អណ្តែត​ទឹក ក៏​រាយការណ៍​ជូន​សមត្ថកិច្ច​ឲ្យ​មក​ពិនិត្យមើល ហើយ​សមត្ថកិច្ច​ក៏បាន​ទូរស័ព្ទ​ហៅ​ឲ្យ​មក​មើល​សព​អណ្តែត​ទឹក​នេះ ក៏​ស្គាល់​ថា ពិតជា​កូនប្រុស​របស់គាត់​ដែល​បាន​បាត់​ខ្លួន​នោះ​ហើយ​។​

​បន្ទាប់ពី​ក្រុមគ្រូពេទ្យ​និង​សមត្ថកិច្ច​ពិនិត្យ​សព​រួចមក​បាន​ឲ្យ​ដឹងថា បើតាម​ស្ថានភាព​សព​អាច​ស្លាប់​ក្នុងអំឡុង​៣​ទៅ​៤​ថ្ងៃ​ប៉ុណ្ណោះ បើ​ស្លាប់​តាំងពី​ពេល​បាត់​ខ្លួន​ថ្ងៃទី​៧​វិច្ឆិកា​នោះ សព​អាច​ត្រី​ចឹក​ស៊ី​ធ្លុះធ្លាយ​លិច​ទឹក​បាត់​ហើយ ដូច្នេះ​សព​នេះ​អាច​ទើបតែ​ស្លាប់​រយៈពេល​៧៣​ម៉ោង​ទៅ​៨៥​ម៉ោង​ប៉ុណ្ណោះ ក៏ប៉ុន្តែ​មិនអាច​បញ្ជាក់បាន​ថា ស្លាប់​ដោយ​មូល​ហេតុអ្វី​ពិតប្រាកដ​នោះទេ​។​

​បើតាម​លោក​វេជ្ជបណ្ឌិត​សូ​បូរាណ ក្រុមបច្ចេកទេស​ពិនិត្យ​ធ្វើ​កោសល​វិ​ច្ច័​យ​បាន​មានប្រសាសន៍ថា ដោយ​សព​មាន​សភាព​ហើម​ខ្លាំង​មិនអាច​ពិនិត្យឃើញ​ស្នាម​ជាំ​បាន គឺ​ពិនិត្យ​ត្រឹម​ការ​បាកឆ្អឹង ជើង​ឆ្អឹង​ដៃ ក​.​ក និង​ក្បាល​គឺ​ពុំមាន​ស្លាកស្នាម​ឬ​បែកបាក់​ទេ ដូច្នេះ​ការសន្និដ្ឋាន​ជំ​ហ៊ាន​ដំបូង​គឺ​ស្លាប់​ដោយ​លង់ទឹក​។​

​ក្រោយ​ពិនិត្យ​រួច​សមត្ថកិច្ច បានប្រគល់​សព​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ហើយ​អ្វី​គួ​ឲ្យ​សង្វេគ​ទៀត​នោះ ស្ត្រី​ជា​ម្តាយ​បាន​យំទួញសោក​រហូត​សន្លប់​បាត់ស្មារតី បាន​អ្នកជិតខាង​ដឹក​យកទៅ​សង្គ្រោះ​នៅឯ​ផ្ទះ​អ្នកស្រុក ដោយ​សោកស្តាយ​កូនប្រុស​ជាទី​ស្រឡាញ់​៕ ល​