ប្រធានធនាគារជាតិ ៖ ​បន្ត​លើកកម្ពស់​ប្រាក់រៀល គឺ​គាំទ្រ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ប្រកបដោយ​ចីរភាព​

507
ចែករម្លែក

ដោយ​:​បញ្ញា​សាស្ត្រ/​​​ភ្នំពេញ​ ៖ បើ​ស្របតាម​ការ​ព្យាករ​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ដែល​បាន​ព្យាករ​ថា ហានិភ័យ​កំពុងមាន​និន្នាការ​កើនឡើង ដោយ​បន្ថយ​ការរំពឹងទុក​លើ​កំណើនសេដ្ឋកិច្ច​ពិភពលោក​នៅ​ឆ្នាំ​២០១៩​នេះ បើទោះបីជា​សេដ្ឋកិច្ច​នៅ​កម្ពុជា អាច​បន្ត​ការកើនឡើង ៧​ភាគរយ​នៅ​ឆ្នាំ​២០១៩ ដោយ​ពឹង​ផ្អែកទៅលើ ការនាំចេញ វិស័យ​ទេសចរណ៍ និង​សំណង់​។ នេះ​ជាការ​លើកឡើង របស់លោក​ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៨ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៩ របស់​ធនាគារជាតិ នៃ​កម្ពុ​ជានា​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៩​។

លោក​ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា បាន​ថ្លែងថា «​ហានិភ័យ​ខាងក្រៅ​ចម្បងៗ​ដែល​អាចមាន​ឥទ្ធិពល​មកលើ​សេដ្ឋកិច្ចកម្ពុជា​រួមមាន​ ៖ ១-​ការ​អាច​ឡើងថ្លៃ​នៃ​ប្រាក់​ដុល្លារ​អាមេរិក ដែល​នឹង​អាច​បង្កើន​ថ្លៃទំនិញ​នាំចេញ​របស់​កម្ពុជា​ក្នុង​ទីផ្សារ​អន្តរជាតិ ដោយសារ​កម្ពុជា​មា​នក​ម្រិ​ត​ដុល្លា​រូបនីយកម្ម​ខ្ពស់​។ ២-​ការ​រឹតត្បិត​ស្ថានភាព​ទីផ្សារ​ហិរញ្ញវត្ថុ អន្តរជាតិ​និង​តំបន់ ដោយសារ​លំហូរ​ចេញ​នៃ​មូលធន​ពី​តំបន់ ក្រោម​ការអនុវត្ត​ប្រក្រតី​កម្ម​គោលនយោបាយ​រូបិយវត្ថុ​នៅក្នុង​ប្រទេស​អភិវឌ្ឍន៍​មួយចំនួន​។ ៣-​ការ​ប្រឈម​នឹង​ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​លើ​ការនាំ​ចេញពី​កម្ពុជា​។ ៤-​ការកើនឡើង​នៃ​ការប្រកួតប្រជែង ដោយសារ​កិច្ចព្រមព្រៀង​របស់​ប្រទេស​នាំចូល​ទំនិញ​ពី​កម្ពុជា ជាមួយ​ប្រទេស​ប្រកួតប្រជែង​នាំ​ទំនិញ​ចេញ​ដូច​កម្ពុជា​។​

​ក្នុងស្ថានភាព​នេះ ធនាគារជាតិ​នៃ​កម្ពុជា​នឹង​បន្ត​ពង្រឹង​ការរួមចំណែក​របស់ខ្លួន ក្នុងការ​គាំទ្រ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ប្រកបដោយ​ចីរភាព សមភាព និង​បរិ​យា​ប័ន្ន តាមរយៈ​ការចូល​រួមរក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ការអភិវឌ្ឍ​វិស័យ​ធនាគារ និង​ការពង្រឹង​ជំនឿ​ទុកចិត្ត​មកលើ​វិស័យ​ធនាគារ​និង​សេដ្ឋកិច្ចជាតិ​។

ដើម្បី​ទប់ស្កាត់​ហា​និ​យ​ភ័យ និង​ស​ម្រ​ច​បាន​តាម​គោលដៅ លោក ទេសាភិបាល បានដាក់​ចេញ​ជា​គោលដៅ ១-​​ការលើកកម្ពស់​ប្រសិទ្ធភាព​គោលនយោបាយ​រូបិយវត្ថុ​៖ បេសកកម្ម​ចម្បង​របស់​ធនាគារជាតិ​នៃ​កម្ពុជា​គឺ​ការរក្សា​ស្ថិរភាព​ថ្លៃ សំដៅ​គាំទ្រ​ការរីក​ចម្រើន​សេដ្ឋកិច្ច​។ ក្នុង​រយៈពេល​ពីរ​ទស​វត្សរ៍​ចុងក្រោយ​នេះ កម្ពុជា​រក្សាបាន​ស្ថិរភាព​ថ្លៃ​ល្អប្រសើរ ដោយ​អត្រា​អតិផរណា​មាន​កម្រិត​ទាប​អាច​គ្រប់គ្រង​បាន ជា​មធ្យម​ក្នុង​កម្រិត៣,៥%ជាមួយនឹង​ស្ថិរភាព​អត្រា​ប្តូរប្រាក់​ក្នុង​រង្វង់៤.០២៥រៀល​ក្នុង​មួយ​ដុល្លារ​អាមេរិក​។
​​

ទោះបីជា​វិធានការ​លើកកម្ពស់​ការ​ប្រើប្រាស់​ប្រាក់រៀល​កន្លងមក​បាន​បង្កើន​បរិមាណ​ប្រាក់រៀល​ក្នុង​ចរាចរណ៍​និង​ប្រាក់​បញ្ញើ​ជា​រៀល ជា​លំដាប់ ក៏​បរិមាណ​នេះ​មាន​កម្រិត​ទាប​នៅឡើយ​ធៀប​នឹង​បរិមាណរូបិយវត្ថុ​ទូទៅ ដែល​បញ្ហា​នេះ​បន្ត​ធ្វើឱ្យ​ការអនុវត្ត​គោល​នយោបាយ​រូបិយវត្ថុ​មិនទាន់មាន​ភាព​ពេញលេញ​នៅឡើយ​។ តាម​បទពិសោធន៍​អន្តរជាតិ ជោគជ័យ​នៃ​ការលើកកម្ពស់​ការប្រើប្រាស់​រូបិយវត្ថុ​ជាតិ ទាមទារ​នូវ​កិច្ចខិតខំ​ជាប្រចាំ​និង​ពេលវេលា​វែង ជាមួយនឹង​កិច្ចសហការ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​។ ដូច្នេះ ខ្ញុំ​សូម​ស្នើ​សុំឱ្យ​គ្រប់​នាយកដ្ឋាន​និង​អង្គភាព​ក្រោម​ឱវាទ​ធនាគារជាតិ​នៃ​កម្ពុជា​ទាំងអស់ បន្ត​អនុវត្ត​វិធានការ​លើកកម្ពស់​ការ​ប្រើប្រាស់​ប្រាក់រៀល​បន្ថែមទៀត ផ្អែកលើ​យន្តការ​ទីផ្សារ​និង​សន្សឹមៗ ជាពិសេស​តាមរយៈ ១-​ការបន្ត​ពង្រឹង​ការយល់ដឹង​ពី​សារៈសំខាន់​ប្រាក់រៀល​។ ២-​ការអនុវត្ត​យុទ្ធនាការ “​ខ្ញុំ​ស្រឡាញ់​ប្រាក់រៀល​”​។ ៣-​ការបន្ត​អភិវឌ្ឍ​ទីផ្សារ​អន្តរ​ធនាគារ​និង​ទីផ្សារ​ប្តូរប្រាក់​។ ៤-​ការអភិវឌ្ឍ​ឧបករណ៍​គោលនយោបាយ​រូបិយវត្ថុ និង​។ ៥-​ការតាមដាន​លើ​ការបង្កើន​សមាមាត្រ​ឥណទាន​ជា​ប្រាក់រៀល​ឱ្យបាន ១០% នៃ​សំពៀត​ឥណទាន​សរុប​តាម​ការគ្រោងទុក​នៅ​ចុងឆ្នាំ​២០១៩​នេះ​។

យើង​គួរ​យកចិត្តទុកដាក់​ផងដែរ​ថា ដោយសារ​និន្នាការ​នៃ​ការប្រែប្រួល​តម្លៃ​ប្រាក់​ដុល្លារ​អាមេរិក ជាពិសេស​ចំពោះ​រូបិយប័ណ្ណ​នៃ​ប្រទេស​ក្នុង​តំបន់ កម្ពុជា​ក៏​អាច​រង​សម្ពាធ​នេះ​ផងដែរ​។ ក្នុងស្ថានភាព​នេះ គោលនយោបាយ​អត្រា​ប្តូរប្រាក់​ត្រូវ​បន្ត​អនុវត្ត​ឡើង​ដោយ​ប្រុងប្រយ័ត្ន និង​ស្របតាម​មូលដ្ឋាន​សេដ្ឋកិច្ច ដើម្បី​រក្សា​ស្ថិរភាព​អត្រា​ប្តូរប្រាក់ ព្រម​ទាំង​​បញ្ចៀស​ផលប៉ះពាល់​ទៅលើ​ជំនឿ​ទុកចិត្ត និង​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​៕B/

​ ​