ប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀងផ្តល់សណ្ឋាគារមួយ កន្លែងជាទីកន្លែងទុក ប្រជាជនចិន ១៧២ នាក់ ស្នាក់នៅដាច់ដោយឡែក ចំនួន១៤ថ្ងៃ

74
ចែករម្លែក

ដោយវ៉ៃកូៈខេត្តស្វាយរៀងៈលោក សុក រ៉ាដូ ប្រធានសភាពាណិជ្ជកម្ម​ខេត្តស្វាយរៀង​និងសមាជិក សមាជិកា កាលពីរសៀលថ្ងៃទី២៥ខែមីនាឆ្នាំ២០២០​នេះបានផ្តល់សណ្ឋាគារមួយកន្លែងស្ថិតនៅក្នុងទីក្រុងបាវិត ឈ្មោះថា “អ៉ឹម ម៉ីហៀង” មានចំនួន៥២បន្ទប់ ជូនរដ្ឋបាលខេត្តស្វាយរៀង ចាត់ចែងឲ្យ​រដ្ឋបាលក្រុងបាវិតរៀបចំនិងប្រើប្រាស់ជាទីកន្លែងរក្សាទុកប្រជាជនចិនចំនួន​ប្រមាណ ១៧២ នាក់ ស្នាក់នៅដាច់ដោយឡែកចំនួន១៤ថ្ងៃ ដើម្បីបង្ក​លក្ខណៈងាយស្រួលដល់អាជ្ញាធរសុខាភិបាលពិនិត្យ តាមដាន ស្វែងរក និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩(COVID-19)។

លោកបានមានប្រសាសន៍ឱ្យដឹងថាៈ ខណៈពេលដែលរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាល​និជំងឺកូវីដ១៩ ដែលកំពុងតែបង្កហានិភ័យមកលើសុខភាព​និងជីវិត​ប្រជាជនកម្ពុជាជាក់ស្តែង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកថា “ស្ថានការណ៍នេះ គឺជាការធ្វើសង្រ្គាមប្រយុទ្ធប្រឆាំងនឹងសត្រូវឥតស្រមោល” ដើម្បីចូលរួមនឹង​រាជរដ្ឋាភិបាលកម្ពុជា លោកប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀង រួមនិងសមាជិក សមាជិកា ក៏បានផ្តល់សណ្ឋាគារមួយកន្លែងស្ថិតនៅក្នុង​ទីក្រុងបាវិត ជូនរដ្ឋបាលខេត្តស្វាយរៀង ចាត់ចែងឲ្យរដ្ឋបាលក្រុងបាវិតរៀបចំនិងប្រើប្រាស់ជាទីកន្លែងរក្សាទុកប្រជាជនចិនចំនួនប្រមាណ ១៧២ នាក់ ស្នាក់នៅដាច់ដោយឡែកចំនួន១៤ថ្ងៃ ។

សូមបញ្ជាក់ផងដែរថាៈ ជនជាតិចិនចំនួន១៧២នាក់ក្នុងនោះស្រីចំនួន​៣៧នាក់ដែលបានធ្វើដំណើរតាមរថយន្តក្រុងមកចុះនៅចំណុចខាងមុខសណ្ឋាគារនិងកាស៊ីណូជិតច្រកទ្វារព្រំដែនអន្តរជាតិបាវិតកាលពីវេលាម៉ោង៧និង១០នាទី​យប់ថ្ងៃទី២៤មីនាឆ្នាំ២០២០ នៅក្រុងបាវិត​ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់មហាជន​ហើយក្រុមសមត្ថកិច្ចនៃអធិការដ្ឋាននគបាលក្រុងបាវិតបានសហការជាមួយកង​រាជអាវុធហត្ថក្រុងបាវិតនិងនគបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបាវិតអាជ្ញាធរក្រុងបាវិតបានធ្វើការឃាត់ខ្លួននិងអញ្ជើញជនជាតិចិនទាំងអស់នោះមក​ដាក់នៅអគាររបស់កងរាជអាវុធហត្ថក្រុងបាវិតដើម្បីគ្រប់គ្រងនិងធ្វើចត្តាឡីស័ក។

ទាក់ទិនករណីខាលលើនេះ លោកលឹម​សៀងហេងអភិបាលក្រុងបាវិត​បានប្រាប់ក្រុមអ្នកសារព័ត៍មានថា នៅយប់ថ្ងៃ២៤មីនាឆ្នាំ២០២០​គឺមានជនជាតិចិនចំនួន១៧២នាក់បានធ្វើដំណើរពីទិសខាងលិចតាមផ្លូវជាតិលេខ១មកចុះនៅមុខសណ្ឋាគារនិងកាស៊ីណូក្នុងក្រុងបាវិតហើយគោលបំណងចូល​ស្នាក់នៅក្នុងសណ្ឋាគារនិងតាមកាស៊ីណូ ក៏ប៉ុន្តែម្ចាស់សណ្ឋាគារនិងកាស៊ីណូ​មិនអនុញ្ញាត ហើយបានរាយការណ៍មកជូនអាជ្ញាធរនិងសមត្ថកិច្ច​ទើបលោក​សហការជាមួយនគបាលអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តនិង​នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបាវិតនគរបាលក្រុងបាវិតនិង​កងរាជអាវុធហត្ថក្រុងនិងខេត្តបានចុះទៅឃាត់និងបញ្ជូនជនជាតិចិនទាំងនោះមកដាក់ឲ្យស្នាក់នៅក្នុងសាលាក្រុងបាវិត នៅអធិការដ្ឋាននគបាលក្រុងបាវិត​និងអាគារកងរាជអាវុធហត្ថក្រុងបាវិតដើម្បីគ្រប់គ្រងនិងសាកសួរ។

ដោយឡែកនៅព្រឹកថ្ងៃទី២៥មីនាឆ្នាំ២០២០​សមត្ថកិច្ចនគបាលអន្តោប្រវេសន៍នៃ​ស្នងការដ្ឋាននគរបាលខេត្តបានសហការជាមួយនគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិសាកសួរនិងឲ្យមន្ត្រីសុខាភិបាលពិនិត្យនិងបានធ្វើចត្តាឡីស័ក​រហូតដល់ម៉ោង១១និង៣០នាទីព្រឹកពុំទាន់រកឃើញមានមុខសញ្ញាគួរឲ្យសង្ស័យ​ករណីវីរុសកូវីដ១៩ទេ គឺមានតែមនុស្ស២នាក់តែប៉ុណ្ណោះគឺមានកម្ដៅលើស​ពីធម្មតាដោយម្នាក់មានកម្ដៅ៣៧ និងម្នាក់ទៀត៣៧,៧​ហើយក្រុមគ្រូពេទ្យ​កំពុងតាមដានយ៉ាងយកចិត្តទុកដាក់អំពីបញ្ហាសុខភាពរបស់ពួកគាត់ដោយបាន​ដាក់ឱ្យនៅដាច់ដោយឡែកពីអ្នកផ្សេងដោយរង់ចាំយកសំណាកអ្នកទាំងពីរនាក់នោះទៅពិនិត្យទើបដឹងការពិត៕/Ha