ប្រធានសភា​ថៃ​រុញ​ករណី​សមាជិក​សភា​ខុស​លក្ខណៈសម្បត្តិ​ទៅ​តុលាការ​

532
ចែករម្លែក

​ប្រធានសភា​ថៃ លោក​ឈួន លី​ក​ផៃ កាលពី​ថ្ងៃ​ពុធ​ទី​១២​មិថុនា​បាន​បញ្ជូន​បណ្តឹង​ដក​ឋានៈ​សមាជិកសភា​៣០​រូប​ទៅកាន់​តុលាការ​។​

​បណ្តឹង​របស់​គណបក្ស​ប្រឆាំង អនាគត​ឆ្ពោះទៅមុខ ដែល​ប្រធាន​គណបក្ស​នេះ​ក៏​ត្រូវ​តុលាការ​ព្យួរ​ការងា​រ​សភា ដោយសារតែ​មាន​បណ្តឹង​ប្រឆាំង​រូប​លោក​នោះ ប្រឆាំង​សមាជិក​​សភា​ភាគច្រើន​ក្នុង​បក្ស​កាន់អំណាច ផា​ឡាំង ប្រា​ចា​រ៉ា​ត ។​វា​ចោទប្រកាន់​ថា​សមាជិក​សភា​ទាំងនេះ​នៅ​មាន​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន​ផ្សព្វផ្សាយ​មួយ​ក្នុងពេល​ឈរឈ្មោះ​ជា​សមាជិក​​សភា ជា​ទង្វើ​ដែល​រដ្ឋធម្មនុញ្ញ​ហាមឃាត់​។​

​បើសិនជា​ត្រូវ​រក​ឃើញ​កំហុស ពួកគេ​នឹង​ត្រូវ​ដក​ឋានៈ​សភា​។​

​បណ្តឹង​មួយ​ទៀត​កាលពី​ថ្ងៃ​ពុធ​ពី​គណបក្ស​ដដែល ប្តឹង​ប្រឆាំង​សមាជិកសភា​១១​រូប​ទៀត​ក្រោយ​ពី​ការពិនិត្យ​ហត្ថលេខា​សមាជិកសភា​។​

​ចំណាត់ការ​នេះ​អាច​ត្រូវ​គេ​មើលឃើញថា​ជា​ការ​សងសឹក​ពី​គណបក្ស​អនាគត​ឆ្ពោះ​ទៅ​មុខ​របស់​មហាសេដ្ឋី ថា​ណា​ថន រឿង​រុងរឿង​គិត​ដែល​ត្រូវបាន​ចោទប្រកាន់​ចំពោះ​ករណី​ដូច​​គ្នា​។​ករណី​របស់​លោក​ត្រូវបាន​តុលាការ​ធម្មនុញ្ញ​ទទួលយក​ទៅ​ស៊ើបអង្កេត និង​លោក​ត្រូវ​បាន​ព្យួរ​ពី​ការងារ​សភា​រហូតដល់​ការ​ដោះ​ស្រា​បណ្តឹង​ចប់​។​

​ក្នុងពេល​ជាមួយគ្នា តំណាង​បក្ស​ផា​ឡាំង ប្រា​ចា​រ៉ា​ត បាន​និយាយថា​ខ្លួន​ត្រៀម​ចូល​ឆ្លើយ​បំភ្លឺ​នៅ​តុលាការ​៕​ដោយ​៖​វាសនា

លោកឈួន លីកផៃ អះអាងថា បណ្តឹងទាំង២នាំអោយសមាជិកសភាមកពីក្រុមកាន់អំណាច៤១រូបរងបណ្តឹង