ប្រធានសភា​ស្រីលង្កា​និយាយថាលោក​មិន​ទទួលស្គាល់​នាយករដ្ឋមន្ត្រី​តែងតាំង​ថ្មី​ទេ​

552
ចែករម្លែក

ប្រធានសភាស្រីលង្កាបាននិយាយនៅថ្ងៃចន្ទទី៥ខែវិច្ឆិកាថាលោកនឹងមិនទទួលស្គាល់លោក Mahinda Rajapaksa អតីតប្រធានាធិបតីនេះ ជានាយករដ្ឋមន្ត្រីថ្មីទេរហូតទាល់មានការបង្ហាញថាលោកមានសំឡេងគាំទ្រភាគច្រើននៅក្នុងសភា។

ប្រធានាធិបតី Maithripala Sirisena បានដក លោក Ranil Wickremesinghe ពីតំណែងនាយករដ្ឋមន្ត្រីកាលពីថ្ងៃទី២៦ខែតុលា ហើយបានតែងតាំង លោក Mahinda Rajapaksa ជំនួសតំណែងរបស់លោក ដែលនាំឱ្យមានការរិះគន់ពីគណបក្សនយោបាយនិងសហគមន៍អន្តរជាតិ។

ប្រធានសភាលោក Karu Jayasuriya បាននិយាយនៅក្នុងសេចក្តីថ្លែការណ៍មួយថា “ភាគច្រើននៃសមាជិកទាំងអស់សុទ្ធតែមានទស្សនៈថាការផ្លាស់ប្តូរដែលធ្វើឡើងនៅក្នុងសភានេះគឺមិនស្របតាមរដ្ឋធម្មនុញ្ញនិងប្រឆាំងនឹងគោលការណ៍ដែលមានតាំងពីយូរមកហើយ។ដូច្នេះខ្ញុំត្រូវបានស្នើដោយសភាភាគច្រើនឱ្យទទួលយកជំហរដែលមានពីពេលមុននៅមុនការផ្លាស់ប្តូរទាំងនេះ។ រហូតមកដល់ពេលណាមិនមានក្រុមថ្មីបង្ហាញសំឡេងគាំទ្រភាគច្រើននោះខ្ញុំនឹងនៅតែទទួលយកស្ថានភាពនៅមុនពេលមានការផ្លាស់ប្តូរនេះ”។

ការបញ្ជាក់ជំហររបស់ប្រធានសភាកើតឡើងក្រោយពីប្រធានាធិបតីបានផ្លាស់ប្តូរជំហរអំពីការកោះប្រជុំសភា ដោយសប្តាហ៍មុនលោកប្រកាសថាការប្រជុំសភានឹងត្រូវធ្វើឡើងវិញនៅថ្ងៃ៧វិច្ឆិកា តែបានប្តូរទៅមួយសប្តាហ៍ទៀត។

​ប្រធានាធិបតី​ស្រីលង្កា លោក Maithripala Sirisena បានប្រកាស​កាលពី​ថ្ងៃអាទិត្យ​ថា​សភា​នឹង​កោះប្រជុំ​ឡើងវិញ ក្នុង​រយៈពេល​មួយ​សប្តាហ៍​ទៀត​ដែលនាំឱ្យ​អូស​​បន្លាយ​ការតស៊ូ​ដណ្តើម​អំណាច​ដ៏​ជូរចត់ ដែល​បានធ្វើឱ្យ​ប្រទេស​នេះ​ស្ថិតនៅក្នុង​ស្ថានភាព​ជាប់គាំង​នយោបាយ​។​

​ប្រទេសជាតិ​ដែលមាន​ប្រជាជន​២១​លាន​នាក់​នេះ បាន​កំពុង​ស្ថិតនៅក្នុង​ភាពច្របូកច្របល់​នៃ​រដ្ឋធម្មនុញ្ញ​ចាប់តាំងពី លោក Maithripala Sirisena បាន​បណ្តេញ ​លោក Ranil Wickremesinghe ពី​តំណែង​ជា​នាយករដ្ឋមន្ត្រី​និង​គណៈរដ្ឋមន្ត្រី​របស់លោក​កាលពី​ថ្ងៃទី​២៦​ខែតុលា​ហើយ​បានតែងតាំង​អតីត​ប្រធានាធិបតី លោក Mahinda Rajapakse ជំនួស​តំណែង​របស់លោក​។​

​លោក Maithripala Sirisena បាន​ព្យួរ​សភា គឺ​មួយថ្ងៃ​បន្ទាប់ពី​ការបណ្តេញ​ចេញពី​តំណែង​នេះ​ដែល​បាន​រារាំង​ការបោះឆ្នោត​ដែល​ទាមទារ​ដោយ​លោក Ranil Wickremesinghe ដើម្បី​បង្ហាញ​ពី​សំឡេងគាំទ្រ​លោក​ភាគច្រើន​នៅក្នុង​សភា​។​

​កាលពី​ថ្ងៃអាទិត្យ ការកោះប្រជុំ​សភា​ដែល​តាម​ការរំពឹងទុក គឺ​ត្រូវបាន​ពន្យារពេល​រហូត​ដល់​ថ្ងៃទី​១៤​ខែវិច្ឆិកា​៕

លោក Karu Jayasuriya ប្រធានសភាស្រីលង្កាប្រកាន់ជំហរគាំទ្រនាយករដ្ឋមន្រ្តីចាស់