ប្រធានសភា​អាមេរិក​និយាយថា ត្រាំ​គ្មាន​តម្លៃ​ក្នុងការ​ចោទប្រកាន់​ដើម្បី​ដកតំណែង​នោះទេ​

388
ចែករម្លែក
  • 83
    Shares

​ប្រធានសភា​លោកស្រី ណាន់ ផេ​ឡូ​ស៊ី ដែលជា​សមាជិក​បក្ស​ប្រជាធិបតេយ្យ​ដ៏​មានអំណាច​បំផុត​របស់​អាមេរិក​បាន​ថ្លែង​នៅក្នុង​សុន្ទរកថា​មួយ​ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​១១​មីនា​ថា លោកស្រី​មិន​គាំទ្រ​ការចោទប្រកាន់​ដកតំណែង​លោក​ដូ​ណា​ល់ ត្រាំ​ទេ ដោយ​លើកឡើងថា ប្រធានាធិបតី​របស់​គ​ណ​បក្ស​សាធារណរដ្ឋ​រូបនេះ “​មិនមាន​តម្លៃ​ក្នុងការ​ចោទប្រកាន់​ឡើយ​”​។​

​លោកស្រី​ផេ​ឡូ​ស៊ី​បាន​ប្រាប់​កាសែត​វ៉ាស៊ីនតោន​ប៉ុស្តិ៍​នៅក្នុង​បទសម្ភាសន៍​ដ៏​ទូលំទូលាយ​មួយ​ថា “​ខ្ញុំ​នឹងមិន​គាំទ្រ​ការចោទប្រកាន់​ដកតំណែង​ប្រធានាធិបតី​ទេ​”​។ នេះ​គឺជា​សញ្ញា​ដ៏​ខ្លាំង​បំផុត​បង្ហាញថា​មេដឹកនាំ​បក្ស​ប្រជាធិបតេយ្យ​រូបនេះ​មានការ​ស្ទាក់ស្ទើរ​យ៉ាងខ្លាំង​អំពី​ការចាត់វិធានការ​ដ៏​កក្រើក​ដើម្បី​ដក​ប្រធានាធិបតី​ដែល​កំពុង​កាន់តំណែង​។​

​លោកស្រី​បាន​និយាយថា “​ការចោទប្រកាន់​ដកតំណែង​គឺ​បង្ក​ការបែកបាក់​ខ្លាំងណាស់​ចំពោះ​ប្រទេស​នេះ ដរាបណា​មាន​អ្វីមួយ​ធ្ងន់ធ្ងរ​ខ្លាំង​និង​អូសទាញ​ខ្លាំង​ដល់​បក្ស​ទាំងពីរ ខ្ញុំ​មិន​គិតថា​យើង​គួរតែ​ដើរ​តាមផ្លូវ​មួយ​នោះទេ ព្រោះ​វា​ធ្វើ​ប្រទេស​បែកបាក់​។ ហើយ​គាត់​គ្មាន​តម្លៃ​ក្នុងការ​ចោទប្រកាន់​ឡើយ​”​។​

​លោក​ត្រាំ​និង​សហការី​របស់គាត់​ត្រូវ​ប្រឈម​នឹង​ការស៊ើបអង្កេត​ជាច្រើន​រួមទាំង​ការស៊ើបអង្កេត​មួយ​ដឹកនាំ​ដោយ​អគ្គ​រដ្ឋអាជ្ញា​លោក​រ៉ូបឺត មូល​ល័​រ ដែល​កំពុង​ស្វែងរក​ភស្តុតាង​អំពី​ឥទ្ធិពល​របស់​រុស្ស៊ី​លើ​ការបោះឆ្នោត​អាមេរិក​ឆ្នាំ ២០១៦ និង​ការឃុបឃិត​រវាង​ក្រុម​របស់លោក​ត្រាំ​និង​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​។​

​ហើយ​នៅក្នុង​ការធ្វើ​កសិណសាក្សី​នៅ​សភា​កាលពី​ចុងខែ​មុន អតីត​មេធាវី​របស់លោក​ត្រាំ លោក​ម៉ៃ​ឃើ​ល ខូ​ហិន​បានចាត់ទុក​លោក​ប្រធានាធិបតី​ជា​មនុស្ស​បោកប្រាស់​និង​មនុស្ស​ផិតក្បត់ ហើយ​បាន​ព្យាយាម​ធ្វើឱ្យ​អតីត​ចៅហ្វាយ​របស់ខ្លួន​ជាប់ផុង​ក្នុង​បទឧក្រិដ្ឋ​ស្មុ​គ្រ​ស្មាញ​ជាច្រើន​៕ ដោយ៖ កញ្ញាដាលីស

ប្រធានសភា​អាមេរិក​លោកស្រី ណាន់ ផេ​ឡូ​ស៊ី