សម្ព័ន្ធភាពជាតិក្រុមប្រឹក្សា​ថ្នាក់មូលដ្ឋាន កោតសរសើរពីការ​ប្រែមុខមាត់ថ្មីខេត្តកោះកុង

247
ចែករម្លែក

ដោយ:សុផានីតា/កោះកុង ៖ ប្រធានសម្ព័ន្ធភាពជាតក្រុមប្រឹក្សាថ្នាក់មូលដ្ឋាននៃប្រទេសកម្ពុជា បានកោតសរសើរពីការអភិវឌ្ឍន៍ប្រែមុខមាត់ថ្មីនៅក្នុងភូមិសាស្រ្តខេត្តកោះកុង តាមរយៈពិនិត្យឃើញមានវឌ្ឍនៈភាពរីកចម្រើនជាបន្តបន្ទាប់នៃប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធតាមឃុំសង្កាត់នីមួយៗអំឡុងពេល៥ឆ្នាំមកនេះ។

៥ឆ្នាំមកនេះ មូលដ្ឋានឃុំសង្កាត់ ក្រុងស្រុកមួយចំនួននៅក្នុងខេត្តកោះកុង ពិសេសមន្រ្តីរដ្ឋបាលហាក់មានសមត្ថភាពចំណេះដឹងបំពេញតួនាទីកាតព្វកិច្ចរបស់ខ្លួនច្រើនជាងមុន ក្នុងការដឹកនាំអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួនតាមសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ មិនថា​តែផ្លូវធ្វើដំណើរទៅមក ការផ្តល់សេវាសាធារណៈ និងការគ្រប់គ្រងថវិកាជាតិទៅតាមគម្រោងផែនការដែលបានកំណត់របស់រាជរដ្ឋាភិបាល​កម្ពុជា។

នេះជាការលើកឡើងរបស់លោក គៀង សេងគី អនុប្រធានសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាននៃព្រះរាជាណាចក្រកម្ពុជា ដោយមើលឃើញផ្ទាល់ពីលទ្ធផលបំពេញការងាររបស់អាជ្ញាធររដ្ឋបាលមូលដ្ឋាន ក្នុងមហាសន្និបាតលើកទី៣សមាគមក្រុមប្រឹក្សាក្រុងស្រុកឃុំសង្កាត់ ខេត្តកោះកុង។

លោកអនុប្រធានសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន បន្ថែមកាលពីព្រឹកថ្ងៃទី១៣ ខែធ្នូ ថា ពី១ឆ្នាំទៅ១ឆ្នាំ ខេត្តកោះកុងមានការប្រែប្រួលល្អ ជាក់ស្តែងពីតំបន់គ្មានផ្លូវធ្វើដំណើរ ឥឡូវមានផ្លូវក្រហម ផ្លូវបេតុង ងាយស្រួលធ្វើដំណើរទៅមក។ ចំពោះការផ្តល់សេវាអត្រានុក្រូលដ្ឋាន បានលឿនឆាប់រហ័សទាន់ពេលវេលាជូនពលរដ្ឋ ក្នុងនោះមានឃុំដងពែង និងឃុំតាតៃក្រោម ជាដើម។

លោក គៀង សេងគី ក៏បង្ហាញដែរថា ដើម្បីរក្សាបាននូវវឌ្ឍនៈភាពនៃការរីកចម្រើនក្នុងមូលដ្ឋានឱ្យបានច្រើនថែមទៀតនោះ ប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកោះកុង ចាំបាច់បង្កើនការពង្រឹងសមត្ថភាពចំណេះដឹងដល់សមាជិក សមាជិកា ក្រុងស្រុកឃុំសង្កាត់​ធ្វើយ៉ាងណាយល់កាន់តែច្បាស់លាស់ត្រឹមត្រូវពីភារកិច្ចរបស់ខ្លួន ប្រកប​ដោយតម្លាភាព និងគណនេយ្យភាព ឆ្លើយតបទៅនឹងសេចក្តីត្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ។ ប្រសិនបើមានភាពខ្វះចន្លោះណាមួយនោះ អាចស្នើទៅថ្នាក់ជាតិ សម្រាប់​ជួយមតិយោបល់ពិនិត្យ និងសម្របសម្រួលដោះស្រាយបន្ត​។ ទោះយ៉ាងណា លោករំពឹងថា សម្រាប់អាណត្តិប្រធាន អនុប្រធាន និងសមាជិកសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកោះកុងថ្មី នឹងមានសមត្ថភាពគ្រប់គ្រាន់ដឹកនាំអភិវឌ្ឍន៍សម្រាប់បម្រើកិច្ចការជូនដល់សមាជិកផ្សេងទៀត។

ចំណែកឯលោក ស្រេង ហុង អភិបាលរងខេត្តកោះកុង ទទួលស្គាល់ពីសមត្ថភាព និងចំណេះដឹងរបស់អាជ្ញាធរមូលដ្ឋានដែរថា កន្លង សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្ត ពិតជា​បានយកអស់កម្លាំងកាយចិត្តបំពេញការងារជូនពលរដ្ឋស្របតាមតម្រូវការ និងគោលនយោបាយរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់កិច្ចអភិវឌ្ឍន៍រីកចម្រើន ក៏ដូចជាកាត់បន្ថយភាពក្រីក្រនៅតាមឃុំសង្កាត់ក្រុងស្រុកយ៉ាងល្អប្រសើរ។

ដូច្នេះលោកសង្ឃឹមថា អង្គភាព មន្ទីរពាក់ព័ន្ធបន្តសហប្រតិបិត្តការគ្នាល្អ និងគាំទ្របន្ថែម​លើគោលបំនងបែបលទ្ធិប្រជាធិបតេយ្យ និងផ្ទេរប្រតិភូកម្មអំណាចមកដល់ថ្នាក់ក្រោមជាតិអនុវត្ត។ ប៉ុន្តែទាមទារឱ្យមានការតាំងចិត្តប្តេជ្ញាខ្ពស់ ដោយផ្តើមកែទម្រង់ចាប់ពីខ្លួនឯងផ្ទាល់តែម្តង។

ឆ្នាំ២០២០តទៅ រដ្ឋាភិបាលកម្ពុជា ចាត់មន្រ្តីរាជការថ្នាក់ជាតិមួយភាគធំឱ្យមកចុះជួយ​ដោះស្រាយការងារលក្ខណៈបច្ចេកទេសតាមបណ្តាខេត្តក្រុងស្រុក ក្រៅពីនេះក៏បានទម្លាក់ថវិកាអភិវឌ្ឍន៍មករដ្ឋបាលក្នុង១ឃុំសង្កាត់ទទួលបានថវិកាប្រមាណ៧មឺុន៦ពាន់ដុល្លារ បើធៀបឆ្នាំកន្លងទៅមានតែ៣មឺុនដុល្លារប៉ុណ្ណោះ។ រីឯថ្នាក់ក្រុងស្រុកវិញ ទទួលបាន​៥០ម៉ឺនដុល្លារឡើងទៅ តាមទំហំផ្ទៃ និងប្រជាពលរដ្ឋក្នុងស្រុកក្រុងនីមួយៗ សម្រាប់បង្កលក្ខណៈងាយស្រួលដល់គម្រោងផែនការអភិវឌ្ឍន៍មូលដ្ឋាន។

យោងតាមលទ្ធផលនៃការបោះឆ្នោតជ្រើសរើសសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកោះកុងថ្មី គឺលោក ចា ឡាន់ ប្រធានក្រុមប្រឹក្សាស្រុកមណ្ឌលសីមា ជាប់ឆ្នោតជាប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកោះកុង  លោក ផង់ សុផាន់ណា មេឃុំឬស្សីជ្រុំ ជាប់ឆ្នោតជាអនុប្រធានអចិន្រ្តៃយ៍សមាគម និងមានសមាជិក៥រូបផ្សេងទៀតជាអនុប្រធានសមាគម ដោយមានសមាជិក សមាជិក៥៩រូបបោះឆ្នោតជ្រើសរើសដឹកនាំអាណត្តិទី៣៕B/