ប្រធានាធិបតីចិនថ្វាយសារលិខិត​រំលែកព្រះមរណទុក្ខការ សោយ​​ទិវង្គតសម្តេចរាជបុត្រី ព្រះរៀម ​នរោត្តម បុប្ផាទេវី​

298
ចែករម្លែក

ដោយៈមុនីរ័ត្ន/ភ្នំពេញ ៖ ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន លោក ស៊ី ជីនភីង បានថ្វាយសារលិខិតរំលែកព្រះមរណទុក្ខថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីចូលរួមរំលែកនូវព្រះមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតចំពោះការយាងសោយព្រះពិរាល័យ នៃសម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់។

លោក ស៊ី ជីនភីង បានថែ្លងក្នុងសារលិខិតរំលែកទុក្ខថា៖ “ខ្ញុំមានការ​ភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីទទួលដំណឹងសោយព្រះពិរាល័យ នៃសម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ខ្ញុំមានក្តីក្រៀមក្រំបំផុត។ សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី គឺជាមិត្តចាស់របស់ប្រជាជនចិន ហើយបានចូលរួមចំណែកយ៉ាងសកម្មដល់ការជំរុញទំនាក់ទំនងមិត្តភាពរវាងចិននិងកម្ពុជា។ ខ្ញុំសូមសម្តែងសមានទុក្ខយ៉ាងជ្រាលជ្រៅចំពោះការ​សោយ​ព្រះពិរាល័យ នៃសម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី និងសម្តែងការ​សួរសុខទុក្ខយ៉ាងស្មោះចំពោះព្រះអង្គ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រមទាំងព្រះញាតិវង្សានុវង្សទាំងអស់”។

សារលិខិតនេះត្រូវបានថ្វាយក្នុងព្រះសវនាការរបស់លោក Wang WenTian ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ជាមួយនិង សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នាព្រះដំណាក់​កាលពីរសៀលថ្ងៃទី២១ ខែវិចិ្ឆកា ឆ្នាំ២០១៩។

ព្រះសពរបស់សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជា​សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ នឹងត្រូវបូជានៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅមុខវត្ដបទុមវតីរាជវរារាម។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់​គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្ដរជាតិ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩។

សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី បានយាងសោយព្រះទិវង្គតក្នុង​ព្រះជន្ម ៧៦ព្រះវស្សា នាវេលាម៉ោង ១២:៣០ នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងមន្ទីរពេទ្យព្រះរាជាណាចក្រថៃ ដោយជរាពាធ។

ព្រះបរមសព នៃសម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី បានដង្ហែពីទីក្រុងបាងកក ប្រទេសថៃមកដល់កម្ពុជាតាមច្រកព្រលាន​យន្តហោះអន្តរជាតិភ្នំពេញ កាលពីល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ ព្រះបរមសពសម្តេចរាជបុត្រីត្រូវដង្ហែពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមដងមហាវិថីសហព័ន្ធរុស្ស៊ី ឆ្ពោះទៅកាន់វត្តបទុមវតី ដើម្បីប្រារព្ធពិធី​បុណ្យទក្ខិណានុប្បទានទៅតាមព្រះរាជបវេណី។

ព្រះអង្គព្រះប្រសូតនៅថ្ងៃទី០៨ ខែមករា ឆ្នាំ១៩៤៣ នារាជធានីភ្នំពេញ ទ្រង់ជាព្រះរាជបុត្រីច្បង នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងអ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃរបាំព្រះរាជទ្រព្យ។ ព្រះអង្គ បានទទួលការសិក្សានៅវិទ្យាល័យ​ព្រះនរោត្តម ក្នុងរាជធានីភ្នំពេញ ។

សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ត្រូវជាព្រះរៀមបង្កើតមាតាទីទៃ នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈ​ដ៏ខ្ពង់ខ្ពស់បំផុត និងត្រូវជាព្រះរៀមបង្កើត នៃសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ៕B/Ha