ប្រធានាធិបតីតួកគីធ្វើទស្សនកិច្ចនៅទុយនេស៊ីចំពេលកំពុងមានភាពតានតឹងនៅលីប៊ី

214
ចែករម្លែក

ប្រធានាធិបតីតួកគីលោករីស៊ីប ថាយយីប អឺដូហ្គាន បានជួបសមភាគីរបស់លោកនៅទុយនីស៊ីកាលពីថ្ងៃពុធទី២៥ធ្នូដើម្បីពិភាក្សាពីជម្លោះនៅប្រទេសជិតខាងលីប៊ី ដែលរដ្ឋាភិបាលឯកភាពជាតិគាំទ្រដោយអង្គការសហប្រជាជាតិរបស់ខ្លួន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងយោធាជាមួយរដ្ឋាភិបាលក្រុងអង់ការ៉ា។

លោកអឺដូហ្គានបានថ្លែងនៅក្នុងសន្និសីទកាសែតមួយបន្ទាប់ពីបានជួបជាមួយអតីតសាស្រ្តាចារ្យច្បាប់លោក ខៃ សៃអេដ (Qais Saied) ដែលឡើងកាន់តំណែងប្រធានាធិបតីទុយនេស៊ីកាលពីខែតុលាថា “យើងបានពិភាក្សាគ្នាអំពីវិធីសហការដើម្បីឈានដល់បទឈប់បាញ់នៅក្នុងប្រទេសលីប៊ីនិងចាប់ផ្តើមដំណើរការនយោបាយឡើងវិញ”។

សភាតួកគីកាលពីថ្ងៃសៅរ៍បានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងសហប្រតិបត្តិការសន្តិសុខនិងយោធា ដែលត្រូវបានចុះហត្ថលេខាជាមួយរដ្ឋាភិបាលកិច្ចព្រមព្រៀងជាតិ (GNA) នៅទីក្រុងទ្រីប៉ូលីកាលពីខែមុន។

លោកអឺដូហ្គានបានប្តេជ្ញាបង្កើនការគាំទ្រផ្នែកយោធាដល់ GNA ប្រសិនបើចាំបាច់ ខណៈដែលខ្លួនកំពុងប្រយុទ្ធទប់ទល់នឹងការវាយលុករយៈពេលរាប់ខែរបស់បុរសខ្លាំង ខាលីហ្វា ហាហ្វថា (Khalifa Haftar) ដើម្បីដណ្តើមកាន់កាប់រដ្ឋធានី។

ក្នុងអំឡុងទស្សនកិច្ចរយៈពេលខ្លី លោកអឺដូហ្គាននិយាយថា “ផលប៉ះពាល់នៃការវិវឌ្ឍអវិជ្ជមាននៅក្នុងប្រទេសលីប៊ីមិនមែនមានដែនកំណត់ត្រឹមប្រទេសលីប៊ីខ្លួនឯងនោះទេប៉ុន្តែវាក៏មានផលប៉ះពាល់ដល់ប្រទេសជិតខាងផងដែរ ដំបូងគឺទុយនេស៊ីនិងប្រទេសដទៃទៀត។ ត្រូវតែមានបទឈប់បាញ់គ្នានៅលីប៊ីឱ្យបានឆាប់បំផុត”។

ទុយនីស៊ីមានព្រំដែនដ៏វែងជាប់ជាមួយលីប៊ីហើយប្រជាជនលីប៊ីរាប់ម៉ឺននាក់បានស្វែងរកការជ្រកកោននៅលើទឹកដីទុយនីស៊ីចាប់តាំងពីការងើបបះបោរគាំទ្រដោយអង្គការណាតូ ដែលបានផ្តួលរំលំរបបផ្តាច់ការចាស់វស្សារបស់លោក ម៉ូអាម៉ា ហ្គាដាហ្វី។

ជម្លោះនេះបានធ្វើឱ្យលីប៊ីធ្លាក់ផុងក្នុងអំពើហិង្សា ហើយ៨ឆ្នាំក្រោយមកកងជីវពលដែលគាំទ្រ GNA និងកងទ័ពជាតិលីប៊ីរបស់លោកហាហ្វថា បានកំពុងប្រយុទ្ធគ្នាដើម្បីគ្រប់គ្រងប្រទេសអាហ្វ្រិកខាងជើងមួយនេះ។

ខណៈតួកគីនិងកាតាគាំទ្រ GNA លោកហាហ្វថាបានទទួលការគាំទ្រពីប្រទេសជិតខាងអេហ្ស៊ីបអារ៉ាប់រួមអេមីរ៉ាតនិងរុស្ស៊ី ដែលពួកគេទាំងអស់សុទ្ធតែមានទំនាក់ទំនងតានតឹងជាមួយតួកគី។

កាលពីខែមុនរដ្ឋាភិបាលក្រុងមូស្គូបានបដិសេធសេចក្តីរាយការណ៍នៅក្នុងកាសែតញូវយ៉កថែមស៍ថាខ្លួនបានបញ្ជូនទាហានស៊ីឈ្នួលប្រយុទ្ធនៅខាងក្រុមរបស់លោកហាហ្វថា ខណៈអង្គការសហប្រជាជាតិក៏បានចោទប្រកាន់កងកម្លាំងរបស់បុរសខ្លាំងនេះថាបានជ្រើសរើសអ្នកប្រយុទ្ធពីប្រទេសស៊ូដង់ផងដែរ។

លោកអឺដូហ្គាននិយាយថា “ខ្ញុំឆ្ងល់ថាតើពួកគេកំពុងធ្វើអ្វីនៅលីប៊ី?”។

លោកបានបន្ថែមថា “ប្រសិនបើតួកគីត្រូវបានអញ្ជើញ (ដើម្បីបញ្ជូនកងទ័ព) យើងនឹងទទួលយកពីព្រោះយ៉ាងហោចណាស់យើងមានកិច្ចព្រមព្រៀង” ជាមួយ GNA។

អង់ការ៉ាបានទទួលការរិះគន់ពីអន្តរជាតិចំពោះកិច្ចព្រមព្រៀងរបស់ខ្លួនជាមួយ GNA និងកិច្ចព្រមព្រៀងដែនសមុទ្រដាច់ដោយឡែកមួយទៀត ដែលបានចុះហត្ថលេខាកាលពីខែវិច្ឆិកាផងដែរ។

ផ្នែកនៃកិច្ចព្រមព្រៀងនេះកំណត់ព្រំដែនសមុទ្ររវាងប្រទេសទាំងពីរ ដែលប្រទេសក្រិកនិយាយថាមិនត្រូវរាប់បញ្ចូលទាំងកោះក្រេតរបស់ខ្លួននោះឡើយ នៅគ្រាដែលប្រទេសសំខាន់ៗក្នុងតំបន់សង្ឃឹមទាញយកផលចំណេញពីកំណប់រ៉ែប្រេងកាតក្នុងសមុទ្រមេឌីទែរ៉ាណេ៕ ដោយ៖ កញ្ញាដាលីស

ប្រធានាធិបតីតួកគីលោករីស៊ីប ថាយយីប អឺដូហ្គាន (ឆ្វេង) និងប្រធានាធិបតីទុយនេស៊ីលោក ខៃ សៃអេដ ជួបគ្នានៅទីក្រុងទុយនីសកាលពីថ្ងៃពុធ