ប្រធានាធិបតីវេណេ​ស៊ុយអេ​ឡា ប្រាប់​ទៅ​កងទ័ព​អោយ​ត្រៀម​ទទួល​ចំណាត់ការ​យោធា​របស់​អាមេរិក​

796
ចែករម្លែក

​ប្រធានាធិបតី​នី​កូឡាស ម៉ា​ឌូ​រ៉ូ កាលពី​ថ្ងៃ​សៅរ៍​ទី​៣​ឧសភា​បាន​អំពាវនាវ​ពលទាហាន​របស់លោក​អោយ​ត្រៀមខ្លួន​សំរាប់​ចំណាត់ការ​យោធា​អាមេរិក​ដែល​អាច​កើតមាន ខណៈ​ពួក​​អ្នកគាំទ្រ​ក្រុមប្រឆាំង​បាន​ដើរ​ដង្ហែរ​នៅតាម​បន្ទាយ​ទាហាន​ក្នុង​បំណង​រក​ការគាំទ្រ​ពី​កងកម្លាំង​ប្រដាប់អាវុធ​។​

​ការ​ចេញ​មក​តវ៉ា​ក្នុង​ចំនួន​តិចតួច គឺ​រយ​នាក់​មិន​រាប់​ពាន់​នាក់​ដូច​កាលពី​មុន ជា​ការដើរថយក្រោយ​មួយទៀត​សំរាប់​មេដឹកនាំ​ប្រឆាំង ហ្ស័​ន ក្វាយ​ដូ ក្រោយ​ការប៉ុនប៉ង​ធ្វើការ​​បះបោរ​យោធា​កាលពី​ពេលមុន​នេះ​ក្នុង​សប្តាហ៍​ដដែល​បាន​បរាជ័យ​។​

​លោក​ម៉ា​ឌូ​រ៉ូ កាលពី​ថ្ងៃ​សៅរ៍ បាន​ណែនាំ​អោយ​យោធា​«​ត្រៀម​ខ្លួន​ការពារ​មាតុភូមិ​ជាមួយ​សព្វាវុធ​នៅក្នុង​ដៃ​អ្នក​បើ​ថ្ងៃ​ណាមួយ​ចក្រពត្តិ​អាមេរិក​ហ៊ាន​ប៉ះ​ទឹកដី​នេះ ទឹកដី​ពិសិដ្ឋ​​នេះ​»​។​

​ដោយ​បញ្ជាក់​ពី​ការគាំទ្រ​ដោយ​យោធា​ជា​បន្ត​ដល់​របប​សង្គមនិយម​របស់លោក ម៉ា​ឌូ​រ៉ូ បាន​ថ្លែង​ក្នុង​ទូរទស្សន៍​ចេញ​ពី​មូលដ្ឋាន​មួយ​នៅ​រដ្ឋ​កូចេ​ដេស កន្លែង​ដែល​លោក​បង្ហាញខ្លួន​​ជាមួយ​រដ្ឋមន្ត្រី​ការពារជាតិ វ្ល៉ា​ឌី​មៀ ប៉ា​ឌ្រូ​ណូ និង​នៅ​ចំពោះមុខ​ទាហាន​ជាង​៥.០០០​នាក់​។​

​ប្រធានាធិបតី ម៉ា​ឌូ​រ៉ូ ជាមួយ​រដ្ឋមន្ត្រី​ការពារជាតិ និង​ពួក​មេបញ្ជាការ​យោធា​នៅ​មណ្ឌល​មួយ​ក្នុង​រដ្ឋ​កូចេ​ដេស​កាលពី​ថ្ងៃ​៤​ឧសភា​

​បុព្វហេតុ​របស់​មេដឹកនាំ​ប្រឆាំង​វេ​ណេ​ស៊ុយអេ​ឡា បាន​ការគាំទ្រ​ជា​ថ្មី​កាលពី​ថ្ងៃ​សៅរ៍ ពី​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ដែល​ថា «​អន្តរកាល​ចាប់ផ្តើម​ពី​ឥឡូវ​»​និង​អំពាវនាវ​ប្រជា​​ជន​វេ​ណេ​ស៊ុយអេ​ឡា​អោយ​រួម​គ្នា​បណ្តេញ​លោក​ម៉ា​ឌូ​រ៉ូ​ពី​អំណាច​។​

​ក្នុងការ​បង្ហោះ​សារ​តាម​ទ្វី​ត​ធឺ លោក​ក្វាយ​ដូ បាន​អំពាវនាវ​អោយ​អ្នកគាំទ្រ​លោក​ប្រមូលផ្តុំ​កម្លាំង​គ្នា​តាម​វិធី​អហិង្សា​និង​ស៊ីវិល​មួយ​នៅ​ជិត​មូលដ្ឋានទ័ព​ណា​ដែល​ជិតៗ​លំនៅ​​ស្ថាន​របស់​ពួកគេ​បំផុត​ដើម្បី​ទាក់ទាញ​កងកម្លាំងប្រដាប់អាវុធ​អោយ​បោះបង់​លោក​ម៉ា​ឌូ​រ៉ូ​និង​គាំទ្រ​រដ្ឋាភិបាល​អន្តរកាល​មួយ​។​

​នៅ​ទីក្រុង​បា​គី​ស៊ី​មេ​តូ ភាគ​ឦសាន​ប្រទេស កង​ឆ្មាំ​ជាតិ​បាន​រុញច្រាន​អ្នក​តវ៉ា​ប្រឆាំង​ដោយ​ប្រើ​ឧស្ម័ន​ហៀរ​ទឹកភ្នែក​។​ការតវ៉ា​ប្រឆាំង​នេះ​បាន​កើតឡើង​ក្រោយពី​លោក​ក្វាយ​ដូ​​បាន​ព្យាយាម​ញុះញង់​យោធា​អោយ​បះបោរ​ប្រឆាំង​រដ្ឋ​អំណាច​ដែល​បាន​ទាក់ទាញ​ទាហាន​មួយក្រុម​ប្រមាណ​២៥​នាក់ តែ​ទីបំផុត​ពួកគេ​បាន​រត់​ចូល​ស្ថានទូត​ប្រេ​ស៊ីលនៅក្នុង​ទីក្រុង​​កា​រ៉ា​កាស​៕​ដោយៈ​វាសនា​