ប្រធានាធិបតី​កាន់​អំណាច​ដោយ​កណ្តាប់ដៃ​ដែក​នៅ​ស៊ូដង់ ទីបំផុត​ត្រូវ​ប្រជាជន​ទម្លាក់​

245
ចែករម្លែក
  • 22
    Shares

​មេដឹកនាំ​ស៊ូដង់ លោក​អូ​ម៉ា អាល់​-​បា​សៀ ដែល​គេ​ចង់​ចាប់​ខ្លួន​ចំពោះ​បទចោទប្រកាន់​ឧក្រិដ្ឋកម្ម​សង្គ្រាម​និង​ប្រល័យ​ពូជសាសន៍ នៅ​ទីបំផុត​ត្រូវ​ទម្លាក់​ចេញពី​អំណាច​​ដោយ​ប្រជាជន​ដែល​លោក​គ្រប់គ្រង​ជា​មួយ​កណ្តាប់ដៃ​ដែក​អស់​៣០​ឆ្នាំ​។​

លោក​អូ​ម៉ា អាល់​-​បា​សៀ កំពុងត្រូវក្រុមយោធាឃុំខ្លួនក្នុងផ្ទះ

​ជា​ប្រធានាធិបតី​គ្រង​អំណាច​យូរ​ជាង​គេ​នៅ​អាហ្វ្រិក បុរស​វ័យ​៧៥​ឆ្នាំ​រូប​នេះ​បាន​ផ្គើន​នឹង​ការតវ៉ា​ប្រឆាំង​រាប់​ខែ​ដែល​បាន​បណ្តាលអោយ​បាតុករ​រាប់សិប​នាក់​ស្លាប់​ក្នុងការ​​ប៉ះទង្គិច​ជាមួយ​កងកម្លាំង​សន្តិសុខ​។​តែ​ជោគវាសនា​របស់​លោក​ត្រូវ​បិទ នៅពេល​យោធា​ឱនក្បាល​ចំពោះ​ការទាមទារ​តាម​ដងផ្លូវ​និង​បាន​ចូល​អន្តរាគមន៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​​ទី​១១​មេសា​ដើម្បី​បណ្តេញ​មេដឹកនាំ​ដែល​បាន​ចូល​កាន់​អំណាច​ក្នុង​រដ្ឋប្រហារ​មួយ​គាំទ្រ​ដោយ​ពួក​អ៊ីស្លាម​និយម​នៅ​ឆ្នាំ​១៩៨៩​។​

​នៅក្នុង​ការព្យាយាម​ចុង​ក្រោយ​ដើម្បី​កំចាត់​ការប្រឆាំង​តវ៉ា លោក​បា​សៀ​បានដាក់​ប្រទេស​ក្នុងស្ថានភាព​គ្រាអាសន្ន​កាលពី​ថ្ងៃ​២២​កុម្ភៈ ក្រោយ​ការបង្ក្រាប​ដំបូង​មួយ​តែ​មិន​អាច​​បង្ក្រាប​បាតុកម្ម​បាន​។​ដំបូង​ស្ថានភាព​គ្រាអាសន្ន​នេះ​ទប់​ទំហំ​និង​សម្ទុះ​បាតុកម្ម​តែ​ក្រោយមក​ការជួបជុំ​មហាជន​ធំ​មួយ​បាន​លេចឡើង​នៅក្រៅ​ស្នាក់ការ​យោធា​ជាមួយ​នឹង​​សម្រែក​«​ផ្តួលរំលំ​!​ផ្តួលរំលំ​!»​។​

​ចុង​បំផុត បា​សៀ​សុំ​ចរចា​ជាមួយ​ក្រុម​យុវជន​និង​ទទួលស្គាល់​ការព្រួយបារម្ភ​អំពី​សេដ្ឋកិច្ច​របស់​គេ​តែ​នៅ​តែ​មិន​អាច​អោយ​ការប្រឆាំង​តវ៉ា​ស្រកស្រុត​បាន​។​

​អស់​ពេល​រាប់​ឆ្នាំ​មកហើយ មេដឹកនាំ​ស៊ូដង់​រូបនេះ​បាន​ចេះ​ធ្វើ​ខ្លួន​អោយ​នៅ​ជា​អ្នក​មាន​ជីវិត​នយោបាយ ដោយ​គេចផុត​មិន​ត្រឹមតែ​តុលាការ​ឧក្រិដ្ឋ​អន្តរជាតិ​(ICC) តែ​ការ​​ប្រឆាំង​ធំ​ដូច​ភ្នំ​នៅ​ក្នុងស្រុក​ផង​ដែរ​។​

​ធ្លាប់​ជា​ទាហាន​អាជីព​ម្នាក់ លោក​បា​សៀ​ល្បី​ខាង​យកចិត្ត​រាស្ត្រ​តាមរយៈ​ចុះ​ជួប​និង​បង្ហាញ​ភាពស្និទ្ធស្នាល​ជាមួយ​ប្រជាជន​ដោយ​និយាយ​ទៅកាន់​ពួកគេ​នូវ​ភាសា​អារ៉ាប់​ស៊ូដង់​​បែប​សាមញ្ញ​។​

​លោក​ត្រូវ​តុលាការ​ICC​ចោទប្រកាន់​នៅ​ឆ្នាំ​២០០៩​ពី​បទឧក្រិដ្ឋ​សង្គ្រាម ដោយសារ​តែ​ជម្លោះ​យូរអង្វែង​នៅ​តំបន់​ដា​ហ្វួរ តែ​លោក​នៅតែ​ឈ្នះ​ការបោះឆ្នោត​ជា​ថ្មី​ដល់​ទៅ​២​ដង នៅក្នុង​ការបោះឆ្នោត​ដែល​ក្រុមប្រឆាំង​ធ្វើពហិកា​មិន​ចូលរួម​។​នៅ​ឆ្នាំ​២០១០ លោក​ក៏​ត្រូវ​តុលាការ​ដដែល​ចោទប្រកាន់​ពីបទ​ប្រល័យ​ពូជសាសន៍​។​

​តែ​គឺ​ការសំរេចចិត្ត​របស់​រដ្ឋាភិបាល​ក្នុង​ការដំឡើងថ្លៃ​នំប៉័​ង​មួយជា​បី​ទេ​ដែល​បង្ក​ការតវ៉ា​ប្រឆាំង​នៅតាម​ដងផ្លូវ​កាលពី​ខែ​ធ្នូ​ឆ្នាំ​មុន ខណៈ​ប្រទេស​ធ្លាក់​ក្នុង​ស្ថានភាព​ខ្វះ​ស្បៀង​​ឱសថ​និង​រូបិយ​បណ្ណ​បរទេស​។​

​ការប្រឆាំង​តវ៉ា​បាន​ប្រែក្លាយ​ជា​បាតុកម្ម​ទូទាំង​ប្រទេស​ប្រឆាំង​ការគ្រប់គ្រង​របស់​លោក​បា​សៀ ដោយ​បង្ក​ភាពវឹកវរ​ដែល​បណ្តាល​អោយ​របួស​មនុស្ស​រាប់​រយ​នាក់​និង​រាប់ពាន់​​នាក់​ត្រូវបាន​ចាប់​ដាក់គុក​។​

​ក្នុង​បាតុកម្ម​របស់​អ្នកគាំទ្រ លោក​បា​សៀ​បាន​សន្យា​ជំរុញ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​និង​សន្តិភាព​នៅ​ទូទាំង​ប្រទេស តែ​សម្តី​របស់​លោក​មិន​បាន​បង្ហាញ​លទ្ធផល​ទេ​។​លោក​ថែមទាំង​​អះអាង​នៅ​ចំពោះ​ហ្វូង​អ្នកគាំទ្រ​ថា​«​បាតុកម្ម​មិនអាច​ផ្លាស់ប្តូរ​រដ្ឋាភិបាល​បានទេ​»​។​តែ​សម្ពាធ​នៅតាម​ដងផ្លូវ​ចេះតែ​កើន ជាហេតុ​នាំ​អោយ​លោក​ឈប់​និយាយ​អំពី​ការព្យាយាម​​រក​អាណត្តិ​ទី​៣​ក្នុង​ការបោះឆ្នោត​មួយ​ដែល​គ្រោង​ធ្វើ​នៅ​ឆ្នាំ​ក្រោយ​និង​នាំ​ដល់ទី​អវសាន​នៃ​ជីវិត​នយោបាយ​របស់​លោក​៕

​ប្រែ​សម្រួល​៖​ដោយ​វាសនា​