ប្រធានាធិបតី​កូរ៉េខាងត្បូង ភ្លក់​ហ្វឺ​វៀតណាម​មុន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​

3317
ចែករម្លែក

​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក​មូ​ន ជែ​-​អ៊ិន និង​ភរិយា​បានទទួល​ទាន​ហ្វឺ ដែលជា​អាហារ​ប្រចាំត្រកូល​វៀតណាម សម្រាប់​អាហារ​ពេល​​ព្រឹក​នៅ​ក្រុង​ហាណូយ​មុន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​រយៈពេល​ពីរ​ថ្ងៃ​នៅ​វៀតណាម​កាលពី​ថ្ងៃ​សៅរ៍​។​

Nghien Xuan Tien​តំណាង​ហាង​បាន​ប្រាប់​កាសែត​Tuoi Tre (​យុវជន​) ថា ភ្ញៀវ​ពិសេស​ទាំងពីរ​ត្រូវបាន​បំរើ​អាហារ​គុយទាវ​​សាច់គោ​ពិសេស​ពីរ​ចាន​នៅ​ភោ​ជ្ជ​នី​យ​ដ្ឋា​ន​នៅតាម​វិថី​Hoang Minh Giam​។​

​លោក​Nghien Xuan Tien​បាន​អោយដឹងទៀតថា​«​មួយ​ចានៗ​ថ្លៃ​១៥០.០០០​ដុង (៦,៥​ដុល្លារ​)​និង​វា​ផ្សំ​ឡើង​ដោយ​គ្រឿង​ពិសេស​​បំផុត​»​។​

Tien​បាន​បន្ថែមថា មន្ត្រី​សន្តិសុខ​បានមក​មើល​ហាង​របស់លោក​កាលពី​សប្តាហ៍​មុន និង​ពួកគេ​បានធ្វើការ​ត្រួតពិនិត្យ​ចុងក្រោយ​​លើ​រស់ជាតិ​ហ្វឺ​កាលពីដើម​ថ្ងៃ​សៅរ៍ មុន​ប្រធានាធិបតី​មកដល់​។​ប្រធានាធិបតី​កូរ៉េខាងត្បូង​បាន​សរសើរ​អំពី​អាហារ​នៅទីនេះ​។​

​រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងត្បូង កាង ក្យុ​ន​វ៉ា ឯកអគ្គរដ្ឋទូត​កូរ៉េខាងត្បូង​ប្រចាំ​វៀតណាម បាន​ចូលរួម​ជាមួយ​ប្រធានាធិបតី​មូ​ន​សម្រាប់​​អាហារ​ពេលព្រឹក​នេះ​។​

​សមាជិក​ម្នាក់​នៃ​គណៈប្រតិភូ​កូរ៉េខាងត្បូង​បាន​និយាយថា ហាង​ហ្វឺ​នៅ​កូរ៉េខាងត្បូង​មិន​ពិបាក​រក​ទេ តែ​រស់ជាតិ​នៅទីនេះ​ពិសេស​ខ្លាំង​។​

​ប្រធានាធិបតី មូ​ន ជែ​អ៊ិន បាន​ចាក​ចេញពី​វៀតណាម​នៅ​ម៉ោង​១១​ព្រឹក ដោយ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​រយៈពេល​ពីរ​ថ្ងៃ​នៅក្នុង​ប្រទេស​នេះ​។​កាលពី​ថ្ងៃ​សុក្រ លោក​មូ​ន បាន​ជួបពិភាក្សា​ជាមួយ​ប្រធាន​រដ្ឋ​វៀតណាម នៅ​ក្រុង​ហាណូយ ដែល​ក្នុងអំឡុង​ពេលនោះ​ពួកលោក​បាន​​ធ្វើជា​សាក្សី​នៃ​ការចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​ចំនួន​៦​ស្តីពី​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ពាណិជ្ជកម្ម ការងារ ព័ត៌មាន​​ឧស្សាហកម្ម និង​សំណង់​៕​ដោយ​៖​វាសនា​

#