ប្រធានាធិបតី​កូរ៉េខាងត្បូង​បញ្ជូនជំនួយការ​សន្តិសុខ​ជាតិទៅ​កិច្ច​ជំនួប​កំពូល ដូ​ណា​ល់​ត្រាំ -​គីម ជុង អ៊ុន នៅ​សិង្ហ​បុរី​

1006
ចែករម្លែក

រដ្ឋការរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីនបានបញ្ជូនលោក ណាម ក្វាន ព្យ៉ូ(Nam Gwan-pyo )អនុប្រធានការិយាល័យសន្តិសុខជាតិរបស់ប្រធានាធិបតីនិងមន្រ្តីជាន់ខ្ពស់មួយចំនួនទៀតទៅកាន់ប្រទេសសិង្ហបុរីនៅមុនកិច្ចប្រជំនួបកំពូលជាប្រវត្តិសាស្រ្តរវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងជើង។ នេះបើយោងតាមកាសែត Korea Herald ។

លោក ណាម ក្វាន ព្យ៉ូ

កាសែតនេះបានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីម្នាក់នៃរដ្ឋបាលប្រធានាធិបតីកូរ៉េខាងត្បូងដែលនិយាយថាវាមិនទំនងទេដែលថា លោក មូន ជែ អ៊ីន នឹងធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរីដើម្បីចូលរួមក្នុងកិច្ចជំនួបកំពូលនោះទេ។ មន្ត្រីដែលនិយាយមិនបញ្ចេញឈ្នោះនេះ បានប្រាប់ក្រុម អ្នកយកព័ត៌មានថារដ្ឋាភិបាលក្រុងសេអ៊ូល
ចង់ឱ្យជំនួបកំពូលអាមេរិក -កូរ៉េខាងជើងនេះទទួលជោគជ័យ។

លោក ណាម ហ្គាន ភ្យ៉ូ បាននិយាយប្រាប់ក្រុមអ្នកយកព័ត៌មាននៅមុនឡើងយន្តហោះកាលពីថ្ងៃអាទិត្យថា”ខណៈពេលដែលកំពុងឃ្លាំមើលស្ថានការណ៍យ៉ាងដិតដល់នោះ យើងនឹងរក្សាការសម្របសម្រួលយ៉ាង ជិតស្និទ្ធជាមួយក្រុមមន្ត្រីដែលធ្វើកិច្ចជំនួបកំពូលអាមេរិក-កូរ៉េខាងជើង ” ។

ក្រុមមន្រ្តីកូរ៉េខាងត្បូងត្រូវបានចូលរួមធ្វើជាអ្នកសម្របសម្រួលក្នុងកិច្ចជំនួបចរចាវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិងរដ្ឋាភិបាលក្រុងព្យុងយ៉ាងដែលបានផ្តោតលើការត្រៀមលក្ខណៈសម្រាប់កិច្ចជំនួបដែលបានរំពឹងទុកជាមុនរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន។

កាលពីថ្ងៃអាទិត្យ ទាំង លោក គីម ជុង អ៊ុន និង លោក ដូណាល់ ត្រាំបានមកដល់ប្រទេសសិង្ហបុរីជាទីដែលកិច្ចប្រជំនួបកំពូលនេះនឹងពិភាក្សាគ្នាអំពីការរំលាយចោលនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េនិងបញ្ហាផ្សេងៗទៀតដែលនឹងចាប់ផ្ដើមនៅថ្ងៃអង្គារ៕ដោយ:សុខា/sn