ប្រធានាធិបតី​កូរ៉េខាងត្បូង​ស្វែងរក​ការគាំទ្រ​ពី​អាស៊ាន​សម្រាប់​ដំណើរការ​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ​

799
ចែករម្លែក

​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ជែ​អ៊ី​ន បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី ១៣ កក្កដា​ថា អាស៊ាន​អាច​បន្ត​ដើរតួនាទី​ស្ថាបនា​ក្នុង​ការជួយ​នាំមក​នូវ​សន្តិភាព​និង​ស្ថិរភាព​នៅ​ឧបទ្វីប​កូរ៉េ​។​

​លោក​បាន​និយាយ​នៅក្នុង​បទ​បថ​កថា​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅកាន់​ប្រទេស​សិង្ហ​បុរី​ដែល​បញ្ចប់​នៅ​ថ្ងៃ​សុក្រ​ថា “​វា​ចាំបាច់​ណាស់​ក្នុងការ​បង្កើត​ឱកាស​ឱ្យ​កូរ៉េខាងជើង​បំពេញ​តួនាទី​របស់ខ្លួន​ជា​សមាជិក​ដែលមាន​ទំនួល​ខុសត្រូវ​របស់​សហគមន៍​អន្តរជាតិ​”​។​

​លោក​មូ​ន​និយាយថា “​នៅក្នុង​ព្រឹត្តិការណ៍​ដែល​កូរ៉េខាងជើង​អនុវត្ត​វិធានការ​នានា​សម្រាប់​ការលុបបំបាត់​នុយក្លេអ៊ែ​រ​ជាមួយ​ភាពស្មោះត្រង់ ខ្ញុំ​សង្ឃឹមថា កូរ៉េខាងជើង​នឹងត្រូវ​បាន​អញ្ជើញ​ទៅកាន់​ស្ថាប័ន​ពិគ្រោះ​យោបល់​នានា ដែល​គ្រប់គ្រង​ដោយ​អាស៊ាន ហើយ​ការផ្លាស់ប្តូរ​ទ្វេភាគី​និង​កិច្ចសហប្រតិបត្តិការ​រ​វាង​អាស៊ាន​និង​កូរ៉េខាងជើង នឹង​ត្រូវបាន​ពង្រឹង​”​។​

​លោក​មូ​ន​បានចង្អុលបង្ហាញ​ពី​របៀប​ដែល​អាស៊ាន​អាចជួយ​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​និង​នាំមក​នូវ​សន្តិភាព​យ៉ាង​ជ្រាលជ្រៅ​មកលើ​ឧបទ្វីប​កូរ៉េ​ក្នុង​បទ​បថ​កថា​របស់លោក ដែលមាន​ចំណងជើង​ថា “​សាធារណរដ្ឋ​កូរ៉េ​និង​អាស៊ាន : ដៃគូ​ដើម្បី​សម្រេចបាន​នូវ​សន្តិភាព​និង​ភាព​ចម្រុងចម្រើន​នៅ​អាស៊ី​បូព៌ា​”​។​

​ព្រឹត្តិការណ៍ ដែល​រៀបចំ​នៅ​សណ្ឋាគារ Orchard Hotel គឺជា​ផ្នែក​មួយ​នៃ​ការបង្ហាញ​បថ​កថា​របស់​សិង្ហ​បុរី ដែល​ក្នុងនោះ​បណ្តា​មេដឹកនាំ​ពិភពលោក​ផ្តល់​អនុសាសន៍​របស់​ពួកគេ​អំពី​កិច្ចការ​សកលលោក​និង​កិច្ចការ​តំបន់​៕ ដោយ៖ កញ្ញាដាលីស

ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ជែ​អ៊ី​ន