ប្រធានាធិបតី​កូរ៉េខាងត្បូង​បញ្ជា​ឱ្យ​ស៊ើបអង្កេត​ឡើងវិញ​ករណី​តារា​ស្រី​ធ្វើអត្តឃាត​ដោយសារ​គេ​បង្ខំរួមភេទ

360
ចែករម្លែក
  • 113
    Shares

​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ជែ​អ៊ី​ន កាលពី​ថ្ងៃ​ចន្ទ​ទី​១៨​មីនា បាន​បញ្ជា​ឱ្យធ្វើ​ការស៊ើបអង្កេត​យ៉ាង​ហ្មត់ចត់​អំពី​រឿងអាស្រូវ​លេចធ្លោ​ទាក់ទង​នឹង​តារា​ល្បីៗ​និង​អតីតមន្ត្រី​ក្រសួង​យុ​តិ្ត​ធម៌​ជាន់ខ្ពស់​ម្នាក់​។​

​យោងតាម​អ្នកនាំពាក្យ​វិមាន​ប្រធានាធិបតី​លោក គីម អ៊ុយ ឃឹម បានឱ្យដឹងថា លោក​មូ​ន​បាន​បញ្ជា​ឱ្យធ្វើ​ការស៊ើបអង្កេត​ករ​ណី​ពាក់ព័ន្ធ​នឹង​តារា​សម្តែង​ស្រី​ចាង ចា​យឹ​ន (Jang Ja-yeon) អតីត​អនុរដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​លោក​គីម ហាក់ អៀវ (Kim Hak-eui) និង ការស៊ើបអង្កេត​កំពុង​បន្ត​ជុំវិញ​ក្លិប​រាត្រី Burning Sun​។​

​លោក​មូ​ន​ត្រូវបាន​ដកស្រង់​សម្តី​ដោយ​និយាយថា “​កត្តារួម​គឺថា ការវិវឌ្ឍ (​ទាក់ទិន​នឹង​ករណី​ទាំងនេះ​) បាន​កើតឡើង​ក្នុងចំណោម​បុគ្គល​ដែលមាន​អភ័យឯកសិទ្ធិ ហើយ​មាន​ភស្តុតាង​សម​ហេតុផល​បង្ហាញថា រដ្ឋអាជ្ញា​និង​ប៉ូលិស​បានធ្វើការ​ស៊ើបអង្កេត​មិន​ពេញលេញ​ដោយ​ចេតនា និង​បាន​រារាំង​យ៉ាងសកម្ម​កុំឱ្យ​ការពិត​ត្រូវបាន​លាតត្រដាង​”​។​

​លោក​មូ​ន​ត្រូវបាន​ដកស្រង់​សម្តី​ដោយ​និយាយថា ប្រសិនបើ​ការពិត​អំពី​ករណី​ទាំងនេះ​មិន​ត្រូវបាន​លាតត្រដាង ប៉ូលិស​និង​រដ្ឋអាជ្ញា​នឹងមិន​អាច​ទទួល​បានកា​រ​ជឿទុកចិត្ត​ឡើងវិញ​ឡើយ ហើយ​ថា​ប្រទេស​កូរ៉េ​នឹង​នៅតែ​ជា​សង្គម​អយុត្តិធម៌​។​

​លោក​មូ​ន​និយាយថា “​ករណី​ទាំងនេះ​គឺ​កើតឡើង​ក្នុង​អតីតកាល ប៉ុន្តែ​ការ​លាតត្រដាង​ការពិត​និង​ការកកើត​ឡើងវិញ​ក្នុងនាម​ជា​អង្គភាព​ស៊ើបអង្កេត​ដែល​ត្រូវបាន​ជឿទុកចិត្ត​ដោយ​ប្រជាជន​គឺជា​អ្វីមួយ​ដែល​មេដឹកនាំ​នៃ​រដ្ឋអាជ្ញា​និង​ប៉ូលិស​ត្រូវតែ​ធានា​ឱ្យបាន​។ អនាគត​របស់​អង្គភាព​ទាំងនេះ​គឺ​កំពុង​ស្ថិតក្នុង​ហានិភ័យ​”​។​

​តារា​សម្តែង ចាង ចា​យឹ​ន បានធ្វើ​អត្តឃាត​កាលពី​ថ្ងៃទី ៩ ខែមីនា​ឆ្នាំ ២០០៩ នៅ​អាយុ ២៩ ឆ្នាំ​។ នៅ​គ្រានោះ​មានការ​លាតត្រដាង​ថា តារា​សម្តែង​រូបនេះ​បាន​បន្សល់ទុក​នូវ​លិខិត​ជាច្រើន​ទំព័រ​សរសេរ​ដោយ​ដៃ ដោយ​រៀបរាប់​ពី​ការរំលោភ​ផ្លូវភេទ​និង​ការវាយដំ​លើ​រាងកាយ​ពី​សំណាក់​ជន​មាន​ឥទ្ធិពល​ជាច្រើន​នាក់​។​

​លិខិត​ទាំងនោះ​ក៏បាន​រាប់បញ្ចូល​ផងដែរ​នូវ​បញ្ជី​ឈ្មោះ​មនុស្ស​ដែល​នាង​និយាយថា​នាង​ត្រូវបាន​បង្ខំ​ឱ្យ​រួមភេទ ក្នុងនោះ​រួមមាន​ទាំង​សមាជិកគ្រួសារ​ស្ថាបនិក​របស់​កាសែត Chosun Ilbo ផងដែរ​។ បញ្ជី​ឈ្មោះ​នោះ​មិនត្រូវ​បានបង្ហាញ​ជា​សាធារណៈ​នោះទេ ហើយ​គ្មាន​ជន​មាន​ឥទ្ធិពល​ណា​ម្នាក់​ត្រូវបាន​ចោទប្រកាន់​ឡើយ​៕ ដោយ៖ កញ្ញាដាលីស

ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក​មូ​ន ជែ​អ៊ី​ន