ប្រធានាធិបតី​កូរ៉េខាងត្បូង បង្ហាញ​ទំនោរ​ទៅរក​ការចរចា បើសិន​ជប៉ុន​ជ្រើសរើស​ការចរចា​

261
ចែករម្លែក

​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូន ជែ​អ៊ីន​បានបង្ហាញ​ទំនោរ​ចរចា​សម្របស​ម្រួ​ល​ទៅ​ជប៉ុន​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៥​ខែ​សីហា​នេះ​ប្រសិនបើ​ទី​រដ្ឋាភិបាល​ក្រុង​តូ​ក្យូជ្រើសរើស​​ការចរចា​នោះ​ស្របពេល​ដែល​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​២ ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​ជា​ថ្មី​។​

​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​និង​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ ដែល​ប្រទេស​ទាំង​២​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​និង​សេដ្ឋកិច្ច​ទីផ្សារ​នេះ បាន​ជាប់គាំង​នៅ​ក្នុង​ជម្លោះ​យូរអង្វែង​អំពី​ការប្រើ​​កម្លាំង​ពលកម្ម​ដោយ​បង្ខំ​ដោយ​ជប៉ុន​នៅ​ពាក់កណ្តាល​សតវត្សរ៍​ទី​២០ ។​

​ប្រទេស​ជិតខាង​ទាំង​២​នេះ បាន​ជាប់​ក្នុង​ជម្លោះ​ពាណិជ្ជកម្ម​ដោយ​ក្នុង​ជម្លោះ​នោះ ពួកគេ​បាន​ដកខ្លួន​ចេញ​តែ​រៀងៗ​គ្នា​ពី​បញ្ជី​ដៃគូ​ពាណិជ្ជកម្ម​ទុកចិត្ត​របស់​ពួកគេ​នៅក្នុង​​ខែ​នេះ​ដែល​ធ្វើឱ្យមាន​ការព្រួយបារម្ភ​អំពី​ខ្សែសង្វាក់​ផ្គត់ផ្គង់​សកល​។​

​បញ្ហា​នេះ​បាន​កើតឡើង​បន្ទាប់​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ​បាន​ដាក់​កម្រិត​លើ​ការ​នាំ​ចេញ​វត្ថុធាតុដើម​សំខាន់ៗ​ទៅ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​របស់​កូរ៉េ​ខាងត្បូង​ដូចជា​ក្រុមហ៊ុន​Samsung កាលពី​ខែ​មុន បន្ទាប់ពី​មាន​សេចក្តីសម្រេច​របស់​តុលាការ​កូរ៉េខាងត្បូង​ដែល​បញ្ជា​ឱ្យ​ក្រុមហ៊ុន​ជប៉ុន បង់ថ្លៃ​ពលកម្ម​ក្នុងពេល​សង្គ្រាម​។​

​ប៉ុន្តែ លោក មូន ជែ​អ៊ីន បាន​ព្យាយាម​បន្ថយ​ភាព​តានតឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៥​ខែ​សីហា​នេះ ដោយ​និយាយថា​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​មាន​ឆន្ទៈ​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​ក្រុង​​តូ​ក្យូ​ដើម្បី​ធានាបាន​ពាណិជ្ជកម្ម​ត្រឹមត្រូវ​និង​កិច្ចសហប្រតិបត្តិការ​នៅក្នុង​តំបន់​។​

​លោក មូន ជែ​អ៊ីន បាន​និយាយ ក្នុង​សុន្ទរកថា​មួយ​ដើម្បី​រំលឹក​ក​ខួប នៃ​ការរំដោះ​កូរ៉េ​ពី​ការគ្រប់គ្រង​របស់​ជប៉ុន​ឆ្នាំ​១៩១០-១៩៤៥ ថា “​ប្រសិនបើ ជប៉ុន​ជ្រើសរើស​ផ្លូវ​នៃ​ការចរចា​​និង​កិច្ចសហប្រតិបត្តិការ យើង​នឹង​ចូលរួម ដោយ​រីករាយ​” ៕​ប្រែ​សម្រួល​៖​សុខា​/sn

លោក មូន ជែ​អ៊ីន ថ្លែង​សុន្ទ​រក​រំលឹក​ក​ខួប នៃ​ការរំដោះ​កូរ៉េ​ពី​ការគ្រប់គ្រង​របស់​ជប៉ុន​ឆ្នាំ​១៩១០-១៩៤៥