ប្រធានាធិបតី​កូរ៉េ ឆ្លៀត​ទៅ​ទស្សនា​ប្រាសាទ​អង្គរ​ ទោះ​ពេល​ខ្លី​ក៏ដោយ​

362
ចែករម្លែក
  • 2
    Shares

ប្រធានាធិបតី​សាធារណរដ្ឋ​កូរ៉េ មូ​ន ចេ​អ៊ី​ន និង​ភរិយា រួមទាំង​គណៈប្រតិភូ​នៃ​រដ្ឋាភិបាល​កូរ៉េ បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា រយៈពេល​បី​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៩​។ ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ប្រធានាធិបតី បានធ្វើ​ឡើង​នៅ​ភ្នំពេញ ដោយ​កាលពី​ថ្ងៃទី​១៥ ខែមីនា លោក​បាន​ចូល​បង្គំ​គាល់​ព្រះករុណា​ព្រះមហាក្សត្រ​កម្ពុជា ក្នុង​ព្រះបរមរាជវាំង ទៅ​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធនៅ​វិមានឯករាជ្យ និង​នៅ​ព្រះ​បរម​រូប សម្តេចព្រះ​បរម​រតន​កោដ្ឋ​។​

​បន្ទាប់មក លោក​ប្រធានាធិបតី បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​វិមាន​សន្តិភាព ដោយមាន​ទាំង​ចុះហត្ថលេខា​លើ​ឯកសារ​សំខាន់ៗចំនួន ៥ និង​ចូលរួម​វេទិកាធុរកិច្ច​កម្ពុជា​-​កូរ៉េ​។​

​ជំនួប​ផ្លូវការ​ជាមួយ​មេដឹកនាំ​កម្ពុជា ត្រូវបាន​បញ្ចប់នៅ​ថ្ងៃទី​១៥​មីនា​។ តែ​លោក​ប្រធានាធិបតី​កូរ៉េ និង​ភរិយា​បាន​ចំណាយពេល​ស្នាក់នៅ​មួយ​យប់​ទៀតនៅ​កម្ពុជា ហើយ​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែមីនា លោក​ប្រធានាធិបតី​និង​ភរិយា ព្រម​គណៈប្រតិភូ​រដ្ឋាភិបាល​កូរ៉េ ជិះ​យន្តហោះ​ពិសេស​របស់លោកពី​ភ្នំពេញទៅ​ខេត្តសៀមរាប​។ នៅពេល​ទៅដល់​អាកាស​យានដ្ឋា​ន​អន្តរជាតិ​ខេត្តសៀមរាបភ្លាម លោក​ប្រធានាធិបតី ត្រូវ​បន្តដំណើរ​ឆ្ពោះទៅកាន់​ប្រាសាទអង្គរវត្ត​តែម្តង​។​

​តាម​កម្មវិធីដែល​បាន​គ្រោងទុក លោក​ប្រធានាធិបតី​កូរ៉េ មូ​ន ចេ​អ៊ី​ន និង​ភរិយា​រួមទាំង​គណៈប្រតិភូ មាន​ពេល​តែមួយ​ម៉ោង​និង​ម្ភៃ​ប្រាំ​នាទី ( ចាប់ពី​ម៉ោង ១១:00-១២:២៥ ) ប៉ុណ្ណោះ ដើម្បី​ទស្សនាប្រាសាទអង្គរវត្ត​។ បន្ទាប់ពី​ទស្សនា​ប្រាសាទអង្គរវត្ត លោក​ប្រធានាធិបតី​កូរ៉េ ត្រូវ​ឡើង​យន្តហោះវិល​ត្រឡប់ មក​ភ្នំពេញ​វិញ ហើយ​នៅ​ម៉ោងជាង ២​រសៀល ថ្ងៃទី​១៦ ខែមីនា​ទើប​លោក​ប្រ​ធានា ធិបតី ចាក​ចេញពី​ភ្នំពេញ តាម​យន្តហោះ​ពិសេស​របស់លោក​។ ដូច្នេះ​បើ​មើល​តាម​កម្មវិធីដែល​បាន​គ្រោងទុក គឺ​សូម្បី​តែមាន​ពេល​មិន​ដល់​មួយ​ម៉ោង​កន្លះ​ផង ក៏​លោក​ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន ឆ្លៀត​ទៅ​ឲ្យ​ដល់​អង្គរវត្ត​ឲ្យ​ខាន​តែ​បាន​។​

​របាយការណ៍​របស់​ក្រសួងទេសចរណ៍ បង្ហាញថា កាលពី​ឆ្នាំ​២០១៨ ​កម្ពុជា​បានទទួល​ភ្ញៀវទេសចរអន្តរជាតិ ចំនួន ៦,២​លាន​នាក់ កើនឡើង​១១​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៧​។ ក្នុងនោះទេសចរ​ចិន មាន​ចំនួន​ប្រមាណ ១,៩ លាន​នាក់ កើនឡើង ៧០​ភាគរយ​។ រីឯ​ទេសចរ​កូរ៉េ មាន​ចំនួន ៣០​ម៉ឺន​នាក់​។ នៅ​ឆ្នាំ​២០១៨ កន្លងមក អ្នកទេសចរ​កូរ៉េ​ស្ថិតនៅ​លំដាប់​ទី​៤ ក្នុងចំណោម​អ្នកទេសចរ​បរទេស ដែល​បាន​ចូលមក​ទស្សនា​កម្ពុជា​។

​ដោយឡែក និយាយ​តែ​ពី​ប្រាសាទអង្គរវត្តនៅ​ខេត្តសៀមរាប អ្នកទេសចរ​កូរ៉េ ស្ថិតនៅ​លំដាប់​ទី​២ នៅ​ឆ្នាំ​២០១៨​។ ក្នុងនោះ ស្ថិតិ​ភ្ញៀវទេសចរ​អន្តរជាតិទិញ​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ នៅ​ឆ្នាំ​២០១៨ បង្ហាញថា អ្នកទេសចរ​បរទេស សរុប​ចំនួន ២.៥៩០ ៨១៥ នាក់ ដោយមាន ១៩៤ ជនជាតិ បាន​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ នៅ​ឆ្នាំ​២០១៨​។ ក្នុងនោះចិននៅ​លេខ​១ ហើយ​កូរ៉េ ស្ថិតនៅ​លេខ​២​។ ពោលគឺ​បន្ទាប់ពី​អ្នក​ទេស​ចិន ចំនួន ១.១២៣.៥៩៧ នាក់ ដែល​បាន​ចូល​ទស្សនាអង្គរ នៅ​ឆ្នាំ​២០១៨ គឺមាន​អ្នកទេសចរ​កូរ៉េ ចំនួន ១៨៤.៣៩៥ នាក់​។​

​នៅ​ឆ្នាំ​២០១៨ កម្ពុជា​ទទួល​ចំណូល​ពី​អង្គរវត្ត​បាន​ជាង ១១៦ លាន​ដុល្លារ​។ ចំណូល​ពី​អង្គរ​នេះ ត្រូវបាន​រាជរដ្ឋាភិបាលផ្តល់ជូន​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា ចំនួន​ជាង ៥​លាន​ដុល្លារ​។
​ ​
កាលពីដើម​សប្តាហ៍​នេះ មហាសេដ្ឋី​អន​ឡាញ​របស់​ចិន គឺ​លោក ជេក ម៉ា ក៏បាន​ធ្វើដំណើរ​ដោយស្ងាត់ៗ មក​ទស្សនា​ប្រាង្គ​ប្រាសាទបុរាណ​ខ្មែរ នៅ​រមណីយដ្ឋាន​អង្គរ​ផងដែរ​។​
​ ​
ជារួម ទោះបីជា​មមាញឹក​នឹង​ការងារ​ការទូត និង​កិច្ចការ​ប្រទេសជាតិ​យ៉ាងណាក៏ដោយ ក៏​លោកប្រធានាធិបតី មូ​ន ចេ​អ៊ី​ន ត្រូវតែ​ឆ្លៀតពេលទៅ​ឲ្យ​ដល់​មើល​ឲ្យ​ឃើញ​ផ្ទាល់​ភ្នែក​នូវ​ប្រាសាទអង្គរវត្ត ដែលជា​អត្តសញ្ញាណ​របស់​ជាតិខ្មែរ និង​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ដ៏​អស្ចារ្យគ្មាន​ពីរ​នេះ​។​
​ ​
​វត្តមាន​របស់លោក​ប្រធានាធិបតី​កូរ៉េ មូ​ន ចេ​អ៊ី​ន និង​មហា​សេដ្ឋកិច្ច​អន​ឡាញ​របស់​ចិន ជេ​ក ម៉ា ព្រមទាំង​បុគ្គល​សំខាន់ៗ​លើ​ពិភពលោក នៅ​ទឹកដី​កម្ពុជា ពិសេស​នៅ​ប្រាសាទអង្គរវត្ត ពិតជា​បង្ហាញកាន់តែច្បាស់​ថែមទៀត ដល់​អ្នកទេសចរ​ជុំវិញ​ពិភពលោកពី​កម្ពុជា​។ កម្ពុជា​ដែល​ពោរពេញ​ដោយ សុខសន្តិភាព និង​ការអភិវឌ្ឍ​៕ ដោយ​: ម៉េង​ឆៃ​/Ha