ប្រធានាធិបតី​ចិន​ជួបពិភាក្សា​ជាមួយ​ប្រមុខ​អង្គការ​សហប្រជាជាតិ​អំពី​កូវី​ដ​១៩

112
ចែករម្លែក

​ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ពីង កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១២​មីនា​បាន​និយាយ​តាម​ទូរស័ព្ទ​ជាមួយ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក អង់​តូ​នី​ញូ​ ហ្គូ​ទែ​រ៉េស ដោយ​ទទូច​ដល់​សហគមន៍​អន្តរជាតិ​ឱ្យ​ចាត់វិធានការ​ជាបន្ទាន់​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ការឆ្លង​ល​ដាល​នៃ វីរុស​កូវី​ដ​១៩ ។​

​លោក ស៊ី ជីន​ពីង បាន​រំលឹក​ឡើងវិញ​ថា ចាប់តាំងពី​មាន​ការ​ផ្ទុះឡើង​នៃ​ជំងឺឆ្លង​នេះ​មក លោក អង់​តូ​នី​ញូ ហ្គូ​ទែ​រ៉េស បាន​សរសេរ​លិខិត​ជាច្រើនលើក​ដើម្បី​ផ្តល់​​ការគាំទ្រ​និង​ការកោតសរសើរ​ចំពោះ​វិធានការ​បង្ការ​និង​ការគ្រប់គ្រង​របស់​ចិន​និង​បាន​គាំទ្រ​ជា​សាធារណៈ​ចំពោះ​កិច្ច​ខំប្រឹងប្រែង​ប្រឆាំង​ជំងឺឆ្លង​រាតត្បាត​​របស់​ចិន ។​

​ប្រធានាធិបតី​ចិន បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រមុខ​ដឹកនាំ​សហប្រជាជាតិ ដោយ​លើកឡើង​ថា ប្រជាជន​ចិន​តែងតែ​និយាយថា​” មិត្ត​ក្នុង​គ្រា​លំបាក​គឺជា​មិត្ត​ដ៏​​ល្អ​បំផុត​”​។​

​លោក ស៊ី ជីន​ពីង បាន​និយាយថា ដោយ​មាន​ការខិតខំ​ប្រឹង​ប្រែង​ដ៏​ខ្លាំងក្លា​នោះ​ប្រទេស​ចិន​បាន​មើលឃើញ​និន្នាការ​ក្នុងស្រុក​ដែល​ក្នុងនោះ ស្ថានភាព​នៃ​​ការការពារ​និង​ការគ្រប់គ្រង​ការឆ្លង​ជំងឺ​រាតត្បាត​នេះ​កំពុង​មាន​ភាពល្អប្រសើរ​ឡើង​ជា​លំដាប់ ហើយ​សកម្មភាព​ជីវិត​ប្រចាំ​ថ្ងៃ​និង​ផលិតកម្ម​កំពុង​ត្រូវបាន​​ស្តារ​ឡើងវិញ​ដោយ​ល្បឿន​កើន​ជា​លំដាប់​។​

​ដោយ​កត់សម្គាល់​ថា​វីរុស​កូវី​ដ​១៩​កំពុង​បង្កើន​ការឆ្លង​រាលដាល​នៅក្នុង​ប្រទេស​មួយចំនួន​នាពេល​បច្ចុប្បន្ន​នេះ​ស្ថានភាព​នេះ​គឺ​គួរឱ្យ​ព្រួយបារម្ភ​ហើយ​លោក​បាន​​ជំរុញ​សហគមន៍​អន្តរជាតិ​ឱ្យ​ចាត់វិធានការ​ជា​បន្ទាន់​និង​អនុវត្ត​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ប្រកបដោយ​ប្រសិទ្ធភាព​ក្នុង​ការទប់ស្កាត់​និង​រួម​គ្នា​បង្កើតឱ្យមាន​​កម្លាំង​ខ្លាំង​ប្រឆាំង​ជំងឺ​នេះ​។​

​លោក ស៊ី ជីន​ពីង បាន​និយាយថា ប្រទេស​ចិន​បាន​ត្រៀម​ខ្លួន​រួចជាស្រេច ដើម្បី​ចែករំលែក​បទពិសោធន៍​របស់​ខ្លួន​ជាមួយ​បណ្តា​ប្រទេស​ដទៃ​ទៀត អនុវត្ត​ការ​​ស្រាវជ្រាវ​និង​ការអភិវឌ្ឍ​រួម​គ្នា​អំពី​ថ្នាំពេទ្យ​និង​ថ្នាំ​វ៉ាក់សាំង ហើយ​ផ្តល់​ជំនួយ​ជាច្រើន​តាម​អាចធ្វើ​បាន​ដើម្បី​ជួយ​បណ្តា​ប្រទេស​ដែល​ជំងឺ​នេះ​កំពុង​ឆ្លង​រាលដាល​៕​ប្រែ​សម្រួល​៖​សុខា​/sn

លោក ស៊ី ជីន​ពីង (​រូប​ស្តាំ​) ជួប​ជាមួយ លោក អង់​តូ​នី​ញូ ហ្គូ​ទែ​រ៉េស​នៅ​ប្រទេស​ជប៉ុន (​រូប​ឯកសារ​ឆ្នាំ​២០១៩)