ប្រធានាធិបតី​ចិន​និយាយថា លោកខាងលិច​មាន​ឧត្តមភាព​ខាង​យោធា​និង​សេដ្ឋកិច្ច​យូរអង្វែង​

405
ចែករម្លែក
  • 28
    Shares

​ប្រធានាធិបតី​ចិន​លោក​ស៊ី​ជីន​ពីង​បាន​និយាយថា​បណ្តា​ប្រទេស​លោកខាងលិច​ដែលមាន​ការអភិវឌ្ឍ​គឺមាន​ឧត្តមភាព​ខាង​សេដ្ឋកិច្ច​បច្ចេកវិជ្ជា​និង​យោធា​យូរអង្វែង​លើ​ប្រទេស​ចិន​ហើយ​គណបក្ស​កុម្មុយនីស្ត​ត្រូវតែ​ដឹងថា​មនុស្ស​មួយចំនួន​នឹង​ប្រើ​ចំណុចខ្លាំង​របស់លោក​ខាងលិច​ដើម្បី​រិះគន់​ពី​បរាជ័យ​របស់​លទ្ធិសង្គមនិយម​។​

​ចាប់តាំងពី​បាន​កាន់អំណាច​នៅ​ប្រទេស​ចិន​ជាង​ប្រាំមួយ​ឆ្នាំ​មក​នោះ លោក​ស៊ី​បាន​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ធានាបាន​នូវ​ភក្ដីភាព​និង​វិន័យ​របស់​គណបក្ស​ទាំងមូល រួមទាំង​ការបង្ក្រាប​អំពើពុករលួយ ដោយ​ព្រមាន​ថា​ការរស់រានមានជីវិត​របស់​គណបក្ស​កំពុង​ស្ថិតក្នុង​គ្រោះថ្នាក់​។​

​នៅ​ឆ្នាំនេះ ដែល​កត់សម្គាល់​ដោយ​ការ​រំលឹក​ខួប​ដ៏​រសើប​ជាច្រើន​រាប់បញ្ចូល​ទាំង​ការបង្ក្រាប​ដោយ​បង្ហូរឈាម​ទៅលើ​បាតុករ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​និង​ជុំវិញ​ទីលាន​ធៀន​អាន​ម៉េ​ន​កាលពី​បី​ទសវត្សរ៍​មុន បានឃើញ​ការកើនឡើង​បន្ថែមទៀត​នៅក្នុង​ការអំពាវនាវ​ឱ្យមាន​ភាពស្មោះត្រង់​នៅក្នុង​បក្ស​។​

​កាលពី​ថ្ងៃ​ចន្ទ​ទី​១​មេសា កាសែត​បក្ស Qiushi ដែល​មានន័យថា “​ស្វែងរក​ការពិត​” បានចេញ​ផ្សាយ​ជា​អត្ថបទ​ដ៏​វែង​ជា​លើកដំបូង​ពី​សុន្ទរកថា​ដែល​លោក​ស៊ី​បាន​ថ្លែង​នៅ​ដើមឆ្នាំ ២០១៣ បន្ទាប់ពី​លោក​បាន​ក្លាយជា​មេដឹកនាំ​គណបក្ស ដោយ​ព្រមាន​អំពី​គ្រោះថ្នាក់​ដែល​គណបក្ស​នេះ​កំពុង​ប្រឈម​។​

​ដោយ​ដកស្រង់​នូវ​លទ្ធិ​ម៉ាក្ស​និង​អ៊ី​ន​ហ្គែ​ល លោក​ស៊ី​បាន​និយាយថា សង្គមនិយម​នឹង​យកឈ្នះ​លើ​មូលធននិយម​ដោយ​ចៀស​មិន​រួច​ឡើយ ប៉ុន្តែ​ថា​វា​នឹង​ក្លាយជា​ដំណើរការ​ប្រវត្តិសាស្ត្រ​ដ៏​វែងឆ្ងាយ​។ ប្រទេស​ចិន​អនុវត្ត​នូវ​អ្វីដែល​គេ​ហៅថា​សង្គមនិយម​ជាមួយ​លក្ខណៈ​ជា​ចិន​។​

​លោក​ស៊ី​បាន​មានប្រសាសន៍ថា ប្រទេស​ចិន​ត្រូវតែ “​វាយតម្លៃ​យ៉ាង​ពេញលេញ​នូវ​គោលបំណង​ជាក់ស្តែង​នៃ​ផលប្រយោជន៍​រយៈពេល​វែង​ដែល​បណ្តា​ប្រទេស​អភិវឌ្ឍន៍​នៅ​លោកខាងលិច​មាននៅ​ក្នុង​វិស័យសេដ្ឋកិច្ច​វិទ្យាសាស្ត្រ​និង​យោធា​ហើយ​ត្រៀម​រៀបចំ​សម្រាប់​គ្រប់​ទិដ្ឋភាព​នៃ​កិច្ចសហប្រតិបត្តិការ​និង​ការតស៊ូ​យូរអង្វែង​រវាង​ប្រព័ន្ធ​សង្គម​ទាំងពីរ​”​។​

​លោក​បាន​បន្ថែមថា គណបក្ស​កុម្មុយនីស្ត​ក៏ត្រូវ “​ប្រឈមមុខ​នឹង​ការពិត​ដែលថា​មនុស្ស​មួយចំនួន​បាន​ប្រៀបធៀប​គុណសម្បត្តិ​ល្អ​របស់​ប្រជាជាតិ​លោកខាងលិច​ជាមួយនឹង​ភាពទន់ខ្សោយ​នៃ​ការអភិវឌ្ឍ​របស់​ពួក​សង្គមនិយម​នៅ​ប្រទេស​យើង​និង​ផ្តល់​ការរិះគន់​ចំពោះ​រឿងនេះ​”​។​

​លោក​ស៊ី​បាន​និយាយថា​ខណៈដែល​គណបក្ស​នេះ​បាន​ប្រព្រឹត្ត “​កំហុស​ធ្ងន់ធ្ងរ​” ដូចជា​បដិវត្តន៍វប្បធម៌ នៅពេលដែល​កុមារ​ងាក​មក​ប្រឆាំង​ឪពុកម្តាយ​និង​សិស្ស​និស្សិត​ងាក​មក​ប្រឆាំង​គ្រូបង្រៀន បន្ទាប់ពី​លោក​ម៉ៅ​សេទុង​បានប្រកាស​សង្គ្រាម​វណ្ណៈ​នោះ ប្រវត្តិសាស្ត្រ​របស់​បក្ស​នេះ “​ជាទូទៅ​គឺមាន​ភាពរុងរឿង​”​។​

​លោក​បាន​បន្ថែមថា ពួក​អ្នក​រិះគន់​លើ​បដិវត្តន៍ ដែល​បាន​នាំ​គណបក្ស​កុម្មុយនីស្ត​ឡើងកាន់​អំណាច​ក្នុង​ឆ្នាំ ១៩៤៩ គឺ​គ្រាន់តែ​ព្យាយាម​ញុះញង់​ឱ្យមាន​ការផ្តួលរំលំ​គណបក្ស​នេះ​តែប៉ុណ្ណោះ​។​

​ប៉ុន្តែ​លោក​ស៊ី​បាន​និយាយថា ប្រទេស​ចិន​ត្រូវតែ​ប្រកាន់យក​កំណែទម្រង់សេដ្ឋកិច្ច​សំខាន់ៗ​របស់ខ្លួន​ដែល​បានចាប់ផ្តើម​នៅ​ឆ្នាំ ១៩៧៨ បើ​គ្មាន​វា​ទេ បក្ស​កុម្មុយនីស្ត​នឹង​ដួលរលំ​ជាមិនខាន​។​

​គណបក្ស​នេះ “​អាច​នឹង​ប្រឈម​នឹង​វិបត្តិ​ធ្ងន់ធ្ងរ​ដូចជា​ការស្លាប់​របស់​គ​ណ​បក្ស​និង​ការស្លាប់​របស់​ប្រទេស ដែល​កំពុង​ប្រឈម​ជាមួយ​សហភាពសូវៀត​និង​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​ខាងកើត​”​។​

​ប៉ុន្តែ​លោក​ស៊ី​បាន​មានប្រសាសន៍​បន្ថែមទៀត​ថា ប្រទេស​ចិន​បា​នស​ញ្ជា​ក់​ទៅ​ពួក​អ្នក​រិះ​គាន់​ថា​ពួកគេ​យល់​ខុស​ហើយ​។​

​លោក​ស៊ី​បាន​និយាយថា “​ទាំង​ប្រវត្តិសាស្ត្រ​និង​ការពិត​ជាក់ស្តែង បាន​ប្រាប់​យើង​ថា មានតែ​សង្គមនិយម​ទេ​ទើប​អាចជួយ​សង្គ្រោះ​ប្រទេស​ចិន​បាន មានតែ​សង្គមនិយម​ដែលមាន​ចរិតលក្ខណៈ​ជា​ចិន​ទេ​ទើប​អាច​អភិវឌ្ឍ​ប្រទេស​ចិន​បាន​។ នេះ​គឺជា​សេចក្តីសន្និដ្ឋាន​សរុប​នៃ​ប្រវត្តិសាស្ត្រ​និង​ជម្រើស​របស់​ប្រជាជន​”៕ ដោយ៖ កញ្ញាដាលីស

ប្រធានាធិបតី​ចិន លោក​ស៊ី ជីន​ពីង