ប្រធានាធិបតី​ចិន​និយាយថា “​មិនមាន​អ្នកឈ្នះ​ទេ​”​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ណាមួយ​

825
ចែករម្លែក

ដោយចង់និយាយសំដៅទៅកាន់ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ ដែលគំរាមវាពន្ធលើទំនិញនាំចូលពីចិនទាំងអស់នោះ ប្រធានាធិតីចិន លោកស៊ី ជីនពីង កាលពីថ្ងៃពុធទី២៥កក្កដា បាននិយាយថា នឹងមិនមាន”អ្នកឈ្នះទេ” នៅក្នុងសង្រ្គាមពាណិជ្ជកម្មណាមួយ ។

នៅពិធីបើកជំនួបកំពូលអង្គការBRICS នៅក្រុងចូហានេស្បឺក លោកបាននិយាយថា” សង្រ្គាមពាណិជ្ជកម្មមួយគួរត្រូវបដិសេធចោល ដោយសារនឹងមិនមានអ្នកឈ្នះ។ឯតោនិងគាំពារនិយមកំពុងមានសម្ទុះកើនឡើង ដោយសំពងធ្ងន់លើពហុនិយមនិងរបបពាណិជ្ជកម្មពហុភាគី។យើងកំពុងប្រឈមជំរើសមួយរវាងកិច្ចសហការនិងការប្រឈមមុខ រវាងការបើកចំហនិងគោលនយោបាយបិទទ្វារ ហើយនឹងរវាងផលប្រយោជន៍ទៅវិញទៅមកនិងគោលនយោបាយដោះស្រាយសេដ្ឋកិច្ចខ្លួនឯងតែបង្កបញ្ហាដល់ប្រទេសដទៃ។សហគមន៍អន្តរជាតិ ជាថ្មីទៀតឈានដល់ផ្លូវបំបែកមួយហើយ”។

ពួកមេដឹកនាំអង្គការនៃប្រទេសមានសេដ្ឋកិច្ចកំពុងស្ទុះឡើងហៅកាត់ថាBRICS រួមមានប្រេស៊ីល រុស្ស៊ី ចិន ឥណ្ឌានិងអាហ្រ្វិកខាងត្បូង កំពុងធ្វើជំនួបកំពូលរយៈពេល៣ថ្ងៃចាប់ពីថ្ងៃពុធដល់ថ្ងៃសុក្រ នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង ជាមួយនឹងការផ្តោតលើការគំរាមធ្វើសង្រ្គាមពាណិជ្ជកម្មដែលដឹកនាំដោយអាមេរិក។

ក្នុងពេលជាមួយគ្នា ប្រធានគណៈកម្មាធិការអឺរ៉ុបលោកហ្សង់-ក្លោត ចាំងឃឺ កំពុងជួបប្រជុំជាមួយលោកដូណាល់ត្រាំ និងលទ្ធផលគឺថាប្រធានាធិបតី ដូ​ណា​ល់ ត្រាំនិង​មេដឹកនាំ​អឺរ៉ុប​បាន​ដកថយ​ពី​ការប៉ះទង្គិច​ខាង​ពាណិជ្ជកម្ម​ផ្នែក​យានយន្ត​និង​បាន​យល់ព្រម​បើក​កិច្ចពិភាក្សា​ដើម្បី​លុបបំបាត់​របាំង​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​សហភាព​អឺរ៉ុប​។​

ត្រាំបាននិយាយថា លោកត្រៀមយកពន្ធលើទំនិញចិនទាំង៥០០ពាន់លានដុល្លារ ដោយត្អូញត្អែរថា ចិនមានផលលើសពាណិជ្ជកម្មជាមួយអាមេរិកខ្លាំងក្លាពេកនិងចិនប្រើល្បិចអំពីរូបិយបណ្ណដើម្បីយកប្រៀបលើការប្រកួតប្រជែងតំលៃ។

ត្រាំបានវាយពន្ធពិន័យរួចហើយលើទំនិញចិនតំលៃរាប់ពាន់លានដុល្លារ ព្រមទាំងពន្ធលើដែកថែបនិងអាលុយមីញ៉ូមមកពីសហភាពអឺរ៉ុប កាណាដា និងម៉ិកស៊ិក។

ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀ ពូទីន នាយករដ្ឋមន្រ្តីឥណ្ឌា ណារេនដ្រា ម៉ូឌី និងប្រធានាធិបតីប្រេស៊ីល មីឆែល ថេមឺ កំពុងចូលរួមក្នុងជំនួបនេះ ជាមួយមេដឹកនាំអាហ្រ្វិកជាច្រើនរូបដែលត្រូវបានអញ្ជើញអោយចូលរួមជាភ្ញៀវ។

ក្នុងអង្គប្រជុំនេះដែរ ប្រធានាធិបតីអាហ្រ្វិកខាងត្បូង បាននិយាយថា” យើងបារម្ភអំពីកំណើននៃវិធានការឯតោភាគី ដែលមិនស្របតាមច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក និងយើងក៏បារម្ភអំពីផលនៃវិធានការទាំងនេះ”។

ក្រុមBRICSផ្សំបានជាង៤០ភាគរយនៃប្រជាពលរដ្ឋក្នុងលោក តំណាងអោយបណ្តាប្រទេសសេដ្ឋកិច្ចកំពុងងើបស្ទុះឡើងធំៗបំផុតខ្លះ តែក៏កំពុងតស៊ូនឹងការស្វែងរកសម្លេងឯកភាពតែមួយ។ពួកអ្នកវិភាគនិយាយថា គោលនយោបាយពាណិជ្ជកម្មអាមេរិក ផ្តល់អោយក្រុមនេះនូវគោលបំណងថ្មី។

លោកស៊ីបានទៅដល់អាហ្រ្វិកខាងត្បូង ក្រោយពីបានទៅធ្វើទស្សនកិច្ចនៅសេណេហ្កាល់និងរ្វ៉ាន់ដា ជាផ្នែកនៃដំណើរស្វែងរកការពង្រឹងចំណងទាក់ទងជាមួយសម្ពន្ធមិត្តអាហ្រ្វិក។

ដោយទំនងជាចង់ស្វះស្វែងរកឥទ្ធិពលផងដែរ មុនទៅដល់អាហ្រ្វិកខាងត្បូង នាយករដ្ឋមន្រ្តីឥណ្ឌាបានទៅរ៉្វាន់ដានិងអ៊ុយហ្កង់ដាក្នុងដំណើរ៥ថ្ងៃរបស់លោកទៅចូលរួមជំនួបBRICS។

ប្រធានាធិបតីតួកគី ដែលបច្ចុប្បន្នជាប្រធានអង្គការកិច្ចសហប្រតិបត្តិការអ៊ីស្លាម(OIC)ក៏នឹងចូលរួមជំនួបនេះដែរ ហើយនឹងជួបប្រជុំជាមួយប្រធានាធិបតីរុស្ស៊ីនៅក្រៅជំនួបកំពូល៕ដោយ៖វាសនា

ប្រធានាធិតីចិន លោកស៊ី ជីនពីង កាលពីថ្ងៃពុធទី២៥កក្កដា បាននិយាយថា នឹងមិនមាន”អ្នកឈ្នះទេ” នៅក្នុងសង្រ្គាមពាណិជ្ជកម្មណាមួយ