ប្រធានាធិបតី​ចិន​សន្យា​បន្ត​កែ​ទំរង់​និង​បើកចំហ​ទីផ្សារ​ក្នុង​សុន្ទរកថា​ឆ្នាំ​ថ្មី​

496
ចែករម្លែក

​ចិន​នឹង​បន្ត​កែ​ទំរង់​ទីផ្សារ​និង​បើកចំហ​ទ្វារ​របស់ខ្លួន​ទៅកាន់​ពិភពលោក​ក្នុងការ​ប្រឈម​ស្ថានភាព​ភូមិសាស្ត្រ​នយោបាយ​ប្រជែង​មួយ ,​នេះ​ជា​អ្វីដែល​ប្រធានាធិបតី​ចិន​បាន​​សន្យា​កាលពី​ថ្ងៃ​ចន្ទ​ទី​៣១​ធ្នូ ក្នុង​សុន្ទរកថា​ឆ្នាំ​ថ្មី​របស់លោក​។​

​ស៊ី​បាន​មានប្រសាសន៍ថា នៅ​ឆ្នាំ​២០១៨ គឺ​៤០​ឆ្នាំ​ចាប់តាំងពី​ការផ្លាស់ប្តូរ​ដឹកនាំ​ធ្វើ​ដោយ​លោក​តេង ស៊ា​វ​ពីង ប្រទេស​បាន​ជំរុញ​កំណែ​ទំរង់ ជា​ប្រព័ន្ធ ជា​ប្រវត្តិសាស្ត្រ​និង​​កំណែ​ទំ​រង​បែប​ស្ថាបនា​ឡើងវិញ​របស់​បក្ស​និង​បណ្តា​ស្ថាប័នរដ្ឋ​។​

​ក្នុង​សុន្ទរកថា​ផ្សាយ​តាម​ទូរទស្សន៍​រដ្ឋ​CCTV លោក​ស៊ី​បាន​មានប្រសាសន៍ថា «​ល្បឿន​នៃ​កំណែ​ទំរង់​របស់​យើង​នឹងមិន​នៅ​ស្ងៀម និង​ទ្វារ​ចំហ​កាន់តែ​បើក​ធំ​ឡើងៗ​»​។​

​សូមបញ្ជាក់ថា​ចិន​ទើប​ប្រារព្វ​ខួប​ការផ្លាស់ប្តូរ​គោលនយោបាយ​បើកចំហ​ទីផ្សារ​ដ៏​សំខាន់​របស់ខ្លួន​ដែល​ត្រូវបាន​ព្រមព្រៀង​នៅ​អង្គប្រជុំ​បក្ស​កុំម្មុយនិស្ត​កាលពី​ថ្ងៃ​១៨ ធ្នូ​ឆ្នាំ​១៩៧៨ ក្រោម​ការដឹកនាំ​របស់​លោក​តេង ស៊ា​វ​ពីង ដែល​ត្រូវបាន​គេ​ចាត់ទុកជា​ស្ថាបនិក​នៃ​ការបើកចំហ​របស់​ប្រទេស​ទៅកាន់​ពិភពលោក​។​

​កាលពី​ថ្ងៃ​ចន្ទ លោក​ស៊ី បាន​មានប្រសាសន៍ថា ចិន​បាន​ស្វាគមន៍​«​មិត្ត​ភ័ក្តិ​ចាស់​ថ្មី​»​ជាច្រើន​មកកាន់​ប្រទេស​នេះ ដោយបាន​ទទួល​រៀបចំ​វេទិកា​អន្តរជាតិ​ជាច្រើន​នៅ​ឆ្នាំ​​នេះ​និង​«​សហការី​របស់ខ្ញុំ​និង​ខ្ញុំ​បាន​ទៅធ្វើ​ទស្សនកិច្ច​ទ្វីប​ទាំង​៥…​មានការ​ផ្លាស់ប្តូរ​ទូលំ​ទូលាយ​ជាមួយ​មេដឹកនាំ​នៃ​ប្រទេស​ផ្សេងៗ ពង្រឹង​មិត្តភាព ទំនុកចិត្ត​និង​ពង្រីក​​មិត្ត​»​។​

​ទោះជា​បាន​ទទួលស្គាល់ថា សភាពការណ៍​ពិភពលោក​ប្រែប្រួល​នៅក្រោម​លក្ខ​ខណ្ឌដ៏​តឹងតែង​បំផុត​មិន​ធ្លាប់មាន​ពីមុន​ក្នុង​រយៈពេល​១​សតវត្សរ៍​មកនេះ​ក្តី ក៏​លោក​ស៊ី​បាន​​បញ្ជាក់ថា​«​ទោះជា​សភាពការណ៍​អន្តរជាតិ​ប្រែប្រួល​យ៉ាងណា ជំនឿ​និង​ការប្តេជ្ញាចិត្ត​របស់​ចិន​ដើម្បី​ការពារ​អធិបតេយ្យភាព​និង​សន្តិសុខ​ជាតិ​នឹងមិន​ផ្លាស់ប្តូរ​ទេ​។​ភាព​​ស្មោះត្រង់​និង​សុច្ឆន្ទៈ​របស់​ចិន​ដើម្បី​រក្សា​សន្តិភាព​ពិភពលោក​និង​ជំរុញ​ការអភិវឌ្ឍន៍​រួម​នឹងមិន​ផ្លាស់ប្តូរ​ឡើយ​»​។​

​លោក​ស៊ី​ក៏បាន​សរសើរ​ការអភិវឌ្ឍ​ន៍​យ៉ាង​លឿន​នៃ​តំបន់​សេដ្ឋកិច្ច​ជាច្រើន​របស់​ប្រទេស ដូចជា​តំបន់​ទីក្រុង​ជី​ង​-​ជិន​-​ជី នៅ​ភាគ​ខាងជើង ខ្សែ​ក្រា​វាត់​សេដ្ឋកិច្ច​ទន្លេ​យ៉ាង​សេ​​នៅ​ភាគ​ខាងកើត​និង​តំបន់​មហា​ឆកសមុទ្រ​ក្វាង​ចូ​វ​-​ហុងកុង​-​ម៉ា​កាវ​។​

​គំរោង​វិស្វកម្ម វិទ្យាសាស្ត្រ​និង​យោធា​មួយចំនួន​ក៏ត្រូវ​បានសំរេច​បាន​នៅ​ឆ្នាំ​២០១៨ រួមមាន​ស្ពាន​កាត់​សមុទ្រ ក្វាង​ចូ​វ​-​ហុងកុង​-​ម៉ា​កាវ ការបាញ់​បង្ហោះ​យាន​ស្រាវជ្រាវ​ព្រះ​​ចន្ទ​Chang’e-4 ទៅកាន់​ផ្នែក​ងងឹត​នៃ​ព្រះ​ចន្ទ និង​ការសាកល្បង​នៅក្នុង​លំហ​សមុទ្រ​សំរាប់​នាវា​ផ្ទុក​យន្តហោះ​ផលិត​នៅ​ចិន​Type 001A​ ការបញ្ចេញយន្តហោះធុនធំចុះទឹកក៏ បានAG600 និងការដាក់ដំណើរការទូលំទូលាយ សេវាផ្កាយរណបសកលBeiDou ។

​លោក​ស៊ី​បាន​បន្តថា ចិន​នឹង​បន្ត​អនុវត្ត​គំរោង​«​ខ្សែក្រវាត់​មួយ ផ្លូវ​មួយ​»​នៅ​ឆ្នាំ​២០១៩ ហើយ​បន្ត​ស្ថាបនា​អង្គការ​រួមមួយ​សំរាប់​ជោគវាសនា​មនុស្សលោក​៕​ដោយ​៖​វាសនា​