ប្រធានាធិបតី​ចិន​ស៊ី ជីន​ពីង នឹងធ្វើ​ទស្សនកិច្ច​នៅ​កូរ៉េខាងជើង​នៅមុន​កិច្ចប្រជុំ​កំពូល G-20

512
ចែករម្លែក

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​១៧​មិថុនា​ថា លោក​ស៊ី ជីន​ពីង នឹងធ្វើ​ដំណើរ​ទៅកាន់​កូរ៉េខាងជើង​ជា​លើកដំបូង​ដោយ​ប្រធានាធិបតី​ចិន​ក្នុង​រយៈពេល ១៤ ឆ្នាំ​នៅ​សប្តាហ៍​នេះ​ខណៈដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​រឹតបន្តឹង​ទំនាក់ទំនង​ជាមួយ​ព្យុងយ៉ាង​ក្នុង​គ្រា​កំពុងមាន​ភាព​តានតឹង​ជាមួយ​សហរដ្ឋ​អាម៉េរិក​។​

​ទីភ្នាក់ងារសារព័ត៌មាន​ចិន​ស៊ីន​ហួ​បាន​និយាយថា​លោក​ស៊ី​នឹងធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​ព្យុងយ៉ាង​នៅ​ថ្ងៃ​ព្រហស្បតិ៍​និង​ថ្ងៃ​សុក្រ​សប្តាហ៍​នេះ​តាម​ការអញ្ជើញ​របស់​មេ​ដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន​។​

​ទស្សនកិច្ច​នៅ​គ្រា​បែបនេះ​បាន​បង្កើតជា​ចម្ងល់​នៅ​សេត​វិមាន ខណៈ​សល់​តែមួយ​សប្តាហ៍​ទៀត​ប៉ុណ្ណោះ​នឹង​ចាប់ផ្តើម​កិច្ចប្រជុំ​កំពូល G20 នៅ​ប្រទេស​ជប៉ុន កន្លែង​ដែល​ប្រធានាធិបតី​អាម៉េរិក​លោក​ដូ​ណា​ល់ ត្រាំ​រំពឹង​ជួប​ជាមួយ​លោក​ស៊ី​ដើម្បី​ពិភាក្សា​ពី​សង្គ្រាម​ពាណិជ្ជកម្ម​របស់​ពួកគេ​។​

​ក្រុមអ្នកវិភាគ​និយាយថា​ឥឡូវ​លោក​ស៊ី​អាច​ប្រើប្រាស់​ប្រទេស​កូរ៉េខាងជើង​ធ្វើជា​គំនាស់​មួយ​នៅក្នុង​ការចរចា​ជាមួយ​លោក​ត្រាំ​។​

​ចិន​និង​កូរ៉េខាងជើង​បានធ្វើការ​ប្រឹងប្រែង​ដើម្បី​កែលម្អ​ទំនាក់ទំនង​នៅក្នុង​ឆ្នាំ​កន្លងទៅនេះ​បន្ទាប់ពី​ទំនាក់ទំនង​បាន​ធ្លាក់ចុះ​នៅពេលដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​គាំទ្រ​ការដាក់ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ​ប្រឆាំងនឹង​សម្ព័ន្ធមិត្ត​សម័យ​សង្គ្រាមត្រជាក់​រប​ស់​ខ្លួន​ជុំវិញ​សកម្មភាព​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។​

​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន​បានធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ចិន​ដែលជា​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​របស់ខ្លួន​ចំនួន​បួន​ដង​ក្នុង​ឆ្នាំ​កន្លងទៅ​ដើម្បី​ជួប​ជាមួយ​លោក​ស៊ី​។​

​ប៉ុន្តែ​លោក​ស៊ី​នៅតែ​មិនទាន់​ធ្វើ​ទស្សនកិច្ច​នៅ​កូរ៉េខាងជើង​វិញ រហូតមកទល់​ឥឡូវ​។ វា​នឹង​ជា​ដំណើរ​ទស្សនកិច្ច​លើកដំបូង​នៅ​ទីនោះ​ដោយ​ប្រធានាធិបតី​ចិន​ចាប់តាំងពី​លោក​ហ៊ូ ជីន​តាវ​ទៅ​ទីនោះ​ក្នុង​ឆ្នាំ ២០០៥​។​

​ស៊ីន​ហួ​បាន​និយាយ​ដោយ​លើកឡើង​នូវ​សម្តី​មន្ត្រី​ចិន​ឈ្មោះ​សុង តាវ ដែល​ធ្វើ​សេចក្តី​សង្ខេប​ព័ត៌មាន​កាលពី​ថ្ងៃ​ចន្ទ​ថា កិច្ចប្រជុំ​រវាង​មេដឹកនាំ​ទាំងពីរ​ក្នុង​ឆ្នាំកន្លងមក បាន “​បើក​នូវ​ជំពូក​ថ្មី​សម្រាប់​ទំនាក់ទំនង​រវាង​ចិន​និង​កូរ៉េខាងជើង​”​។​

​របាយការណ៍​បាន​បន្ថែមថា​ក្នុង​ដំណើរ​ទស្សនកិច្ច​នាពេលខាងមុខ “​ភាគី​ទាំងពីរ​នឹង​ផ្លាស់ប្តូរ​ទស្សនៈ​ថែមទៀត​លើ​ស្ថានភាព​នៅ​ឧបទ្វីប​កូរ៉េ​ក្នុង​ក្តីសង្ឃឹម​នៃ​ការសម្រេចបាន​នូវ​វឌ្ឍនភាព​ក្នុងការ​លើកកម្ពស់​ការ​ដោះស្រាយ​បញ្ហានយោបាយ​”៕ ដោយ៖ កញ្ញាដាលីស

លោក​ស៊ី​នឹងធ្វើ​ដំណើរ​ទៅ​កូរ៉េខាងជើង​នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​នេះ