ប្រធានាធិបតី​ចិន​ស្នើ​ឲ្យ​ការពារ នៅពេល​បុគ្គលិក​ពេទ្យ​រាប់រយ​នាក់​បន្ថែម ​រួមទាំង​ប្រធាន​មន្ទីរពេទ្យ​ឆ្លង​កូរ៉ូណា​វីរុស​

149
ចែករម្លែក

​ប្រធានាធិបតី​ចិន​ លោក​ស៊ី ជីន​ពីង កាលពី​ថ្ងៃ​ពុធ​ទី​១៩​កុម្ភៈ ​បាន​អំពាវនាវ​ឲ្យ​ខិតខំ​ការពារ​បុគ្គលិក​ពេទ្យ​ខ្លាំង​ឡើង​ក្នុងពេល​ពួកគេ​ប្រយុទ្ធប្រឆាំង​នឹង​កូរ៉ូ​​ណា​វីរុស​បន្ទាប់ពី​ការស្លាប់​របស់​វេជ្ជបណ្ឌិត​ល្បីៗ ដែល​បង្ក​កំហឹង​ពី​សាធារណជន​។​

ប្រធានាធិបតី​ចិន​អំពាវនាវ​ឲ្យមាន​ការគាំទ្រ​វិទ្យាសាស្ត្រ​និង​ឡូ​ជី​ស្ទិក ព្រមទាំង​ចាត់ចែង​ឲ្យមាន​ពេល​សម្រាក​ដល់​ក្រុមគ្រូពេទ្យ​នៅ​ក្នុង​ខេត្ត​ហ៊ូ​ប៉ី និង​ក្រុង​វូ​ហាន ដើម្បី​ធានា​ថា​ពួកគេ​អាច​ធ្វើការ​មាន​ប្រសិទ្ធភាព​

​ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ីន​ហួរ បាន​និយាយថា លោក​ស៊ី បាន​មានប្រសាសន៍ថា ចិន​ត្រូវ​តែ​បង្កើន​កិច្ចខិតខំ​ដើម្បី​បន្ធូរបន្ថយ​សម្ពាធ​របស់​ក្រុម​គ្រូពេទ្យ ដោយ​​ផ្តល់​ឲ្យពួកគេ​នូវ​សម្ភារ​និង​ឧបករណ៍​ការពារ​ខ្លួន​ចាំបាច់ រៀប​ចំ​ពេល​សម្រាប់​ពួកគេ​សម្រាក និង​ជួយ​លើកទឹកចិត្ត​ដល់​ពួកគេ​ផង​។​

​យ៉ាងហោច​ណាស់​មាន​វេជ្ជបណ្ឌិត​៧​នាក់ រួម​ទាំង​ប្រធាន​មន្ទីរពេទ្យ​ម្នាក់​នៅ​ក្រុង​វូ​ហាន​ផង បាន​ស្លាប់​ដោយសារ​ឆ្លង​វីរុស​ឬ​កើត​ជំងឺ Covid-19 ភាគច្រើន​នៅ​​ក្នុង​ខេត្ត​ហ៊ូ​ប៉ី កន្លែង​ដែល​ក្រុមគ្រូពេទ្យ​ជួប​ការហូរ​ចូល​អ្នក​ជំងឺរាប់រយ​ទៅពាន់​នាក់​ក្នុង​មួយថ្ងៃ​។​

​ពួក​បុគ្គលិក​ពេទ្យ​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង​ថា នៅ​ដំណាក់​ដំបូងៗ បុគ្គលិក​ពេទ្យ​ខ្វះ​ម៉ាស់​វេជ្ជសាស្ត្រ​សម្រាប់​ពាក់​ការពារ និង​ខ្វះ​សម្លៀក​បំពាក់​​ការពារ ហើយ​បុគ្គលិក​ខ្លះ​ថែមទាំង​ពាក់​ម៉ាស់​និង​សម្លៀកបំពាក់​ផលិត​ដោយ​ខ្លួនឯង និង​បន្ត​ធ្វើការ​ទោះជា​ខ្លួន​ឯង​ចេញ​រោគសញ្ញា​ផ្លូវដង្ហើ​មក្តី​។​

​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ​ចិន បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ​គិត​ត្រឹម​ថ្ងៃ​១១​កុម្ភៈ បុគ្គលិក​ពេទ្យ​ជាង​៣.០០០​នាក់​អាច​ឆ្លង​កូរ៉ូណា​វីរុស ក្នុងនោះ​១.៧១៦​នាក់​បង្ហាញ​រោគសញ្ញា​និង​ត្រូវ​បាន​ធ្វើតេស្តឃើញ​វីរុស​Covid-19 ខណៈ​១.៣០០​នាក់​ទៀត​អាច​ឆ្លង ​តែ​មិនទាន់​ត្រូវបាន​ធ្វើតេស្ត​រក​រោគសញ្ញា​។​

​សូម​រំលឹក​ថា លោក​លីវ ហ្ស៊ី​មីញ នាយក​មន្ទីរពេទ្យ​Wuchang Hospital​ក្នុង​ក្រុង​វូ​ហាន បាន​ស្លាប់​កាលពី​ថ្ងៃ​អង្គារ នៅ​ពេល​ជាង​មួយ​សប្តាហ៍​ក្រោយ​ការស្លាប់​របស់​​វេជ្ជបណ្ឌិត​លី វេន​លៀង នៅក្នុង​ទីក្រុង​ដដែល​។​ពួកគេ​សុទ្ធតែ​ឆ្លង​Covid-19 ។​

​ឥឡូវ ប្រធាន​មន្ទីរពេទ្យ​ចិន​ម្នាក់​ទៀត​កំពុង​ធ្លាក់​ខ្លួន​ឈឺ​ដោយសារ​កូរ៉ូណា​វីរុស​។​របាយការណ៍​បាន​និយាយថា លោកស្រី​វេជ្ជបណ្ឌិត វ៉ាង ពីង ប្រធាន​មន្ទីរពេទ្យ​ Wuhan No. 8 Hospital​នៅ​វូ​ហាន កំពុង​ទទួល​ការព្យាបាល​នៅ​មន្ទីរពេទ្យ Jinyintan Hospital៕​ប្រែ​សម្រួល​៖​វាសនា​/Ha